ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នឹង​បិទ​ព្រឹកស្អែក ថ្ងៃ​២៣​ខែមីនា​

បើតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​អោយដឹងថា​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នឹងត្រូវ​បិទ​បណ្តោះអាសន្ន ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​២៣​ខែមីនា តទៅ ដល់​ថ្ងៃ​០៥​ខែមេសា​ឆ្នាំ​២០២០​។​

​ភាគី​កម្ពុជា​-​ថៃ​បានសម្រេច​បិទ​ការចេញចូល ប្រទេស របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ប៉ុន្តែ​មធ្យោបាយ​ដឹកទំនិញ​ធុន​ធំ​នៅ​ដំណើរការ​ធម្មតា តែ​តម្រូវអោយ​អ្នកបើកបរ​តែ​ម្នាក់​គត់ ,​អ្នកជំងឺ​សង្គ្រោះបន្ទាន់ អនុញ្ញាត​ឲ្យ​ចូល​ធម្មតា​។​ មធ្យោបាយ​ផ្សេងៗ រថយន្ត​លក្ខណៈ​គ្រួសារ ម៉ូតូ រទេះរុញ កម្មករ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ រោង ក្លឿ មិន​អនុញ្ញាត​ឲ្យ​ចេញ​-​ចូល​។​

អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​កម្ពុជា ​បញ្ជាក់ថា ​ការសម្រេច​ខាងលើនេះ​បន្ទាប់ពី នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១០​និង​០០​នាទី​ព្រឹក ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ចូលរួម​ប្រជុំពិភាក្សា​ការងារ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការឆ្លង​ដែន រវាង​ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ការទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វីដ​១៩ (Covid-19) នៅ​សាលប្រជុំ​សាខាគយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​កិច្ចប្រជុំ​នេះ ក៏មាន​អញ្ជើញ​ចូលរួម​ពី ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត និង ​លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង​-​ស្រុក ជាប់​ព្រំដែន​ថៃ​ទាំង​៥ ព្រមទាំង​លោក​ប្រធាន​មន្ទីរ ការិយាល័យ ស្ថាប័ន​ពាក់ព័ន្ធ​ចំណុះ​ខេត្ត​សរុប​ចំនួន ១៥​នាក់ រីឯ​ភាគី​ថៃ​ដឹកនាំ​ដោយ ឯកឧត្ដម វ៉ក់​ផាន់ សុវណ្ណ​នុស អភិបាលខេត្ត​ស្រះកែវ ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ខេត្ត​ស្រះកែវ​មួយចំនួនទៀត​៕

​អត្ថបទ៖ ភី សុខ​