ហាមមិនឱ្យសំរាមចោលមាត់ស្ទឹងមិនស្តាប់ថែមទាំងដុតផ្គើនទៀត ត្រូវអាជ្ញាធរបាត់ដំបង បញ្ឈប់លែងឱ្យលក់ដូរអនាធិបតេយ្យបន្តទៀត

អាជ្ញាធរក្រុងបាត់ដំបងមានចំណាត់ការក្តៅបញ្ឈប់ការលក់ដូរបែបអនាធិបតេយ្យតាមចំណីស្ទឹងសង្កែនិងចំណីផ្លូវទាំងសងខាងផ្លូវចាប់ពីកែងវត្តសង្កែ មកទល់ស្ពានថ្មចាស់ ក្រោយពីក្រុមអ្នកលក់ដូរហាមមិនស្តាប់ក្នុង ការចោលសំរាមតាមមាត់ស្ទឹង។

ការបញ្ឈប់នេះខណៈក្រុមមន្រ្តីចម្រុះអាជ្ញាធរក្រុងបាត់ដំបងបានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវកាលពីថ្ងៃ២១ខែឧសភា ២០២៤ ពិនិត្យឃើញថាអ្នកលក់ដូរនៅតែបន្តចោលសំរាមតាម មាត់ស្ទឹងនិងដុតផ្គើន បន្ថែមទៀត។

រដ្ឋបាលក្រុងបាត់ដំបងបានបញ្ជាក់លើផេករបស់ខ្លួនថា៖ «អាជ្ញាធរបានចុះផ្សព្វផ្សាយដូចភ្លៀងរលឹមថាកុំឱ្យ ចោលសំរាមមាត់ស្ទឹងលើកនេះមិនត្រឹមតេចោលទេគឺដុតទៀត» ។ អាជ្ញាធរហៅចំណាត់ការបញ្ឈប់ការលក់ដូរនៅទីតាំងខាងលើនេះគឺដើម្បីសោភ័ណភាពនិងបញ្ចៀសការកកស្ទះចរាចរណ៍។

គេសង្កេតឃើញរដ្ឋបាលក្រុងបាត់ដំបងបានកំពុងរៀបចំសណ្តាប់ធ្នាប់ទូទាំងក្រុងបាត់ដំំបងមានរុះរើសំយ៉ាបដែលសង់លយចូលផ្លូវ បំបាត់ការលក់ដូរលើចិញ្ចើមផ្លូវ រៀបចំសួន ប្រព័ន្ធលូរំដោះទឹកស្អុយនិងការសម្អាតបរិស្ថាននិងកំពុងរៀបចំដាំកូនឈើក្នុងក្រុងបាត់ដំបងជាដើម។

 

ទោះបីយ៉ាងណា គេសង្កេតឃើញថាក្រៅពីទីតាំងខាងលើក្រុមប្រជាពលរដ្ឋដែលលក់រទេះរុញនិង ដាក់តុលក់រំលោភលើចិញ្ចើមផ្លូវអានាធិបតេយ្យចាប់ពីវត្តសង្កែដល់ក្បែរស្ពានសម្តេចក្រឡាហោមសខេង ដែល ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរពិសេសពេលល្ងាចផងដែរ។