ដំណាំទៀបជាង២០០០ដើម ត្រូវបានគេដាំដុះលើផ្ទៃដីជាង៣ហិតា នៅលើទីទូលមិនរាបស្មើ ពេញដោយទៅផ្លែររយីងរយោងតាមចង្កេះភ្នំ នៅតំបន់ឆ្អោងក្នុង. ក្នុងភូមិសាស្រ្ដនៃស្រុកសំឡូត ។
កំពុងឈរបេៈផ្លែទៀប ក្នុងចម្ការ លោក រ៉ាន់ រួន អាយុ៣៥ឆ្នាំ ជាម្ចាស់ចម្ការនៅតំបន់ឆ្អោងក្នុង ភូមិទួលពោធិ៍ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រាប់ថា៖ ដោយល់ឃើញថាមានទីផ្សារល្អ ប្រជាជនចូលចិត្តនិយមទទួលទានច្រើន និងតំបន់លោកគ្មានអ្នកដាំផងនោះ លោកបានដាំដំណាំទៀបស្វិតនេះ មានរយៈ៨ឆ្នាំមកហើយ ។
ម្ចាស់ចម្ការរូបនេះបន្ថែមថា៖ ចំពោះការដាំទៀបស្វិតមានលក្ខណៈងាយស្រួលដោយដាំមិនប្រីថ្នាំនិងជីនោះទេ។ ដីនៅតំបន់ឆ្អោងក្នុងនេះមានជីជាតិនិងអត់មានដង្កូវស៊ីស្លឹកនោះទេ ។ លោកបានបន្ថែមថា ចំពោះការថែទាំ ដោយគ្រាន់តែចងថង់ការពារដង្កូវចោះផ្លែនិងមើលទៅលើផ្លែកាលណាមានផ្លែច្រើនពេកត្រូវបេះចោលខ្លះព្រោះដាំជាលក្ខណៈធម្មជាតិអត់មានអ្វីជំនួយទេ ដូច្នេះផ្លែច្រើនពេកបណ្ដាលឲ្យងាប់ដើម។
លោកបានបន្តថា៖ ទៀបស្វិតរបស់លោកដែលបានដាំលើផ្ទៃដី៣ហិតា និងមានចំនួនជាង២០០០ដើម ប្រមូលផលបាន៧ដង ការប្រមូលផលមានការប្រែប្រួលទៅតាមឆ្នាំដោយឆ្នាំមុនៗបាន៦ទៅ៧តោន តែសម្រាប់ឆ្នាំនេះប្រមូលបានប្រហែល១០តោន ដោយសារពីមួយឆ្នាំទៅមួយឆ្នាំដើមកាន់តែធំផ្លែកាន់ច្រើន ហើយការប្រមូលផលដំបូងប្រើរយៈពេល១ឆ្នាំជាងបានបន្តិចបន្តួចលុះដល់២ឆ្នាំបានពេញលេញទើបប្រមូលបានច្រើន។ ឥឡូវនេះផ្លែទៀបកំពុងតែផ្លែក្នុង១រដូវមានរយៈពេលមួយខែជាងអាចប្រមូលផលបានដោយមានជួលកម្មករបេះចំនួន២នាក់ ។
ម្ចាស់ចម្ការរូបនេះ បានបន្ដលើកឡើងថា៖បច្ចុប្បន្ននេះប្រមូលបាន២០%ទៅ៣០% បានចំនួន៣តោន ចំពោះទីផ្សារវិញថ្ងៃខ្លះក៏ដាក់ទាន់ឱ្យម៉ូយ ថ្ងៃខ្លះក៏មិនទាន់ ។ សម្រាប់ឆ្នាំនេះទៀបស្វិត មានតម្លៃល្អអាចបាន១គីឡូ ៥៥០០៛ទៅ៦០០០៛សម្រាប់ការបោះដុំ ។ ម៉្យាងទៀតមានភ្ញៀវកុម្ម៉ង់ពីរាជធានីភ្នំពេញខេត្តបាត់ដំបងនិងខេត្តមួយផ្សេងទៀត ដែលនៅឆ្ងាយក៏បានកម្ម៉ង់ តែមិនអាចផ្ញើទៅបានពីព្រោះផ្លែទៀបឆាប់ទុំពេកបណ្ដាលឲ្យខូច។
លើសពីនេះលោកបានសង្កត់ធ្ងន់ថា : ដោយសារទីផ្សារទៀបឆ្នាំនេះមានតម្លៃល្អក្នុង១រដូវកាល លោកអាចរកចំណូលបានចន្លោះពី៦០០០ដុល្លារទៅដល់៧០០០ដុល្លារ។
ម្ចាស់ចម្ការខាងលើ បានសូមសំណូមពរទៅដល់បងប្អូនទាំងអស់សូមឱ្យមានការគាំទ្រផលិតផលរបស់ខ្មែរយើងព្រោះទៀបស្វិតនេះជារបស់ខ្មែរតាំងពីដូនតាមកមិនមែនទើបតែមានទេ ។ ដូច្នេះហើយ ប្រជាកសិករ អ្នកមានដីទំនេរ អាចសាកល្បងដាំដំណាំហូបផ្លែនេះបានព្រោះ ដំណាំទៀបមិនពិបាកក្នុងការថែទាំ មិនរើសប្រភេទដី និងមានតម្រូវការទីផ្សារល្អជាដើម ៕
អត្ថបទ៖ ឈឿន ថៃកឿ