ក្រសួង​សុខាភិបាល​រំលឹក​អោយ​ពល​ដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ជានិច្ច បើ​ទ្វេ​ស​ប្រហេស កូវី​ដ​១៩​នឹង​វាយប្រហារ​យើង​ភ្លាម​ក្នុង ពេល​ខ្លី​បំផុត​

 

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ធ្វើការ​ផ្ដាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ការ​ប្រយ័ត្ន​ឲ្យបាន​ខ្ជាប់ខ្ជួន បើ​យើង​ភ្លេចខ្លួន​នោះ វីរុស​កូវី​ដ​១៩ នឹង​វាយលុក​មក​យើង​វិញ ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។​

​លោកស្រី​វេជ្ជបណ្ឌិត បានបញ្ជាក់​ដូច្នេះ​ថា «​យើង​មិន​ទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ ត្រូវ​ប្រយ័ត្ន​ខ្ពស់​ណាស់​ក្នុងដំណាក់កាល​នេះ ព្រោះ​ទើបតែ​ពីរ​ថ្ងៃ​មិន​មាន​ករណី​ថ្មី តាម​បច្ចេកទេស​គ្រាន់តែ​ជា​ការបង្ហាញ​នូវ​ប្រសិទ្ធភាព​អន្តរាគមន៍​របស់​យើង​ជា​បណ្ដើរៗ តែប៉ុណ្ណោះ តែ​ស្ថានភាព​នៅ​ផុស​ស្រួយ​ណាស់​។ ទោះជា​យ៉ាងណា យើង​ត្រូវ​ធ្វើឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ជា​ពិសេស​ការចូលរួម​ពី​បុគ្គល​ម្នាក់ៗ​នៅតែ​ជា​កូនសោ​គន្លឹះ​នៃ​ការ​វាយបក​ទៅ​លើ​ការចម្លង​វីរុស​កូវី​ដ​១៩ សំដៅ​ទៅ​រក​ភាព​ជោគ​ដ៏​ពិតប្រាកដ​បាន​»​។​

​ការលើកឡើង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត​បែបនេះ ជា​ការឆ្លើយតប​ទៅនឹង​ការអបអរសាទរ​របស់​អ្នកសារព័ត៌មា​ន ដែលថា នេះ​ជា​ជោគជ័យ​មួយ​ជំហាន​របស់​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ព្យាបាល​បាន​ជាសះស្បើយ​បន្តបន្ទាប់ ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ យើង​ពុំ​បាន​រកឃើញ​ករណី​ថ្មី​នៃ​វីរុស​កូវី​ដ​១៩​នោះ​។​

​អ្នកនាំពាក្យ​រូប​នេះ បាន​បន្ត ដោយ​សង្កត់ធ្ងន់ថា «​បើ​យើង​ភ្លេចខ្លួន សត្រូវ​នេះ នឹង​វាយលុក​មក​យើង​វិញ ក្នុង​រយ​:​ពេល​ដ៏​ខ្លី​បំផុត​។ ពេលខ្លះ មានការ​ស្ងប់ស្ងាត់​បន្តិច តែ​ក៏​អាច​មាន​ការ​រាតត្បាត​ជា​បន្ត​ទៀត​ដែរ ដែល​គេ​ហៅថា second wave​។ ដូច្នេះ ត្រូវ​បោះ​ជំហាន​សកម្ម​ទប់ស្កាត់​ជា​បន្ត​ទៀត ទើប​អាច​សង្កត់​សត្រូវ​វីរុស​កូវី​ដ​១៩​នេះ​បាន​»៕​