មន្រ្តីថា ស្ថានភាពទឹកទន្លេសាប កំពុងឡើងខ្ពស់ជាងឆ្នាំកន្លងទៅ តែមិនបង្កជំនន់ធ្ងន់ធ្ងរ

Phy Sok, [21.07.21 15:48]

បាត់ដំបង៖ ស្ថានភាពទឹកជំនន់ នៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កំពុងហក់ឡើងខ្ពស់ បើធៀបនឹងឆ្នាំកន្លងទៅ តែទោះជាយ៉ាងណា មន្ត្រីជំនាញធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអះអាងថា ទឹកជំនន់នោះ នឹងមិនបង្កឲ្យមានការលិចលង់ធ្ងន់ធ្ងរនោះទេ ខណៈការបង្កបង្កើនផលស្រូវបានជិត៨០ភាគរយនៃផែនការ ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា បច្ចុប្បន្នទឹកជំនន់កំពុងហូរចូលបឹងទន្លេសាប ហើយរហូតមកដល់ពេលនេះ ដោយទឹកឡើងបានកម្ពស់ប្រមាណជា១ម៉ែត្រ ជិតកន្លះ ហើយបើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំកន្លងទៅឡើងបានត្រឹមប្រមាណជា ៨តឹកប៉ុណ្ណោះ ព្រោះនៅឆ្នាំនេះមានភ្លៀងធ្លាក់ដើមដៃ តាំងពីខែមេសា ។

លោកបន្តថា ទោះជាស្ថានភាពទឹកហក់ឡើងខ្លាំងជាងឆ្នាំកន្លងទៅ ប៉ុន្តែនឹងមិនបង្កឲ្យមានការលិចលង់អ្វីធ្ងន់ធ្ងរនោះទេ ខណៈអាជ្ញាធរខេត្ត និងមន្ទីរធនធានទឹក បានត្រៀមលក្ខណៈ រួចជាស្រេច មានការដាក់មន្ត្រីតាមប្រព័ន្ធប្រឡាយ (ត្រៀមរំដោះទឹក) ត្រៀមឧបករណ៍សង្គ្រោះពលរដ្ឋនៅតំបន់ប្រឈមជាដើម ។

លោក ឡុង ផលគុណ បានបញ្ជាក់ថា មួយវិញទៀត ចំពោះស្ថានភាពទឹកជំនន់នៅផ្នែកខាងលើ ក៏មិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋនោះដែរ ដោយប្រភពទឹកធំៗមួយចំនួន មានទឹកច្រើន និងខ្លះទៀត មិនទាន់បើកទឹកបញ្ចូល ព្រោះត្រូវធ្វើការជួសជុល ខណៈស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ក៏គ្រាន់បើជាងឆ្នាំមុនៗ មិនជួបគ្រោះរាំងស្ងួតខ្លាំង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងខេត្តបាត់ដំបង មានស្រុកចំនួន២ បានជួបបញ្ហាគ្រោះទឹកជំនន់ ដែលប៉ះពាល់ខ្លាំងនៅស្រុកភ្នំព្រឹក រហូតដល់អាជ្ញាធរមានការជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ។ ទឹកជំនន់រយៈពេលខ្លះនេះ ក៏បានហូរច្រោះមកស្រុកបវេល ដោយមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរនោះដែរ ។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តត់ដំបងបានបង្ហាញថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ការបង្កបង្កើនដំណាំស្រូវរបស់ពលរដ្ឋចំនួន ២៥១ ៧៧៥ហិកតា ស្មើនឹង៧៦,៣០ភាគរយ, បានដាំដំណាំសាកវប្បកម្មចំនួន ១ ៩៨៩ហិកតា និងដំណាំឧស្សាហកម្មចំនួន ១៦៥ ៦៣៧ហិកតា ៕

អត្ថបទ ភី សុខ