បញ្ហាដីធ្លី​រាំ​រ៉ៃ អាជ្ញាធរ​ក្រុង​បាត់ដំបង ទទូច​ដល់​ពលរដ្ឋរ​ស់​នៅ​លើដី​គ្រោង​សួន​សង្កាត់​ព្រែក​ព្រះស្តេច ចូលរួម សហការ ដើម្បី​ព​ន្លឿ​ន​ការទទួលបាន​ដីធ្លី​ស្របច្បាប់​

បញ្ហាដីធ្លី​ដ៏​រាំ​រ៉ៃ អាជ្ញាធរ​ក្រុង​បាត់ដំបង និង​មន្ត្រី​ជំនាញ ទទូច ដល់​ប្រជាពលរដ្ឋ​កំពុង​រស់នៅ លើដី​សម្បទាន សង្គមកិច្ច ជា​ដី​គ្រោង សួន​ព្រែក​ព្រះស្តេច ឱ្យចូល​រួមសហការ រុះរើ រំកិល ទៅតាម​ព្រំដី ដែល​មន្ត្រី​ជំនាញ បានធ្វើ​ការបែងចែក ជា​ឡូ​តិ៍​រួចរាល់ ដើម្បី​ឆាប់​ទទួលបាន​កម្ម​សិទ្ធ​ដីធ្លី​ស្របច្បាប់ ។ នេះ​បើតាម​ការលើកឡើង ក្នុង ​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​កម្ពុជា​ខេត្តបាត់ដំបង ចំការចេក ៩២.៧០ Mhz នា​ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២០ ។​

លោក តោ ហុន ចៅសង្កាត់​ព្រែក​ព្រះស្តេច បានឱ្យដឹងថា បច្ចុប្បន្ននេះ​ក្រុមការងារ​កំពុង យកឈ្មោះ​ពលរដ្ឋ ត្រូវ បាន​បែងចែក ដើម្បី​សម្រួល​ចូលទៅក្នុង​ដី​ឡូ​តិ៍ នីមួយៗ ។ ប៉ុន្តែ​លោក​ថា ការសម្រួល​ចូលទៅក្នុង​ឡូ​តិ៍​នីមួយៗ មាន​បញ្ហា​ប្រឈម ដោយសារ ពលរដ្ឋ​មួយចំនួន​គ្មាន​ថវិការ រុះរើ​សំណង ឬ​របង អ្នកខ្លះ​មិន​ចង់​រុះរើ ដើម្បី​រំកិល​ចូល​ឡូ​តិ៍ តាម​ការ កំណត់ របស់​មន្ត្រី​ជំនាញ​។​
«​ជា​ចុងក្រោយ​មកនេះ យើង​បាន​អនុវត្តន៍​បន្តម​កទៀត គឺ​កន្លះ​ខែ​មកហើយ ក្នុងការ​បែងចែក​នេះ យើង​ត្រូវ យកឈ្មោះ​អ្នក​ត្រូវបាន​បែងចែក​ពី​លើក​មុន​មក ដើម្បី​សម្រួល​បញ្ហា​ឱ្យចូល​ឡូ​តិ៍ ក្នុងការ​បញ្ចូល​ឡូ​តិ៍ ប្រជាពលរដ្ឋ មួយចំនួន គាត់​យល់ស្រប​ធ្វើតាម ប៉ុន្តែ​យល់ព្រម​នេះ ដល់ពេល​ដាក់​កាលវិភាគ កម្រិត​ថ្ងៃ ឱ្យ​គាត់​រុះរើ​នោះ គាត់​ច្រើនតែ​ឆ្លើយថា គាត់​គ្មាន​ថិ​វ​ការរុះរើ ហើយ​ធ្វើឱ្យ​រអាក់រអួល ការ​រុញ​បញ្ចូល​ឡូ​តិ៍ »​។​

​ដី​គ្រោង​សួន​ព្រែក​ព្រះស្តេច ស្ថិតនៅ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដែល​ដី​នេះ​មាន​ទទឹង ៣៨ ម៉ែត្រ និង​បណ្តោយ ជាង​១៦០០ ម៉ែត្រ ឆ្លងកាត់​ភូមិ ចំការ​ឬ​ស្សី អូរ​ខ្ជាយ និង​១៣​មករា ។ ដី​គ្រោង​សួន​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​បែងចែក ជា ៥​ប្លុក ទៅជា ៦៤៨​ឡូ​តិ៍ ក្នុង​មួយ​ឡូ​តិ៍ ៤,៥ គុណ ១៦​ម៉ែត្រ ។​

