ដោយមានកិច្ចសម្របសម្រួលពីមន្ត្រីអង្គការសហប្រជាជាតិ (អ.ស.ប) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក បានរៀបចំដាក់តាំងរូបចម្លាក់អង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាអចិន្ត្រៃយ៍នៅទីស្នាក់ការអ.ស.ប នៅទីក្រុងញូវយ៉កនាខែមីនានេះ។
ការដាក់តាំងរូបចម្លាក់អង្គរវត្តនៅទីស្នាក់ការ អ.ស.បនេះ នឹងបង្ហាញអំពីវប្បធម៌សំបូរបែប និងជួយជំរុញវិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងជួយជំរុញវប្បធម៌ចំរុះផ្សេងៗក្នុងចំណោមរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ។
នៅលើផេកផ្លូវការរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់បន្ថែមថា ការដាក់តាំងរូបចម្លាក់ប្រាសាទអង្គរវត្តរបស់កម្ពុជានៅទីស្នាក់ការ អ.ស.ប នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
@Physok