ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ថា​ពលករ​ខ្មែរ​ធ្វើការ​នៅ​តំបន់ ​០៤១​ ពុំមាន​ផ្ទុកមេរោគ​ Covid-19 ​ទេ​

​បាត់ដំបង ៖ យោងតាម​គណនី​ផេ​ក​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េ​ជ្រាបថា ករណី​ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​នៅ ​តំបន់​០៤១ ដែល​ត្រូវបាន​ព័ត៌មាន​និង​មតិ​មួយចំនួន​សង្ស័យថា​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា Covid-19​។ ប៉ុន្តែ​ក្រោយពី​ក្រុមគ្រូពេទ្យ​ជំនាញ​ពិនិត្យ​រួចរាល់​មក បញ្ជាក់ថា​ពលករ​ខាងលើនេះ​មិនមាន​ផ្ទុក​នូវ​មេរោគ​កូ​រ៉ូ​ណា​ទេ ហើយ​មកដល់ពេលនេះ​ក៏​មិនទាន់មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នា​ក់មាន​ផ្ទុក​នូវ​មេរោគ​នេះដែរ​។​

​សូម​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ទាំងអស់ ប្រកប​របរ​ទទួលទាន និង​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ជាធម្មតា​តាម​ការកំណត់​របស់​រោង​ចក្រ សហគ្រាស កសិដ្ឋាន គ្រឹះស្ថានសិក្សា ឬ​ស្ថាប័ន​ផ្សេងៗ និង​ធ្វើតាម​ការណែនាំ​ពី​វិធី​ការពារ​របស់​អាជ្ញាធរ​កូរ៉េ និង​ជាពិសេស​កុំ​ជឿ​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម​ខ្លះ​ដែលមាន​លក្ខណៈ​បំ​ផិត​បំភ័យ​ខុសពី​ការពិត​ជាក់ស្តែង​។​

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​មាន​ផ្សព្វផ្សាយ​វីដេអូ​មួយ​តាម​បណ្តាញ​សង្គម​ថា​មាន​ពលករ​ខ្មែរ​ម្នា​ក់នៅ​តំបន់​០៤១​ប្រទេស​កូរ៉េ សង្ស័យថា​បាន​ឆ្លង​មេរោគ ​Covid-19 ។​ព័ត៌មាន​នេះ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល តែ​ទោះបីយ៉ាងណា ព័ត៌មាន​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ បន្ទាប់ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េ បញ្ជាក់ថា​ពលករ​នៅ​តំបន់​០៤១​នោះ ពុំមាន​ឆ្លង​មេរោគ​ Covid-19 ​នោះទេ ។​

អត្ថបទ​៖ លោក ភី សុខ​