ស​ម្ពោ​ធី ការតាំងពិព័រណ៍ ផលិតផល​ខ្មែរ និង​ផលិតផល ប្រើប្រាស់​ទូទៅ​ក្នុងស្រុក ខេត្ត​បាត់ដំបង

ក្នុង​ពិធី​ស​ម្ពោ​ធ ការតាំងពិព័រណ៍ ផលិតផល​ខ្មែរ និង​ ផលិតផល ប្រើប្រាស់​ទូទៅ​ក្នុងស្រុក ខេត្ត​បាត់ដំបង នៅ​សួន​ផ្លូវភ្លោះ​ដើម​ពោ​ធី កាលពី​រសៀល ថ្ងៃទី ​៤ ​ខែកក្កដា កន្លងទៅនេះ លោក​ប្រធាន​ទីផ្សារ និង​ ស្តង់ដារ​នៃ អគ្គលេខាធិការដ្ឋាន ភូមិ​មួយ​ផលិតផល​មួយ បាន​ឲ្យ​ដឹងថា នៅក្នុង​កម្មវិធី នាពេលនេះ យើង​មាន​ស្តង់​ចូលរួម ១៥០ ​ស្តង់ ​ក្នុងនោះ មាន​ផលិតផល​ខ្មែរ ៥០​ ស្តង់ ដែល​មកពី​បណ្តា មន្ទីរ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ហើយ​ក៏មាន​ស្តង់​ ជាសមាជិក​ភូមិ​មួយ ផលិតផល​មួយ ចូលរួម​ដែលមាន ផលិតផល ដូចជា ណែម ម្រេច ទុរេន ក្រូច ក្រមារ​ខ្មែរ អាវ​ខ្មែរ ស្បែកជើង​ខ្មែរ និង​ ផលិតផល​ជាច្រើន​មុខ​ទៀត​។

លោក អ៊ុយ​ សុធាវី អភិបាលរង ​នៃគណៈ​អភិបាលខេត្ត​បប បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​បាត់ដំបង មានសង្ឃឹម​យ៉ាងមុតមាំ​ថា ការតាំងពិព័រណ៍ រយៈពេល ​៥ ​ថ្ងៃនេះ ពិតជា​ទាក់ទាញ បាន​នូវ​ការគាំទ្រ ផលិតផល​ខ្មែរ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ជនបរទេស យ៉ាងពិត​ប្រាកដ ព្រោះថា​ផលិតផល​ខ្មែរ សព្វថ្ងៃនេះ​បាន​ និង កំពុងពង្រឹងពង្រីក ទាំង​គុណភាព ទាំង​រចនាសម្ព័ន្ធ វេច​ខ្ចប់​ប្រកបដោយ សោភ័ណភាព ទាក់ទាញ​ការចាប់អារម្មណ៍ ពី​អ្នកទិញ ​និង អ្នកប្រើប្រាស់​។

ឯកឧត្តម ផល​ សុជាតិ អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ ជម្រុញ​ចលនា ភូម​មួយ​ផលិតផល​មួយ បាន​បញ្ជាក់ថា នេះ​ជា​ពិព័រណ៍ លើក​ទី​១ ​ដែលអគ្គលេខាធិការដ្ឋាន ភូមិ​មួយផលិតផល​មួយ បាន​សហការ​ជា​មួយ គណៈកម្មាធិការ ជម្រុញ​ភូមិ​មួយ​ផលិតផល​មួយ ខេត្ត​បាត់ដំបង​នាពេលនេះ ក្នុង​គោលដៅ ស្វែងរក​ទីផ្សារ សម្រាប់​ផលិតផល​ខ្មែរ និង​ លើក​កំពស់ ការប្រើប្រាស់ ផលិតផល​ក្នុងស្រុក​របស់​យើង ​។ ​ព្រម​ជា​មួយនេះ​ផងដែរ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ខេត្ត​បាត់ដំបង ​ជា​ខេត្ត​មួយ មាន​សក្តានុពល ទាំង​វិស័យ​ទេសចរណ៍ កសិកម្ម ដែលមាន​ដំណាំ កសិកម្ម កសិឧស្សាហកម្ម ដូចជា​ស្រូវ ក្រូចពោធិ៍សាត់ ទុរេន និង ​ដំឡូង​មី​ជាដើម ពិតជា​បាន​ជួយ ជម្រុញ​ការ​អ​ផិ​វ​ឌ្ព្ប​ន៍ សេដ្ឋកិច្ចជាតិ ក្នុង​ខេត្ត​របស់​យើង ពិសេស​ជីវភាព​រស់ របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​សំបូរ​ធូ​ធារ មួយ​កម្រិត​ថែមទៀត ជាក់​ជាពុំខាន​ឡើយ​៕

អត្ថបទ៖ លោក ម៉ូត វោយហូ