រដ្ឋបាលខេត្តបាត់ដំបងប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមជាង១០០នាក់ ធ្វើអោយចំនួនអ្នកឆ្លងកើនដល់ ជិត៣ពាន់នាក់

  Phy Sok, [28.07.21 21:55]

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងកើនឡើងជិតបីពាន់នាក់ហើយ ខណៈរកឃើញថ្មី បន្ថែមក្នុងរយៈពេលតែ២៤ម៉ោង មានអ្នកឆ្លងចំនួន១២៥នាក់ ទៀត ដែលក្នុងនោះឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ៨៧នាក់ ឆ្លងលើពលករមកពីថៃ ចំនួន ៣៨នាក់ ទន្ទឹមនោះក៏មានអ្នក ជាសះស្បើយ១៣៩នាក់ផងដែរ ។

អ្នកឆ្លងសហគមន៍ថ្មីនេះ ឆ្លងភាគច្រើនលើសិស្សសាលា និង អ្នកនៅផ្ទះ ក្រៅពីនោះមានឆ្លងលើកសិករ បុគ្គលិកធនាគារ ជាងដេរ សន្តិសុខ បុគ្គលិកធនាគារ និង អ្នកលក់ដូរជាដើម ដែលពួកគេរស់នៅ ក្នុងក្រុងបាត់ដំបងរហូតដល់ជិត៤០នាក់ ក្រៅពីនោះរស់នៅស្រុកមោងឬស្សី ស្រុកឯកភ្នំ ស្រុកភ្នំព្រឹក ស្រុកបវេល និង ស្រុកថ្មគោលជាដើម ។

គេកត់សម្គាល់ឃើញថាចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងនៅតែមានកំណើនខ្ពស់នៅឡើយ ខណៈដែលអាជ្ញាធរខេត្តបាត់ដំបងនិងមន្រ្តីពាក់ព័ន្ធបានពន្លឿននៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ញ៉ាប់ដៃញ៉ាប់ជើងហើយក្តី ។

 

លោក ផេង សិទ្ធីអភិបាលក្រុងបាត់ដំបងបានមានប្រសាសន៍ថានៅក្រុងបាត់ដំបង ប្រជាពលរដ្ឋ ប្រមាណ៩០ភាគរយ នៃចំនួន១០ម៉ឺននាក់ បានទទួលវ៉ាក់សាំងលើកទីមួយរួចហើយ និង ត្រៀមបន្តចាក់វ៉ាក់ សាំងលើកទីពីរបន្ថែមក្រោយ២១ថ្ងៃនេះការចាក់លើកទី១ ។លោកអភិបាលក្រុង បន្តក្រើនរំលឹក ដល់ពលរដ្ឋត្រូវបន្តការអនុវត្តន៍តាមគោលការណ៍ ណែនាំរបស់ក្រសួង សុខាភិបាល អោយបានជាប់ជាប្រចាំ កុំទ្វេសប្រហែស អោយសោះ បើទោះជាទទួលបានវ៉ាក់សាំងហើយក្តី។

 

សូមបញ្ជាក់ថាគិតត្រឹមព្រលប់ថ្ងៃទី ២៨ខែកក្កដា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបង កើនឡើង២៩៤២នាក់ហើយ ក្នុងនោះជាសះស្បើយ ១៧៥៣នាក់ ស្លាប់៣៣នាក់ នឹងកំពុងសម្រាកព្យាបាល១១៥៦នាក់ ៕ អត្ថបទ ភី សុខ