មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបង្ហាញពីកត្តាដែលខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេទូទាំងប្រទេស

ខេត្តបាត់ដំបងឈរលំដាប់លេខរៀងទី១ ដែលមានភ្ញៀវទេសចរណ៍ដើរលេងកំសាន្តច្រើនជាងគេ ទូទាំងប្រទេសក្នុងឱកាសបុណ្យភ្ជំបិណ្ឌ

   

ក្រសួងទេសចរណ៍បានបញ្ជាក់ថាខេត្តបាត់ដំបងបានឈរលំដាប់លេខរៀងទីមួយ ដែលមានភ្ញៀវទេសចរណ៍ មកលេង កំសាន្តច្រើនជាងគេ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជំបិណ្ឌឆ្នាំនេះគឺចាប់ពី ថ្ងៃទី២៤ដល់២៦ ខែកញ្ញា ដែលមានភ្ញៀវមកលេងរហូតដល់ជាង២១ម៉ឺននាក់ ។ចំណែកលេខរៀងទីពីរបានទៅលើខេត្ត សៀមរាប មានភ្ញៀវមកលេង ជាង១៤ម៉ឺនបីពាន់បួនរយនាក់ ,ខេត្តលំដាប់ថ្នាក់លេខបីគឺខេត្តកែប មានភ្ញៀវមកលេងជាង១១ម៉ឺនប្រាំមួយពាន់ប្រាំពីររយនាក់ ,ខេត្តលេខរៀងទី៤ ខេត្តពោធិ៍សាត់មានភ្ញៀវ មកលេងចំនួនជាង៩ម៉ឺន៦ពាន់បួនរយនាក់ និង លេខរៀងទីប្រាំ ធ្លាក់ទៅលើខេត្តព្រះសីហនុមានភ្ញៀវទេចចរណ៍ មកលេងចំនួនជាង៨ម៉ឺន៤ពាន់៥០០នាក់ ។


បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងថា កក្តាដែលធ្វើអោយខេត្តបាត់ដំបងអាចទាក់ទាញ ភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនជាងគេទូទាំងប្រទេសនេះ ដោយសារតែ ខេត្តបាត់ដំបង មានវិសាលភាពទឹកដីធំទូលាយ មានប្រជាជនច្រើន និងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ជាក់ស្តែងបច្ចុប្បន្ននេះ ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ចំនួន ១១១ ទីតាំង ក្នុងនោះមានតំបន់ទេសចរណ៍ធម្មជាតិច្រើន ក្នុងស្រុកបាណន់ រតនមណ្ឌល ស្រុកសំឡូត ស្រុកភ្នំព្រឹកជាដើម និងមានរមណីយដ្ឋានកែច្នៃដូចជា៖ ឡូរីជើងភ្នំបាណន់ សួនទឹកសុភមង្គល វាលស្រែឯកភ្នំ កោះចាក់សោបេះដូងគម្រោងឡេងណាវ៉ាត្រា-ល-។


បាត់ដំបង មានទីក្រុងបុរាណ ដែលមានសំណង់អភិរក្សក្នុងទីក្រុង (ជាង៨០០ ខ្នង) និងជាគោលដៅទេសចរណ៍សាសនាដ៏សំខាន់តាំងពីសម័យលោកម្ចាស់ម្លេះ ។ បន្ថែមពីនេះ សេវាកម្មទេសចរណ៍នានាមានស្តង់ដាត្រឹមត្រូវ និងតម្លៃសមរម្យ ព្រមទាំងមានអាហារឆ្ងាញ់ៗជាច្រើន។
កត្តាទាំងនេះហើយ គឺជាចលករក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកកម្សាន្តក្នុងខេត្តបាត់ដំបងពីមួយឆ្នាំទៅមួយឆ្នាំ ។

ក្រសួងទេសចរណ៍បានអោយដឹងថា ចំនួនភ្ញៀវទេសចរណ៍សរុប ទូទាំងប្រទេសកម្ពុជាមានជាង១លាន២សែនប្រាំម៉ឺនប្រាំបួនពាន់នាក់ បានដើរកំសាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនជាងមួយម៉ឺន៤ពាន់បួនរយនាក់ ។

ក្រសួងទេសចរណ៍បញ្ជាក់ថា តួលេខនេះមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។


សម្រាប់រយៈពេល៣ថ្ងៃនេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ បើទោះបីបណ្តារាជធានី/ខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទុះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួន៕ ភី សុខ