អាជ្ញាធរ​បានធ្វើការ​ដោះស្រាយ​បញ្ហា​អង់​តែ​ន​ទូរស័ព្ទ​ចល័ត បំពាក់​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទួល​តា​ឯក​រួចហើយ បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​

​លោក សំរិត ​ឆន ចៅសង្កាត់​ទួល​តា​ឯក បាន​មានប្រសាសន៍ថា លោក បាន​សហការ​ជាមួយ អាជ្ញាធរ​ក្រុង​និង​សម​កិច្ច​ពាក់ព័ន្ធ បានអោយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ធ្វើ​ការដក​ឧបករណ៍​ដែល​ទើប​បំពាក់​ថ្មី​បន្ថែម​លើ​អង់​តែ​ន​ទូរស័ព្ទ ដែល​បំពាក់​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ អូ​តា​គាំ​២ ក្រុមទី​៥ សង្កាត់​តួ​លតា​ឯក​ចេញ​វិញ​អស់ហើយ ។​

លោក ចៅសង្កាត់​បញ្ជាក់​នេះ​ខណៈដែល​អញ្ជើញ​ធ្វើជា​វាគ្មិន​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុជាតិ​កម្ពុជា​ចំការចេក ក្រោម​ប្រធានបទ ការដោះស្រាយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​រតនៈ នា​ថ្ងៃទី ​២៥​ ខែឧសភា​នេះ ។​

សូមបញ្ជាក់ថា៖ ពលរដ្ឋ ប្រមាណ​ ៥០ ​គ្រួ​សារបាន​ផ្ទុះ​ការតវ៉ា​ជាថ្មី​ទៅកាន់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយ ដែល​ប្រើ​ក្រុមបច្ចេកទេស​របស់ខ្លួន មក​បំពាក់​ឧបករណ៍​បន្ថែមទៀត​លើ​អង់​តែ​ន ដែល​ដាក់​ពីលើ​ដំបូលផ្ទះ​របស់​ពល​រដ្ឋ​ម្នាក់​ឈ្មោះ ​ង៉ែត សារ៉ន ស្ថិតនៅ​ក្នុងភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៧ ខែ ឧសភា ។​

ពលរដ្ឋ​តវ៉ា​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ខ្លាំង​ពី​ជាតិ​វិទ្យុសកម្ម ដែល​ភាយ​ចេញពី​អង់​តែ​ន​នេះ​ប៉ះពាល់​ដល់​សុខភាព​ពួកគាត់ ធ្ងន់ធ្ងរ​ព្រោះ​អង់​តែ​ន​បំពាក់​ឧបករណ៍​ស្អេកស្កះ វា​កំពុង​ស្ថិតនៅ​ពីលើ​ដំបូលផ្ទះ ដែលមាន​ប្រជាជន​រស់នៅ​កកកុញ​។​

​ពលរដ្ឋ​ស្នើ​សុំអោយ​អាជ្ញាធរ​អ​ន្តា​គម​ន៍​ជួយ​អោយ​ក្រុមហ៊ុន​រុះរើ​សម្ភារៈ​ដែល​ទើប​បំពាក់​ថ្មី​ចេញ និង រុះរើ​អង់​តែ​ន​ចេញ​ទៅតាម​ការសន្យា​រប​ស់​ម្ចាស់ផ្ទះ​នាពេល​កន្លងមក​។​

​អ្នក​តវ៉ា​បាន​បញ្ជាក់ថា ម្ចាស់ផ្ទះ​ឈ្មោះ ង៉ែត សារ៉ន នោះបាន​រៀបចំ​តម្លើង​បង្គោល​អង់​តែ​ន​នោះ តាំងពី​ឆ្នាំ​២០០៨ ហើយ​នៅ​ឆ្នាំ​២០១៣ ត្រូវបាន​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ រស់នៅក្នុង​មូលដ្ឋាន​ប្ដឹងតវ៉ា​ទាមទារ​ឲ្យ​រុះ​រើចេញ​វិញ ។ អ្នក​ភួ​មិ​បាន​ប្រាប់ថា កាលនោះ​ម្ចាស់ផ្ទះ​សន្យាថា នឹង​រុះ​រើចេញ​នៅ​ឆ្នាំ​២០១៨ តែ​រហូតដល់​ឆ្នាំ​២០២០​ទៅហើយ ម្ចាស់ផ្ទះ​នេះ​មិន​ព្រម​រួស​រើ​តាម​កិច្ចសន្យា​ទេ​។​

​លោក សំរិត ឆន ចៅសង្កាត់​ទួល​តា​ឯក បាន​បញ្ជាក់ថា​ក្រោយពី​អាជ្ញាធរ​ដោះស្រាយ​រួច ក្រុម​ប្រជាពលរដ្ឋ​
​បាន​សម្តែង​ក្តី​រីករាយ និង សាទរ​ចំពោះ​ដំណោះស្រាយ​របស់​អាជ្ញាធរ​នាពេលនេះ ។​

អត្ថបទ​៖ កញ្ញា ម៉ន ឆ​វ័​ន្ត​