លោក ហឿន ឌឿ អភិបាលរងក្រុង​បាត់ដំបង ទទួលបន្ទុក​ដោះស្រាយ​បញ្ហាដីធ្លី​លើដី​គ្រោង​សួន​នេះ បានឱ្យ ដឹងថា បញ្ហា​លើដី​គ្រោង​សួន​នេះ ដែលនាំឱ្យ​អូសបន្លាយ នៃ​ការដោះស្រាយ​រហូតមកដល់​បច្ចុប្បន្ននេះ ដោយសារតែ ពលរដ្ឋ​មួយចំនួន មិន​គោរព​តាម គោលការណ៍ មន្ត្រី​ជំនាញ ដូចជា ការធ្វើ​របង​ពង្រីក​ដី​បន្ថែម ហើយ​មិន​រុះរើ​តាម​ការបែងចែក និង​មានការ រំលោភ​ព្រំដី ទៅលើ​ឡូ​តិ៍​អ្នក​ដ៏​ទៃ ជាដើម ។​

​ទោះ​យ៉ាណា លោ​កថា​គណកម្មការ​ដោះស្រាយ​ដីធ្លី នៅតែ​ព្យាយាម​សម្របសម្រួល ឱ្យ​ពលរដ្ឋ​គោរព​កិច្ច សន្យា​ឡើងវិញ ។ ម្យ៉ាងទៀត លោក​ថា ការរុះរើ​សំណង ប្រសិនបើ​ពលរដ្ឋ​គ្មាន​ថវិការ អាជ្ញាធរ​ក្រុង ក៏​សម្រួល ចំពោះ​បញ្ហា​នេះ​ផងដែរ ។ លោក​បញ្ជាក់ថា រៀបចំ​ទាំងអស់នេះ គោលបំណង ដើម្បីឱ្យ​ពលរដ្ឋ​រស់នៅ លើដី មាន​សុ​វត្តិភាព គឺមាន​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់ ។​ «​ធ្វើការ​សម្របសម្រួល ឱ្យ​គាត់​គោរព​លក្ខ​ណ័​ឡើងវិញ ឱ្យ​គាត់​ទទួល​យកតាម​ការបែងចែក របស់​គណៈកម្មការ យើង ចឹ​ង​សព្វ​ថៃ្ង​នេះ​យើង​ចុះ​ធ្វើការ​បាន​កន្លះ​ខែ​ទៀតហើយ គឺ​យើង​សម្របសម្រួល ឱ្យ​គាត់​កុំ​រំកិល​ចូល​ឡូ​តិ៍ អ្នកដទៃ ចឹ​ង​បើ​គាត់​ព្រមព្រៀង លក្ខ​ណ័​តូចតាច យើង​ជួយ​ចេញ​ថវិការ ដើម្បី​ជួយ​រុះរើ​របង​របស់គាត់ ធ្វើឱ្យ​វិញ ឬក៏​គាត់​ធ្វើខ្លួន​គាត់ ចំពោះ​អ្នក​មិន​ព្រម​រុះរើ​ទេ យើង​បានដាក់​លក្ខ​ណ័ ទុកពេល ថ្ងៃនេះ ថ្ងៃ​ណោះ ឱ្យ​គាត់​ព្រម រុះរើ តាម​លទ្ធភាព​របស់គាត់ ចឹ​ង​គោលបំណង​ធំ​បំផុត របស់​រដ្ឋបាលខេត្ត ក៏​ដូច​រដ្ឋបាល​ក្រុង ចង់ឱ្យ​ពួកគាត់ មាន​លំនៅដ្ឋាន​សុវត្ថិភាព មានន័យថា គឺ​ស្របច្បាប់ និង​ផ្តល់​បណ្ណ​កម្ម​សិទ្ធ​ជូន​គាត់ នៅពេល​គាត់​រស់ នៅ​គោរព ច្បាប់ បើ​គាត់​ចេះតែ​រំលោភ​ទៅ​ឡូ​តិ៍​ដទៃ គឺ​គាត់​មិន​ងាយ​បាន​ស្របច្បាប់​ទេ គឺ​យើង​ពន្យល់​គាត់​ហេតុផល​ចឹ​ង »​។​

