ក្រសួង​អភិវឌ្ឍន៍ជនបទ​ដាក់ចេញ​គោលការណ៍​បី ដើម្បីអោយ​ពលរដ្ឋ​មាន​សុខ​ភាពល្អ

​បាត់ដំបង ៖ ១-​ការប្រើប្រាស់​បង្គន់​អនាម័យ​ឲ្យ​បាន​គ្រប់គ្នា ២-​មាន​ទម្លាប់​លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ក្រោយពេល​បន្ទោបង់ និង​មុន​បរិភោគ​អាហារ ៣-​ហូប​ទឹក​ដែលមាន​សុវត្ថិភាព នេះ​ជាការ​ដាក់ចេញ​នៅ​គោលការណ៍​ចំនួន​បី​ឆ្លើយតប​និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​រយៈពេល​វែង គឺ​នៅក្នុង​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ទាំងអស់​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​ប្រកបដោយ​និរន្តរភាព នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង ។​

ការលើកឡើង​នេះ​ក្នុងឱកាស​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​ដោយ​ឯកឧត្តម​សាន វិសាល រដ្ឋលេខាធិការ​ក្រសួង បានធ្វើការ​ផ្សព្វផ្សាយ​ខ្លឹមសា​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ដល់​មន្ទីរ​អង្គភាព ក្រុង ស្រុក នៅ​ខេត្តបាត់ដំបង​កន្លងទៅ​ថ្មីៗ​នេះ​។​

ខ្លឹមសា​សន្និបាត​បា​នប​ន្ថែ​ម​ថា​ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ចំណាយ​ថវិការ​ប្រមាណ​ជាង ២​លាន​ដុល្លា​អាមេរិក ដើម្បី​រៀបចំ​កម្មវិធី​ទិវា​ទឹកស្អាត និង​អនាម័យ​នៅតាម​សហគមន៍​ជនបទ ។

គួរ​បញ្ជាក់ថា យោងតាម​របាយការណ៍​សូ​នាករ​ទឹកស្អាត និង​អនាម័យ​ជនបទ​បានបង្ហាញ​ឲ្យ​ឃើញថា ទឹកស្អាត​នៅ​ជនបទ​បាន​កើនឡើង​ដល់ ៥៨% និង​ អនាម័យ​កើនឡើង​ដល់ ៧១% នៅ​ឆ្នាំ​២០១៧ និង​តាម​ការប៉ានស្មាន​ក្នុង​ឆ្នាំ​២០១៩ នេះ អត្រា​គ្របដណ្តប់​ទឹកស្អាត​បាន​កើន​ឡើងដល់ ៦៥% និង​ អនាម័យ​បាន​កើន​ដល់ ៨០% ផងដែរ ។​

អត្ថបទ ៖ លោក ភី សុខ