បាត់ដំបង៖អនុវត្តន៍តាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងសហការី បានចុះផ្សព្វផ្សាយពីការពង្រឹងគុណភាពផលិតផលទេសចរណ៍នៅបណ្ដារមណីយដ្ឋាន និងតាមគោលដៅទេសចរណ៍នានា ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដែលកាន់តែខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក ហម អរុណ ថ្លែងឱ្យដឹងថា ការចុះផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ដើម្បីឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងទេសចរណ៍ មានដូចជាការពង្រឹងទៅលើគុណភាពផលិតផលសម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវ ការពង្រឹងបដិសណ្ឋារកិច្ច ការរក្សាតម្លៃ និងការចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលអញ្ជើញមកទស្សនាកម្សាន្តនៅក្នុងខេត្តបាត់ដំបងទទួលបានភាពកក់ក្ដៅ ទំនុកចិត្ត និងសុខសុវត្ថិភាព។
លោក ហម អរុណ ឱ្យដឹងបន្ថែមថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា បានត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីដែលមានបំណងមកទស្សនាកម្សាន្តនៅលើទឹកដីខេត្តបាត់ដំបងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
សំឡេងលោក ហម អរុណ០១……………………………………………………………………………….។
ជាមួយគ្នានោះ ម្ចាស់មូលដ្ឋានអាជីវកម្ម បានអះអាង ពីការត្រៀមលក្ខណៈរួចរាល់ហើយដើម្បីទទួលភ្ញៀវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាមួយការពង្រឹងគុណភាពចំណីអាហារ សេវាកម្ម អនាម័យបរិស្ថាន និងសន្តិសុខសណ្ដាប់ធ្នាប់។
ម្ចាស់មូលដ្ឋានអាជីវកម្ម អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបងនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីបានសាករសជាតិម្ហូបអាហារបែបខ្មែរដ៏សំបូរបែប។
សំឡេងម្ចាស់រមណីយដ្ឋាន០២…………………………………………………………………….។
សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ និងម្ហូបអាហារដែលបានផ្ដល់បទពិសោធន៍ដ៏សំបូរបែបដល់អ្នកទេសចរដែលមកទស្សនាហើយចង់មកម្ដងទៀត។ខេត្តបាត់ដំបងមានរមណីយដ្ឋាននិងគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង, សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង,តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង.សារមន្ទីរចំនួន២កន្លែង,ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