រាជរដ្ឋាភិបាល​កម្ពុជា អនុគ្រោះ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​ប្រាក់​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ដែល​មក​ស្នើសុំ​ផ្ទេរ​កម្ម​សិទ្ធ​

​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​អនុគ្រោះ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង ​ប្រាក់​ពិន័យ ចំពោះ​ម្ចាស់​រថយន្ត​ណា ដែល​មក​ស្នើសុំ​ផ្ទេរ​កម្ម​សិទ្ធ ពី​ម្ចាស់​ដើម មក​ឈ្មោះ​របស់ខ្លួន​ដែល​កំពុង​កាន់កាប់​វិញ​។ ការសម្រេច​នេះ​យោងតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លេខ ១០២៤ សហវ .​ព​អដ ចុះ​ថ្ងៃទី ១៧ ​ខែកុម្ភៈ​ ឆ្នាំ​២០២០ ។​

​ខ្លឹមសា​លិខិត​បានបញ្ជាក់​ទៀតថា ការអនុគ្រោះ​ឲ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នេះ​សម្រាប់​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ គឺ ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ រួមទាំង​លើកលែង​ប្រាក់​ពិន័យ​ទោសទណ្ឌ​លើ​រថយន្ដ ដែល​មិនបាន​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ពីមុនមក ដោយ​ម្ចាស់​យានយន្ដ​បាន​ទិញ​លក់​បន្ដ​ដៃ​គ្នា ហើយ​មិនបាន​ផ្ទេរកម្មសិទ្ធិ​យានយន្ដ ត្រូវ​ទៅ​ផ្ទេរកម្មសិទ្ធិ​យានយន្ដ​តាម​នីតិវិធី និង​បែបបទ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ការអនុគ្រោះ និង​ការលើកលែង​នេះ អនុវត្ដ​ចំពោះតែ​យានយន្ដ ដែល​បាន​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ យានយន្ដ​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​សុពលភាព​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ។​

អត្ថបទ លោក ៖ ភី សុខ​