ទីតាំងលក់ទូរស័ព្ទមួយកន្លែងត្រូវបានចោរគាស់ទ្វារចូលលួចអស់៦០គ្រឿង ទាំងថ្ងៃចែស នៅចំណុចភូមិកម្រង់ ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលម្ចាស់ទៅជប់លាង ទាំងគ្រួសារនៅផ្ទះបងប្អូន ហើយបិទទ្វារហាងចោល ។
ជនរងគ្រោះលោក សុខ រឿនអាយុ២៦ឆ្នាំបានអោយដឹងថានៅម៉ោង១០ព្រឹកកើតហេតុថ្ងៃទី១៧ខែមីនា លោក និងប្រពន្ធបានបិទទ្វារហាងលក់ទូរស័ព្ទនៅទីតាំងខាងលើចោល ទៅចូលរួមកម្មវិធីភ្ជាប់ពាក្យ បងប្អូន នៅស្រះទឹកថ្មីចម្ងាយច្រើនគីឡូម៉ែត្រពីផ្ទះរបស់ខ្លួន រហូតដល់ល្ងាចប្រពន្ធរបស់ខ្លួនមកផ្ទះមុន ខណៈដែលខ្លួនកំពុងបន្តជប់លាង ។ពេលប្រពន្ធមកផ្ទះក៏ឃើញចោរគាស់ទ្វារពីខាងក្រោយ ចូលលួចទូរសព័្ទអស់៦០គ្រឿងទាំងចាស់ទាំងថ្មី និង ផាវ័របេង មួយចំនួនទៀត ។
ជនរងគ្រោះបន្តថាក្រោយពេលដឹងថាចោរគាស់ផ្ទះយកទូរស័ព្ទ ខ្លួនក៏ប្តឹងសមត្ថកិ ច្ចអោយ ជួយអន្តារគមន៍ភ្លាមៗ។
ជនរងគ្រោះបន្ថែមថាតាមការស្មានក្រុមចោរនេះប្រហែលមិនបម្រុងលួចតែទូរស័ព្ទដៃនោះទេ វាមានបំណងលួចរបស់របរមានតម្លៃផ្សេងទៀតដែរដូចជាលុយកាក់មាសប្រាក់ជាដើម តែគាត់បានយកតាមខ្លួនអស់ ទើបចោរលួចបានតែទូរស័ព្ទដៃ ។
បើតាមរបាយការណ៍សមត្ថកិច្ចអោយដឹងថាសម្ភារៈដែលចោរលួចអស់មាន ទូរស័ព្ទម៉ាកOPPO ពណ៌ខ្មៅ២៥ គ្រឿង និងពណ៌ខៀវ២០គ្រឿង ទូរស័ព្ទម៉ាកRealme ពណ៌ក្រហម៥គ្រឿង និង ម៉ាកVIVO ពណ៌ស្វាយ១០គ្រឿង (ក្នុងចំណោមទូរស័ព្ទទាំង៦០គ្រឿងនេះមានទូរស័ព្ទថ្មីតែ៥គ្រឿងប៉ុណ្ណោះ ក្រៅពីនោះទូរស័ព្ទមួយតឹកទាំងអស់ ) នឹង POWER BANK មួយចំនួនទៀត។
នាយនគបាលប៉ុសឃុំតាគ្រី លោក ហ៊ីន សុធី បានអោយដឹងថាក្រោយពីទទួលព័ត៌មានពី ជនរងគ្រោះ កម្លាំង នគបាលប៉ុសនិងអធិការបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ចោរបានកាត់សង្ខសី ទ្វារខាងក្រោយផ្ទះរួចលូកដៃគាស់គន្លឹះទ្វារបើកចូលលួចទូរស័ព្ទរបស់ជនរងគ្រោះ ។ ទីតាំងផ្ទះជនរងគ្រោះនេះនៅចម្ងាយពីផ្សារកម្រង់៥០០ម៉ែត្រប៉ុណ្ណោះនៅក្បែរផ្ទះជនរងគ្រោះមានតែផ្ទះមួយប៉ុណ្ណោះ ប៉ុន្តែពេលកើតហេតុនោះផ្ទះអ្នកជិតខាងនេះបានបិទ ទ្វារដែរ ទើបចោរមាន ឱកាសធ្វើ សកម្មភាព។
លោកបញ្ជាក់ថា សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាក្រុមជនសង្ស័យបាននៅឡើយទេ ប៉ុន្តែ សកម្មពួកចោរ នេះត្រូវបានជាប់ក្នុងកាម៉ារ៉ាសុវត្ថិភាពនៅក្បែរនោះដែរ បច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវនៅឡើយ។
សូមបញ្ជាក់ថានៅខេត្តបាត់ដំបង២សប្តាហ៍ចុងក្រោយនេះឃើញមានករណីចោរលួច ចោរប្លន់ ជាច្រើនករណីកើតឡើងព្រោងព្រាត ខណៈដែលល្បែងស៊ីសងចាប់ផ្តើមកំរើកឡើងវិញផងដែរ ក្រោយពីស្ងប់ស្ងាត់មួយរយៈ ៕ ភី សុខ