ដី​គ្រោង​សួន​សង្កាត់​ព្រែក​ព្រះស្តេច​នេះ ពី​ដើមឡើយ​ត្រូវបាន​រដ្ឋ ទុក​សម្រាប់ធ្វើ​សួន ក្នុង​សង្កាត់​ព្រែក​ព្រះស្តេច ក្នុងអំឡុង​ទសវត្ស ៨០ ។ ប៉ុន្តែ​ក្រោយមក ត្រូវបាន ពលរដ្ឋ មក​រស់នៅ លើដី​នេះ ជា​បន្តបន្ទាប់ យក​ធ្វើជា​កម្ម​សិទ្ធរ​រៀងៗ​ខ្លួន ប៉ុន្តែ​ជា​ជា​សំណង មិនទាន់​រៀបរយ មានន័យថា​មិនមាន​ប្លង់​កម្ម​សិទ្ធ​នោះឡើយ ព្រោះ​ជា​ដី​របស់​រដ្ឋ​។​

​លុះ​ក្រោយមក ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង​ក៏បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​បែងចែក ដី​គ្រោង​សួន ទៅជា ដី​សម្បទាន​សង្គមកិច្ច ផ្តល់ជូន ពលរដ្ឋ​លើដី​គ្រោង​សួន​ព្រែក​ព្រះស្តេច រួមទាំង យោធិន​ក្រីក្រ និង​ជនក្រីក្រ គ្មាន​ផ្ទះសំបែង ។​ ​ក្នុងអំឡុង​ឆ្នាំ ២០០៧ រដ្ឋបាលខេត្ត​បាត់ដំបង បានរៀបចំ​ដី​នេះ បែងចែក​ជា​ឡូ​តិ៍ ៗ ដែល​បាន​ស្រង​ឈ្មោះ អ្នករស់នៅ លើដី​គ្រោង​សួន​នេះ​ផ្ទាល់ មាន ៣៣៤ គ្រួសារ ។​

ប្រជាពលរដ្ឋ​មួយរូប​រស់នៅ លើដី​នេះ បាន​រៀបរាប់ថា គាត់​មក​រស់នៅ​លើដី​គ្រោង​សួន​នេះ តាំងពី ឆ្នាំ ១៩៩២ មក​ម្លេះ គាត់​មាន​ទំហំ​ដី ១០ គុណ ១០ ម៉ែត្រ ប៉ុន្តែ​តាម​ការបែងចែក​របស់​អាជ្ញាធរ បាន​មួយ​ប្លង់ ៤,៥​គុណ ១៦ ម៉ែត្រ ដោយ​ពលរដ្ឋ​រូបនេះ​អះអាងថា​គ្រួសារ​គាត់ មាន​សមាជិក​ច្រើន​២០​នាក់ គាត់​ស្នើសុំ​ចំនួន​ពីរ​ប្លង់ ។ លើសពីនេះ មួយ​ប្លង់​ដែល​រូបគាត់​ទទួលបាន​ការបែងចែក​របស់​អាជ្ញាធរ នៅ​មិនទាន់​ដាច់ស្រេច​នៅឡើយ ដោយសារ​ភាគី ជាប់​ប្លង់​របស់គាត់​មិន​ព្រម​រុះរើ តម្រូវ​តាម​ឡូ​តិ៍ កំណត់​របស់​មន្ត្រី​ជំនាញ ។​

