ក្រសួង​អប់រំ​ណែនាំ អោយ​មានការ​វ៉ាស់​កំដៅ​សិស្ស​និង​បុគ្គលិក​អប់រំ​ប្រចាំថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ ងឺ​COVID-19

​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ ជួនណា​រ៉ុ​ន បានធ្វើ​ការណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន អោយធ្វើ​ការ ពិនិត្យ លទ្ធភាព​រៀបចំ​ឧបករណ៍​វាស់​កម្ដៅ​ដល់​អ្នកសិក្សា និង​បុគ្គលិក​អប់រំ​នៅ​ច្រកទ្វារ​ចូល និង​នៅ​ទីចាត់ការ​រៀងរាល់ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​វិធានការ​នេះ​មិន​ត្រឹមតែ​ទប់ស្កាត់ ​COVID-19 ដែល​កំពុងតែ​រាតត្បាត​យ៉ាងខ្លាំង​នៅក្នុង​ពិភពលោក​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​វិធានការ​មួយ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ​ផ្ដាសាយ​ជ្រូក​និង​ផ្តាសាយ​បក្សី ដែល​កំពុង​ផ្ទុះ​ឡើងវិញ​នៅ​ទ្វីបអាស៊ី​។​

​វិធានការ​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តីណែនាំ​មួយ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​០៥​មីនា ដែលមាន​ខ្លឹមសារ​បន្ថែមថា ក្នុងករណី​សិស្ស​ឬ​បុគ្គលិក​អប់រំ​មាន​កម្តៅ​លើសពី​៣៨​អង្សា ត្រូវ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក និង​សួរនាំ​ពី​រោគសញ្ញា​សង្ស័យ​ដូចជា​ក្អក កណ្ដាស់ ហៀរ​សំបោរ ឈឺបំពង់ក ឈឺក្បាល ពិបាក​ដកដង្ហើម រាក​ឬ​ក្អួត ឬ​ណែនាំ​ឲ្យ​ទៅ​ទទួល​សេវា​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​។​

​បន្ថែម​ពី​នោះ គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ទាំងអស់​ត្រូវ​ពង្រឹង​សណ្ដាប់ធ្នាប់​ចេញចូល​ក្នុង​សាលា ដោយ​មិនត្រូវ​ឲ្យ​ជន​គ្មាន​ភារកិច្ច​ចេញចូល​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែម​ក្នុង​សេចក្តីជូនដំណឹង​នោះ​ថា ត្រូវ​លើកទឹកចិត្ត​ឲ្យ​អ្នកសិក្សា​និង​បុគ្គលិក​អប់រំ យក​ទឹកស្អាត​ពី​ផ្ទះ​រៀងៗ​ខ្លួន និង ត្រូវ​ឲ្យ​មាន​ទឹកស្អាត​និង​សាប៊ូ​លាងដៃ​ជាប្រចាំ​នៅ​ជិត​បន្ទប់រៀន បន្ទប់ទឹក​និង​បង្គន់​អនាម័យ​ព្រមទាំង​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​ពី​វិធានការ​អនាម័យ​ដល់​អ្នកសិក្សា​និង​បុគ្គលិក​អប់រំ​ឲ្យ​មានការ​យល់ដឹង​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺឆ្លង​ផ្សេងៗ​ពិសេស​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​វីរុស​កូ​វីដ​១៩​នេះ​។​

​សិស្ស​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​បាន​ញឹកញាប់​យ៉ាងតិច ២​លីត្រ​ក្នុង​មួយថ្ងៃ ទទួលទាន​អាហារ​យ៉ាងតិច​៣ ពេល​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ ធ្វើ​លំ​ហាត់ប្រាណ ៣០ នាទី​ឲ្យ​បាន​ទៀងទាត់​យ៉ាងតិច ​៣​ ទៅ​ ៥​ថ្ងៃ​ ក្នុង​មួយ​សប្តាហ៍ អនុវត្ត​វិធានការ​អនាម័យ​ជាប់​ជាប្រចាំ​។​

​ត្រូវ​លាង​សំអាត​ដៃ​ជាមួយ​ទឹកស្អាត​និង​សាប៊ូ​ឱ្យបាន​ញឹកញាប់​ពិសេស​មុន​ចាប់​កាន់​ចំណីអាហារ​ទទួលទាន​ឬ​ក្រោយ​ចេញពី​បង្គន់​អនាម័យ ចៀសវាង​ការយក​ដៃ​ប៉ះ​ភ្នែក​មាត់​ច្រមុះ​ជៀសវាង​ការ​ពិសា​បារី​និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។​

​បន្ថែម​ពីលើ​នោះ បើ​មិនចាំបាច់​កុំទៅ​ទីប្រជុំជន​ដែលមាន​មនុស្ស​ច្រើន ករណី​ចាំបាច់​ត្រូវ​ពាក់​ម៉ាស​ឬ​ក្រមា​គ្រប់​លើ​មាត់​និង​ច្រមុះ​សម្រាប់​បង្ការ​ពី​ការឆ្លង​ជំងឺ​លើកកម្ពស់​ការគោរព​គ្នា​ទៅវិញទៅមក​ដោយ​កាយវិការ​សំពះ​តាម​ទំនៀមទម្លាប់​ខ្មែរ ។​

​បរិភោគ​អាហារ ដែល​ឆ្អិន​ល្អ​ពិសេស​សាច់​និង​សត្វ​គ្រប់​ប្រភេទ​កុំ​លេង​សត្វ​បក្សី​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ​ក្នុងករណី​ប៉ះពាល់​ជាមួយ​សត្វ​ទាំងនោះ​ត្រូវ​លាងដៃ​សម្អាត​ជាមួយនឹង​ទឹក​និង​សាប៊ូ​ភ្លាម ត្រូវ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឲ្យ​បានល្អ​និង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន ដែលមាន​ប្រភព​ច្បាស់លាស់​។​

​ថ្មីៗ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​មានប្រសាសន៍ថា សាលារៀន​នឹង​អាច​បិទ​ប្រសិនបើ​ពលរដ្ឋ​កម្ពុជា​ចាប់ផ្ដើម​ឆ្លង​រាលដាល​នៃ Covid-19

អត្ថបទ ៖ ភី សុខ​