មន្ត្រី​ជំនាញ​ចរាចរណ៍​៖ នឹងធ្វើ​ការផាកពិន័យ​ចំពោះ​អ្នក​ដែល​មិន​គោរព​ផ្លាកសញ្ញា​ហាម​បត់​ឆ្វេង​នៅ​ផ្សារណាត់​

​លោក វេរ​សេនីយ៍​ទោ ឆៃ ច័ន្ទ​តារា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង បាន​មានប្រសាសន៍​៖ នាពេលខាងមុខ​ឆាប់ៗ​ខាងមុខនេះ មន្ត្រី​យើង​នឹងធ្វើ​ការ ផាកពិន័យ ចំពោះ​អ្នក​ដែល​មិន​គោរព​ផ្លាកសញ្ញា​ហាម​បត់​ឆ្វេង នៅ​ទីតាំង​ផ្សារណាត់ ក្រុង​បាត់ដំបង ដើម្បី​សម្រួល​ការកកស្ទះ​។ នេះ​បើតាម​ការលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក វេរ​សេនីយ៍​ទោ បាន​បន្ថែមថា​៖ នឹងមាន​កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​ដល់​គោលដៅ​។ ម្យ៉ាងទៀត​ក៏មាន​វិធានការ រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​នៅ​ម្តុំ​ផ្សារណាត់ ដូចជា​ការចត​រថយន្ត​គ្មាន​សណ្តាប់ធ្នាប់ នឹងធ្វើ​ការ​ស្ទួ​ច​យកទៅ ដោះស្រាយ​តាមផ្លូវ​ច្បាប់​តែម្តង​។​

​គួរ​បញ្ញា​ក់ថា ដោយបាន​មើលឃើញ នូវ​បញ្ហា​ប្រឈម​ទៅនឹង​ការកកស្ទះ​ចរាចរណ៍​លើ​ដងផ្លូវ លេខ​៣ ហើយនឹង​ផ្លូវ​ព្រះវិហារ​នៅជាប់​នឹង​ផ្សារណាត់​ក្រុង​បាត់ដំបង​នោះ នៅ​រសៀល​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៩ អនុគណកម្មការ​សុវត្ថិភាព​ចរាចរណ៍ ខេត្តបាត់ដំបង មាន​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង ខេត្តបាត់ដំបង លោក ផេង សុធី អភិបាលក្រុង​បាត់ដំបង លោក ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត លោក ​វរសេនីយ៍ឯក សាត គឹម​សាន ស្នងការរង​នគ​បាល​ខេត្ត បាន​ចុះ​ពិនិត្យមើល ទីតាំង​ដាក់​ផ្លាកសញ្ញា​ចរាចរណ៍​ហាម​បត់​ឆ្វេង ដែលមាន​ទីតាំងនៅ​ខាងជើង​ផ្សារណាត់ ទីតាំងនៅ​ខាង ត្បូង​ផ្លូវ​ផ្សារណាត់ ទីតាំងនៅ​ខាងលិច​ផ្សារណាត់ ។ ដោយឡែក​នៅលើ​ដងផ្លូវ​ព្រះវិហារ​ក្បែរ​នោះដែរ បានដាក់​ផ្លាកសញ្ញា​ហាម​ចត​រថយន្ត ។​

អត្ថបទ៖ លោក ហ៊ាន វាសនា