តួនាទី​របស់​អ្នកជិតខាង​ក្នុងការ​រាយការណ៍​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​ដល់​អាជ្ញាធរ​មូលដ្ឋាន​

អំពើហិង្សា​ក្នុង​គ្រួសារ​ហាក់បីដូចជា​រឿង​ធម្មតា​សំរាប់​ប្រជាពលរដ្ឋ អ្នកខ្លះ​គិតថា​ចាន​ក្នុង​រាវ​តែងមាន​ការប៉ះទង្គិច​ជា​រឿង​ធម្មតា អ្នកខ្លះ​គិតថា​ជា​រឿង​គ្រួសារ​គេ មិនគួរ​ចេះដឹង​ឬ​លូកដៃ​ឡើយ​។ អ្នកជិតខាង​ខ្លះទៀត​ខ្លាច​ការសង​សឹក​ពី​ជនល្មើស​, ដូច្នេះ​ពួកគេ​មិនមាន​ទំនោរ​ផ្តល់ជំនួយ​ណាមួយ ឬ​រាយការណ៍​ដល់​អាជា្ញធរ​មូលដ្ឋាន​ឡើយ ទោះបី​កន្លងមក​មានការ​ចូល​រួម​ក្នុងការ​រាយការណ៍​ពី​អ្នកជិតខាង​តិចតួច​ក្តី​ក៏ដោយ​។

​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ទួល​តា​ឯក បាន​រៀបរាប់ថា​៖ ពេលខ្លះ​ការ​រាយ​កាណ៍​ពី​ហិង្សា​នេះ វា​ជា​រឿង​មួយ​ដែល​ល្អ​ព្រោះ​ចេះ​ជួយ​គ្នា​ដើម្បី​លុប​ចំ​បាត់​ហិង្សា​ក្នុង​គ្រួសារ តែ​ប្រើ​សិន​បើ​គ្រួសារ​មួយ​គាត់​មិន​ចង់អោយ​យើង​រាយការណ៍ ហើយ​ទៅ​រាយការណ៍​គេ​ថា​យើង​ចេះដឹង​រឿង​គ្រួសារ​គេ ចឹ​ង​វា​អាច​ខុស សូមអោយ​អាជ្ញាធរ​ជួយ​ការពារ​ដល់​អ្នក​ដែល​រាយការណ៍​នោះ​ផង ។​ អ្នកស្រី​បន្តថា ៖ យើង​ទាំងអស់​ត្រូវ​រួមគ្នា​ដើម្បី​បំបាត់​អំពើហិង្សា​ក្នុង​គ្រួសារ​ក៏ដូចជា​សង្គម​យើង​ដែរ ខ្ញុំ​មិន​ចូលចិត្ត​រឿង​អំពើហិង្សា​នេះ​ទេ ។​

​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួលបន្ទុក​ដោះស្រាយ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ មាន​ភារកិច្ច​រក្សា​ព័ត៌មាន​សម្ងាត់​។ អ្នក​មិនចាំបាច់​ខ្លាច​ជនល្មើស​ទេ ព្រោះ​ជន​នោះ​មិនដឹងថា​នរណា​ជា​អ្នករាយការណ៍​ទេ​។​ក្នុងករណី​មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​នៅពេលដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិនទាន់​មកដល់​កន្លែងកើតហេតុ​, អ្នកជិតខាង​គួរតែ​ជួយ​ក្នុង​ការជម្លៀស​កុមារ​ចេញ​, ផ្តល់នូវ​ការ​ស្នាក់នៅ​ប្រកបដោយ​សុវត្ថិភាព​និង​ជួយផ្ដល់​ភាពកក់ក្ដៅ​ដល់​កុមារ​ទាំងនោះ​៕
​បទយកការណ៍៖ លោក ឈឿន ថៃកឿ