​ចំណែក ពលរដ្ឋ​រស់នៅ​លើដី​គ្រោង​សួន​ភូមិ​ចំការ​ឬ​ស្សី ម្នាក់ទៀត អ្នកស្រី វិ​ន មុំ បាន​រៀបរាប់ថា អ្នកស្រី​ទទួលបាន ការ បែងចែក​រួច ហើយ ប៉ុន្តែ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ អ្នកស្រី​ថា​នៅ​មិនទាន់​ដាច់ស្រេច​នៅឡើយ​។ អ្នកស្រី​បញ្ជាក់ថា ៖ «​អាជ្ញាធរ​បែងចែក​អោយ​៤​កន្លះ​ម៉ែត្រ​គុណ​១៦​ម៉ែត្រ គេ​វាស់​អោយ​ម្តង​ហើយ​។ តែ​គេ​អោយ អ្នក​ខាងមុខ​នោះ​មាន​អ​ទ្ធិ​ភាព​ធ្វើ​ផ្ទះ​មុន ព្រោះ​ផ្ទះ​គាត់ កាលណា​រុះរើ​មិនដឹង​នៅ​ណា ចឹ​ង​អោយ​គាត់ រុះរើ​ផ្ទះ​ចាស់ ដាក់​ផ្ទះ​ថ្មី​សិន​ចាំ​យើង​ធ្វើ​បន្ត ។​យូរ​ទៅ​ដូច​ស្ងាត់​គេ​អត់​រើ​ផង មិនដឹង​ធ្វើ​ម៉េច ទៀត ខ្ញុំ​ចាំ​យូរ​ឆ្នាំ​ហើយ ចឹ​ង​ខ្ញុំ​ធ្វើ ផ្ទះ​លើ​ប្លង់​ខ្ញុំ​បណ្តោះអាសន្ន​សិន​ទៅ​ចាំ​រដ្ឋ​ត្រូវការ​ពេលណា​រើ​វិញ​ទៅ ចាំ​អោយគេ​មក​វាស់​បែងចែក​អោយ​»​។​

លោក អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តបាត់ដំបង ពន្យល់ថា ការរៀបចំ​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ធ្វើការ​បែងចែក ដែលមាន​ទំហំ​ប៉ុន​ដី ដូចៗ​គ្នា ។ លោក​បន្តថា ដូច្នោះ​គឺ តែងតែ​រំកិល តម្រូវ​ទៅតាម​ឡូ​តិ៍​នីមួយៗ ប៉ុន្តែ​ពលរដ្ឋ​គឺ​រស់នៅ ក្នុង​រង្វង់​ដី​នោះ​ដដែល ។ លើសពីនេះ លោក​សូមឱ្យ ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ អាជ្ញាធរ ដើម្បី​ឆាប់​បាន​ប្លង់​កម្ម​សិទ្ធ​ដីធ្លី ស្របច្បាប់ ។​

​សូមបញ្ជាក់ថា កន្លងទៅ​រដ្ឋបាលខេត្ត​បាត់ដំបង បានរៀបចំ​បែងចែក ដី​សម្បទាន​សង្គមកិច្ច សង្កាត់​ព្រែក ព្រះស្តេច​នេះ រួចរាល់ ចំនួន ៨២​ឡូ​តិ៍ ដែល​ពលរដ្ឋ​ព្រម​ទទួលយក ហើយ​ទទួលបាន​បង់កាន់ដៃ និង​អាច​សាង សង់​សំណង់ ស្របច្បាប់ ។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ អាជ្ញាធរ​ក្រុង និង​មន្ត្រី​ជំនាញ កំពុងធ្វើការ បែងចែក និង ដោះស្រាយ ប្លុក​៥ ដែលមាន ៩៤​ឡូ​តិ៍ ជូន​ដល់​ពលរដ្ឋ ។​

​ប៉ុន្តែ​បើតាម​គណកម្មការ​ដោះស្រាយ​ដីធ្លី សម្បទាន សង្គមកិច្ច​សង្កាត់​ព្រែក​ព្រះស្តេច បញ្ជាក់ថា ប្រសិនបើ ពលរដ្ឋ​ពាក់ព័ន ចូលរួម​សហការ តាម​អាជ្ញាធរ​ដែនដី ការបែងចែក រំកិល​ចូល​ឡូ​តិ៍​នេះ មិនយូរ​នោះឡើយ ។ ដូច្នោះ​ជារួម​មក អាជ្ញាធរ និង​មន្ត្រី​ជំនាញ សូមឱ្យ​ពលរដ្ឋ រស់នៅ​លើដី​នោះ ចូលរួម​សហការ សម្របសម្រួល ដោះស្រាយ​បញ្ហា​រាំងស្ទះ ដើម្បី​ទទួលបាន​កម្ម​សិទ្ធ​ដីធ្លី ស្របច្បាប់ ហើយ​មន្ត្រី​ជំនាញ ឈាន​រៀបចំ​ប្លុក​៤ និង ៣ ជា​បន្តបន្ទាប់​ទៀត ដោយ​បច្ចុប្បននេះ មាន​ពលរដ្ឋ​ដាក់ពាក្យ​ស្នើសុំ ចំនួន ២៧៩ គ្រួសារ​ហើយ ។​

អត្ត​បទ​៖ ញ៉ែម ចាន់​