ឆមាសទី 1 កន្លងទៅនេះ កម្ពុជាទទួលបាន ភ្ញៀវអន្តរជាតិជាង ដប់ម៉ឺននាក់

Mot Voyho, [11.08.21 16:43]

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឆមាសទី 1 ឆ្នាំ 2021 នេះ កម្ពុជាទទួលបាន ភ្ញៀវអន្តរជាតិជាង 10 ម៉ឺននាក់ ថយចុះ 91,3% នៅពេលពលរដ្ឋកម្ពុជា ចេញទៅក្រៅប្រទេស មានជាង 1 ម៉ឺននាក់ ថយចុះ 96,6% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ 2020។

របាយការណ៍ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 នេះ បានបញ្ជាក់ថា ភ្ញៀវអន្តរជាតិ ដែលមកកម្ពុជា មានតាមផ្លូវអាកាស 46,249 នាក់ តាមផ្លូវគោក 56,309 នាក់ នឹងមកតាមផ្លូវទឹក មានតែពីរនាក់ប៉ុណ្ណោះ។ ដោយឡែកភ្ញៀវទេសចរ ផ្ទៃក្នុង នៅឆមាសទី 1 ឆ្នាំ 2021 គឺមានចំនួនសរុប ជិតពីរលាន ថយចុះ 37,3% ប្រៀបធៀបរយៈពេល ដូចគ្នាឆ្នាំ 2020។ ចំណែកឯកទេសចរណ៍បរទេស ផ្ទៃក្នុងមានចំនួន សរុបជាង 14 ម៉ឺននាក់។

ឯកឧត្តម អាំងសុវណ្ណរ័ត្ន នាយកកម្មវិធីពង្រឹង សមត្ថភាពពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍ បានឲ្យដឹងថា ក្រសួងទេសចរណ៍ ក្រោមកិច្ចទទួលបានជំនួយ ហិរញ្ញប្បទាន ពីភ្នាក់ងារអភិវឌ្ឍន៍បារាំង បាននិងកំពុងរៀបចំយុទ្ធសាស្ត្រ ទាក់ទាញទេសចរឡើងវិញ តាមរយៈផ្សព្វផ្សាយ ពីម្ហូបអាហារខ្មែរ ផ្សារភ្ជាប់សក្តានុពល នៃគោលដៅទេសចរណ៍ ក្នុងគោលបំណងជំរុញ ការងើបឡើងវិញ នៃសកម្មភាពទេសចរណ៍ ក្នុងស្រុកក៏ដូចជា ត្រៀមទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ នៅពេលខាងមុខ។ សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ កំពុងជំរុញលទ្ធភាព ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវិត 19 រួចហើយ ឲ្យបាននៅត្រឹម ត្រីមាសទី 4 ខាងមុខ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍ របស់កម្ពុជាឡើង បន្ទាប់ពីធ្លាក់ចុះដល់ 80 ភាគរយ ដោយបាត់បង់ចំណូលជាង 3 ពាន់លាន ដុល្លារ កាលពីឆ្នាំ 2020។ រាជរដ្ឋាភិបាលរំពឹងថា វិស័យទេសចរណ៍របស់កម្ពុជា នឹងងើបឡើង ជាមួយនឹងការទទួលបាន ភ្ញៀវទេសចរក្នុងស្រុក ប្រមាណ 11 លាននាក់ នៅឆ្នាំ 2023 និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ 7 លាននាក់ នៅឆ្នាំ 2025៕ ប្រភព វិទ្យុជាតិ កម្ពុជា