សក្តានុពលវិស័យទេសខចរណ៍ក្នុងខេត្តបាត់ដំបង សម្រាប់ដំណើរកំសាន្តថ្ងៃឈប់សម្រាកជំនួសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ខេត្តបាត់ដំបង ជា​ខេត្ត​មួយ​ដែល​ឋិត​នៅ​ភូមិភាគ​ពាយ័ព្យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​វិសាលភាព​ផ្ទៃដី​ធំ មាន​ភោគ​សម្បត្តិ​ធម្មជាតិ និង​សំនល់​វប្បធម៌​បុរាណ​ជាច្រើន​។​ ក្នុងនោះ វិស័យ​ទេសចរណ៍​ក្នុង​ខេត្តបាត់ដំបង​មាន​សក្តានុពល​ខ្ពស់ ដោយសារតែ​នៅក្នុង​ខេត្ត​នេះ មាន​តំបន់​ទេសចរណ៍​ប្លែកៗ​ជាច្រើន ដែលមាន​សក្តានុពល និង​មាន​លក្ខណៈពិសេស​ផ្សេងៗ​គ្នា​» រីឯ​ការធ្វើដំណើរ​ទៅកាន់​រមនីយដ្ឋាន​ទេ​ចរណ៍​ក៏មាន​ភាពងាយស្រួល ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ផងដែរ​។ វិស័យ​ទេសចរណ៍​ជា​វិស័យ​មួយ​ដែល​កំពុង​ទទួលបាន​ភា​ព​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ល្បឿន​រីកលូតលាស់​នៃ​សេដ្ឋកិច្ច​តាមរយៈ​ផលប្រយោជន៍​នៃ​ទេសចរណ៍ បន្ទាប់ពី​វិស័យ​កសិកម្ម​» ។

ប្រជាពលរដ្ឋ​មួយរូប លោក វ៉ាន វ៉ាន់​ណា រស់នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​មានប្រសាសន៍ថា ខេត្តបាត់ដំបង​មាន​សក្ដានុពល​ទេសចរណ៍​ជាច្រើន​ខុសប្លែកៗ​គ្នា មាន​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ រមនីយដ្ឋាន​ធម្មជាតិ​មាន​សំណង់​អាគារ​បុរាណ និង​មាន​រមនីយដ្ឋាន​ជាច្រើន​ទៀត​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​អាចមក​សំរាក​កំសាន្ត ។​ លោក​ក៏បាន​សំណូមពរ​ដល់​មន្ទីរ​ទេស​ចរណ៍ និង​រដ្ឋបាលខេត្ត​ផងដែរ​ចង់ឱ្យមាន​ការបង្កើត​សហគមន៍​ទេសចរណ៍​ដើម្បី​មាន​ភាពងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​និង​អ្នកភូមិ​ស្រុក​ដែល​នៅក្បែរ​បាន​អាស្រ័យ​ផល​និង​ទទួលបាន​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​។​

លោក​ លាង​ វាសនា អភិបាលរងក្រុង​បាត់ដំបង មានប្រសាសន៍ថា ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍ អោយ​ភ្ញៀវ​ចូល​មកលេង​ក្នុង​ក្រុង​បាត់ដំបង​បានឃើញ អាគារ​បុរាណ​ក្នុងសម័យ​បារាំង ដែល​ក្នុង​ក្រុង​បាត់ដំបង​មាន​ប្រហែល​ជាង​ ៨០០​​ខ្នង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​អោយមក​កំសាន្ត​ក្នុង​ក្រុង​បាត់ដំបង លោក​បានរៀបចំ​អោយមាន​សោភ័ណភាព​ឡើងវិញ ដើម្បីអោយ​ស​ក្កិ​សមជា​ខេត្ត​ដែល​ទទួលបាន​ជ័យលាភី​ផ្ការំដួល​៣​ទង​។​

លោក អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេ​ចរណ៍​ខេត្តបាត់ដំបង បាន​លើកឡើងថា តំបន់​គោលដៅ​ទេសចរណ៍​មាន​ច្រើន​កន្លែង សរុប​ទាំង​រមនីយដ្ឋាន​ទាំង​គោលដៅ​ទេសចរណ៍​មាន ​៥២​កន្លែង ក្នុងនោះ​មាន​វត្ត​គម្រូ​១២​កន្លែង​ដែល​អាចធ្វើ​ដំណើរ​ទេសច​រណ៍​បែប​សាសនា តំបន់​ត្រៀម​ជា​បេតិកភណ្ឌ​នៅក្នុង​ក្រុង​បាត់ដំបង អាគារ​ចំណាស់​៨០០​ខ្នង និង​ផ្ទះ​បុរាណ​មាន ​៦៣​ផ្ទះ ដែលជា​ទីកន្លែង​ដ៏​សំខាន់​ដែលមាន​ការទាក់ទាញ​សម្រាប់​ភ្ញៀវ​។ ក្រៅពី​ក្រុង​បាត់ដំបង ក៏មាន​តំបន់​ទេសចរណ៍​ជាច្រើន​ទៀត​ដែល​មាន នៅ​ស្រុក​បាណន់ ស្រុក​សំឡូត ភ្នំព្រឹក តំបន់​ទាំងអស់នេះ​គឺ​សុទ្ធតែជា​តំបន់​ទាក់ទាញ​ក្នុង​លក្ខណៈ​ជា​តំបន់​ទេសចរណ៍វប្បធម៌ តំបន់​ទេ​ចរណ៍​ប្រវត្តិសាស្ត្រ តំបន់​ទេសចរណ៍​កែច្នៃ តំបន់​ក​សិ​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ដែលជា​ទេសចរណ៍ធម្មជាតិ​តែម្ដង​។​

លោក​បានលើកឡើង​បន្ថែមថា នៅ​ថ្ងៃ​ឈប់សំរាក​សង​ថ្ងៃ​ចូលឆ្នាំ​ខាងមុខនេះ ឯកឧត្ដម​អភិបាលខេត្ត​លោក​បាន​គិតគូរ​ពិចារណារ​ខ្លាំង​ពី​ផលប៉ះពាល់​ពី​កូ​វីដ​ក្នុងពេល​ដំណើរ​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សំរាក​ខាងមុខ ក្នុងនោះ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ត្រៀមលក្ខណៈ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដោយមាន​វិធាន​ផ្សេងៗ​ដែល​បានរៀបចំ​ដើម្បី​ទប់ស្កាត់ ការពារ​កុំឱ្យ​មានការ​ឆ្លង​កូ​វីដ​ផងដែរ​។​

សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​វិស័យ​អាទិភាព ដោយសារ​វិស័យនេះ​មិន​ត្រឹមតែ​បង្កើត​នូវ​កាលានុវត្តភាព​ការងារ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ចំណូល​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​រូបិយ​បណ្ណ​អន្តរជាតិ ដែលជា​កត្តារួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​

​អត្ថបទ៖ កញ្ញ រិន ម៉ារីយ៉ាន

សូមលោកអ្នកស្ដាប់នូវកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖

Link: https://www.facebook.com/fm92.70/videos/3123487487707183/?t=2