អភិបាលរង​ខេត្តបាត់ដំបង​ជំរុញ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ខិតខំ​បំពេញការងារ​ឲ្យ​មាន​ប្រសិទ្ធភាព នៅពេល​ផ្ទេរ​ការគ្រប់គ្រង​ថ្មី

​នៅក្នុង​ឪ​កាស​នៃ​ពិធី​នៃ​ការដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ឯក​ភ្នំ ក្រោម​វត្តមានចូល​រួម​ពី      ​ឯកឧត្តម ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង តំណាង ​ឯកឧត្តម ងួន រតនៈ​ អភិបាលខេត្ត​បាត់ដំបង​ព្រមទាំង មន្ដ្រីរាជកា​រពាក់​ព​ន្ធ័ កង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ អភិបាល អភិបាលរង​ស្រុក លោកគ្រូ អ្នកគ្រ បាន​ចូលរួម​ប្រមាណ​ជាង​ ៥០៣​ នាក់ ។ ការដាក់​ឲ្យ​ដំណើរការ​នេះ​ប្រព្រឹត្តទៅ​កាលពី​រសៀល ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅ​បរិវេន​សាលាស្រុក​ឯក​ភ្នំ ។

លោក ម៉ិ​ល សុផល អភិបាល​នៃ​គណៈ​អភិបាលស្រុក​ឯក​ភ្នំ បាន​រាយការណ៍​៖​អំពី​ស្ថានភាព​ភូមិសាស្ដ្រ សភា​ការ​ការណ៍​សន្ដិសុខ សណ្ដាប់​ធ្លាប់ សង្គម ការងាររដ្ឋបាល​ការគ្រប់គ្រង​រដ្ឋបាល​ស្រុក​ជាដើម ។

បន្ទាប់ពី​របាយការណ៍​សង្ខេប របស់ លោក​អភិបាល រួចហើយនោះ លោក ថង ឈិន​សុភា នាយករង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស នៃ​សាលាខេត្តបាត់ដំបង បាន​អាន​សេចក្ដីសម្រេច​ស្ដីពី ការធ្វើសមាហរណកម្ម​បុគ្គលិក និង ការរៀបចំ​មុខតំណែង​គ្រប់គ្រង នៅក្នុង​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ស្រុក​ឯក​ភ្នំ នៃ​ខេត្តបាត់ដំបង ។

ឯកឧត្តម ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត សូម​សំណើរ​រដ្ឋបាល​ស្រុក​ដែល​ទទួលបាន​ការផ្ទេរ​ការគ្រប់គ្រង​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវយក​ចិត្ត​ដាក់​បំរើ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បានល្អ​ប្រសើរ​ និង ​មានការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា ។

ឯកឧត្តម​បាន​មានប្រសាសន៍​បន្ដថាៈ មានតែ​ខេត្តបាត់ដំបង​តែមួយ​ទេ ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចាប់ផ្ដើម​សាកល្បង​គឺ​ការផ្ទេរ​មុខងារ​ពី​ការិយាល័យ​បឋមសិក្សា ការិយាល័យ អប់រំ​កុមារ​តូច និង​ការិយាល័យ​អប់រំ​ក្រៅ​ប្រព​ន្ធ័​មក​ឲ្យ​រដ្ឋបាល​ស្រុក​គ្រប់គ្រង ដូច្នេះ​ភាពជោគជ័យ​ឬ​មិន​ជោគជ័យ គឺ​ផ្ដើមចេញពី​ពេលនេះ​ហើយ​។​

ឯកឧត្តម​បាន​បន្ដថា​៖ ដើម្បី​ធានា​ឲ្យ​កិច្ចកា​ងារ​នេះ​ប្រព្រឹត្តទៅ​បានល្អ អភិបាលស្រុក ត្រូវ​កោះប្រជុំ​ប្រធាន​ឬ​អនុប្រធាន​ការិយាល័យ និង​អង្គភាព​នានា​ជុំវិញ​ស្រុក​របស់ខ្លួន ដើម្បី​ណែនាំ​ដល់​ប្រធាន អនុប្រធាន​ការិយាល័យ​ទាំងនោះ​ដោយ​អនុវត្ត​តាមបែប​បទនី​តិ​វិធី​កិច្ចការរដ្ឋបាល ទៅតាម​សៀវភៅ ស្ដីពី​រាជធានី​ខេត្ត ទទឹម​និង​នេះដែរ រាល់​ការទំនាក់ទំនង​លិខិតស្នាម​រដ្ឋបាល​ពី​រាជធានី​ខេត្ត ឬ​មន្ទីរ​អង្គភាព​ជំនាញ់​ខេត្ត ត្រូវ​ទំនាក់ទំនង​ផ្ទាល់ ទៅដល់​រដ្ឋបាល​ស្រុក ។

អភិបាលស្រុក​ត្រូវ​រៀបចំ​ស​ម្រួ​ប​សម្រួល​កន្លែង​បំពេញការងារ​របស់​ម​ន្ដ្រី​និង​ការិយាល័យ​នានា​ដែល​ចំណុះ​ឲ្យ​ស្រុក​នៃ​រចនាសម្ព័ន្ធ​ថ្មី​ឲ្យ​បាន​សមស្រប និង​មាន​លក្ខណៈ​ជិតៗ​គ្នា​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទំនាក់ទំនង​ការងារ​ងាយស្រួល​និង​ផ្ដល់​សេវា​ប្រស្រ័យ​ទាក់ទង​និង​ប្រជាពលរដ្ឋ និង​ដោះស្រាយ​កិច្ចការ​នានា​ឲ្យ​បាន​ឆាប់រហ័ស ជូន​ប្រជាពលរដ្ឋ ។​

ក្រសួងមហាផ្ទៃ​បាន​ផ្ទេរ មន្ដ្រី​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ ជាង ​៦០០០​នាក់ មកជា​មន្ដ្រី​បុគ្គលិក​នៅ​ថ្នាក់ក្រោម​ជាតិ ដោយឡែក​រដ្ឋបាល​ស្រុក​ឯក​ភ្នំ មាន​ចំនួន​មន្ដ្រី​ចំនួន​ ២៨​នាក់ និង​មន្ដ្រី​ត្រូវធ្វើ​សមាហរណកម្ម មកពី​ការិយាល័យ​ជំនាញ់​នៃ​ក្រសួង​ស្ថាប័ន​នានា​ដែល​ស្ថិតនៅ​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ស្រុក​ឯក​ភ្នំ​សរុប​ចំនួន ៥០៣​នាក់​។ អាស្រ័យហេតុនេះ លោក​ក៏បាន​ស្នើ​ឲ្យ រដ្ឋបាល​ស្រុក​ឯក​ភ្នំ​បន្ដ​ដឹកនាំ​គ្រប់គ្រង និង​ចាត់ចែង​ប្រើប្រាស់ មន្ដ្រី​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​រៀបរប​ស់​ចំ​អង្គការ ជាដើម​។​

អត្ថបទ​៖ ឈឿន​ថៃ​កឿ​