អភិបាលរង​ខេត្ត ជំរុញ​ដល់​មន្ត្រី​សុខាភិបាល បន្ត​អនុវត្ត​យន្តការ​គន្លឹះ​រួមគ្នា​ ​លើ​ការលុបបំបាត់ ឱសថ​ក្លែងក្លាយ និង សេវា​សុខាភិបាល​ខុសច្បាប់​នៅ​ ​ខេត្តបាត់ដំបង​

​លោកជំទាវ​អភិបាលរង​ខេត្តបាត់ដំបង ញឹក សា​គន្ធ បាន​ជំរុញ​ដល់​មន្ត្រី​សុខាភិបាល បន្ត​អនុវត្ត​យន្តការ​គន្លឹះ​រួមគ្នា​លើ​ការលុបបំបាត់ ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​នៅ​ខេត្តបាត់ដំបង នៅក្នុង​ពិធី​បើក សន្និបាត​បូកសរុប​ការងារ សុខាភិបាល​ខេត្តបាត់ដំបង ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​២០១៩ នា​ថ្ងៃទី​២៦ ខែ​មិនា នេះ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត ។ ដើម្បី​វឌ្ឍនភាព និង​ មានការទទួលខុសត្រូវ​ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ​កាន់តែ​មាន​ប្រសិទ្ធិភាព​នោះ ក្នុងនាម​រដ្ឋបាលខេត្ត​លោកជំទាវ​បាន​ជំរុញ​ឲ្យ​មានការ​បង្កើន​សមត្ថភាព​ដឹកនាំ​និង​គ្រប់គ្រង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព ព្រមទាំង​ការ​សម្រប សម្រួល​លើ​ដំណើរ ការផ្ដល់សេវា ប្រកបដោយ សមធម៌ គុណភាព សុវត្ថិភាព និង​ប្រសិទ្ធិភាព ដើម្បី​តម្រង់​ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​សុខភាព​របស់ ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នករស់នៅ​តំបន់​ជនបទ ដាច់ស្រយាល​អាច​ទទួល​សេវា សុខភាព​បាន​សមស្រប ។ ការ បង្កើន​ទំនាក់ទំនង​ល្អ​រវាង​គ្រូពេទ្យ និង​អ្នក​ជម្ងឺ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​មួយកម្រិត ទៀត​ដើម្បី​ទទួលបាន នូវ​ទំនុកចិត្ត និង​ការជឿជាក់​ពី​សំណាក់ ប្រជាពលរដ្ឋ​មកលើ​សេវា​សុខាភិបាល​សាធារណៈ ជៀសវាង​ការប្រើប្រាស់​សេវា សុខភាព​ក្រៅប្រទេស​ដែល​មិន ចាំបាច់ ។​

លោកជំទាវ បាន បន្តទៀត ត្រូវ​ចេះ​ទទួលយក​ការកែលម្អ​និង​ទទួលយក​ការរិះគន់ ពី​គ្រប់​មជ្ឈដ្ឋាន​នានា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការអភិវឌ្ឍ ស្ថាប័ន ស្របតាម​យុទ្ធសាស្ដ្រ​ក្នុងការ​លើកកម្ពស់​គុណ​ភាព​សេវា សុខាភិបាល ។ ជំរុញ​លើកទឹកចិត្ត ឲ្យ​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​អាជ្ញាធរខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូរ​អភិវឌ្ឍ ទាំងអស់ នៅក្នុង​បុព្វហេតុ​រួម​នៃ​ការពង្រឹង​ប្រព័ន្ធ​នៃ​ការថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ ។ ការពង្រឹង​ការ​គ្របដណ្ដប់​នៃ​សេវា សុខភាព សំខាន់ ៗ​និង​ពង្រឹង​អន្តរាគមន៍ សុខភាព​សាធារណៈ ដោយ​ផ្សារភ្ជាប់​យ៉ាង​ជិតស្និត​ទៅនឹង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ឲ្យ​ដំណើរការ​មុខ​ចម្បងៗ ជាពិសេស​មុខងារ​ផ្ដល់​សេវា ដូចជា សេវា​អប់រំ​សុខភាព​និង សុខុមាលភាព​ប្រជាជន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ។

យើងទាំងអស់គ្នា​ដឹង​ហើយ​ថា សុខ​ភាពល្អ​មាំមួន និង​ផ្ដល់ឱកាស​ដល់​ប្រជាជន​គ្រប់រូប​ក្នុងការ​រៀនសូត្រ ប្រកបមុខរបរ​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​គ្រួសារ ដែលជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ។ ចំណុច​សំខាន់​គឺ​ត្រូវ​ស្វែងយល់​និង​កំណត់ ឲ្យ​បាន នូវ​យន្តការ​គន្លឹះ​សម្រាប់​ការអនុវត្ត​រួមគ្នា​លើ​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ ក៏ដូចជា​ការ ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ និង​ផ្លាស់ប្ដូរ​មតិយោបល់ ឈរលើ​មូលដ្ឋាន​បទពិសោធន៍​ដែល​បាន​អនុវត្ត​កន្លងមក​នៅតាម​បណ្ដា​មូលដ្ឋាន​សុខាភិបាល​ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ ៕​

អត្ថបទ៖ លោក សួស សុភ័ក្រ