ថៃ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ ថែម​៨៩​នាក់​ទៀត តួលេខ​សរុប​៤១១​នាក់​

​បើតាម សារព័ត៌មាន CNN នា​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មីនា នេះ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​៨៩​នាក់​ថែមទៀត ដែឡ​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​កើនឡើង​៤១១​នាក់ ។ នេះ​កត់សំគាល់ថា​ជា​អត្រា ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

​លោក តា​វី​ស៊ីន វិស្ណុ​យោធិន (Taweesin Wisanuyothin) អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ថៃ បានបញ្ជាក់​ថា ករណី​ថ្មី​ទាំងអស់​ខាងលើ សុទ្ធតែ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​មុនៗ រួម​មាន​ការ​ទស្សនា​កីឡា​ប្រដាល់ ការជួបជុំ​នៅ​កន្លែង​កម្សាន្ត​មួយកន្លែង និង​ការចូលរួម​ពិធី​ជួបជុំ​សាសនា​ទ្រង់ទ្រាយ​ធំ​មួយ នៅក្នុង ប្រទេស​ម៉ាឡេស៊ី​។​

CNN ផ្សាយ​បន្ត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង COVID-19 ទាំង​៤១១​នាក់​នៅ​ថៃ មាន​៣៦៦​នាក់ កំពុង​បន្ត​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ ៤៤​នាក់​បាន​ចាក ចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ និង​ម្នាក់​បាន​បាត់បង់​ជីវិត​។

​បច្ចុប្បន្ន ប្រទេស​ថៃ កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​ជំងឺ​នេះ តាមរយៈ​ការបិទ​កន្លែង និង​ព្រឹត្តិការណ៍ ដែល​មាន​មនុស្សម្នា​ប្រមូលផ្តុំ​គ្នា នៅក្នុង​ប្រទេស ព្រមទាំង​ការចាត់វិធានការ​រឹតបន្តឹង​លើ ការចូល​មក​ក្នុង ប្រទេស​ខ្លួន​។ ច្រក​ព្រំដែន​អន្តរជាតិ​ជាមួយ​កម្ពុជា​ក៏​ត្រូវបាន​បិទ​ជា​បន្តបន្ទាប់ ផងដែរ ៕

​អត្ថបទ ភី សុខ