ប្រជាពលរដ្ឋមួយចំនួន រស់នៅឃុំតាពូង នៃស្រុកថ្មគោល បានលើកឡើងថា ការទប់ស្កាត់ ការរុករានតំបន់ព្រៃលិចទឹក ហាក់ដូចជាមិនទាន់ប្រសិទ្ធិភាពនៅឡើយ។ កន្លងមកពលរដ្ឋខ្លះទៀត ចោទមន្ត្រីជលផលថា បានបើកដៃឲ្យមានការរានព្រៃកាយភ្លឺស្រែដោយគ្រឿងចក្រ នៅតំបន់២ និង តំបន់៣ប៉ះពាល់ព្រៃលិចទឹកសេសសល់។
លោក ពេជ្រ សុខា អាយុ ៥២ឆ្នាំ រស់នៅ ឃុំ តាពូង បានប្រាប់ថា បច្ចុប្បន្នព្រៃលិចទឹក នៅតំបន់២ និងតំបន់៣ រងផលប៉ះពាល់ច្រើន ដោយមូលហេតុមួយ ក្នុងមូលហេតុជាច្រើន គឺការកាប់រានព្រៃ យកដីអាស្រ័យផលស្រែ។
ចំណែក លោក ម៉ាប់ រស់នៅ ភូមិទំពូង ឃុំ តាពូង បានរៀបរាប់ថា៖ ការទប់ស្កាត់ការ រានព្រៃលិចទឹកហាក់មិនមានប្រសិទ្ធិភាព និងពិបាកនឹងទប់ស្កាត់ ជាពិសេសបង្ក្រាបប៉ះចំអ្នកមាន អំណាច។
លោក ម៉ាប់ បន្តទៀតថា កន្លងមកបញ្ហាដែលរងផលប៉ះពាល់ដល់ព្រៃលិចទឹក នៅតំបន់២ និង តំបន់៣ក្នុងមូលដ្ឋានឃុំតាពូង ភាគច្រើនគឺការរានព្រៃកាយភ្លឺស្រែ និងយកដីអាស្រ័យផល។
ទាក់ទងបញ្ហានេះកន្លងទៅ អាជ្ញាធរខេត្តបាត់ដំបងពានលើកឡើងថា គឺអោយមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យការកាប់ទន្ទ្រាន យកដីលិចទឹកក្នុងតំបន់៣ ។ ម្យ៉ាងវិញទៀត ប្រសិនបើរកឃើញដូច្នោះមែន ត្រូវដកហូតយកដីមកវិញ ។
អត្ថបទ៖ ហ៊ាន វាសនា