អជ្ញាធរខេត្តបាត់ដំបង ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ជូនពលរដ្ឋ

Phy Sok, [03.08.21 10:12]

ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ជូនពលរដ្ឋ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ថ្លែងថា បន្ទាប់ពីដំណើរការយ៉ាងរលូន ក្នុងការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋក្រុងបាត់ដំបងរយៈពេលជាង២០ថ្ងៃបាន១០ម៉ឺននាក់តាមការគ្រោងទុក ហើយអាជ្ញាធរបានចាប់ផ្ដើមដំណើការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ក្រុងបាត់ដំបង ធ្វើឡើងនៅតាមទីតាំងចំនួន៨កន្លែងផ្សេងៗគ្នា ។

អភិបាលក្រុងបាត់ដំបង បានអំពាវនាវដល់ពលរដ្ឋ ត្រូវមកចាក់វ៉ាក់សាំងដូសទី២ទាំងអស់គ្នា ទៅតាមការកំណត់ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣កុំ ៣ការពារ ទោះបីជាបានចាក់ដូសទី២រួចហើយក្ដី តែហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅតែអាចកើតមានផងដែរ ។

ក្នុងពេលមកទទួលការចាក់វ៉ាក់សាំង ដូសទី២ ពលរដ្ឋបានសម្ដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល រួមទាំងក្រសួងសុខាភិបាល ដែលបានប្រឹងប្រែងស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកគាត់ ដោយគ្មានការរើសអើងឡើយ ហើយពួកគាត់ប្ដេជ្ញារថា បើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ នឹងបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ។

គួរបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង រហូតមកដល់ពេលនេះ មន្ត្រីរាជការ កងកម្លាំង អ្នកមានអទិភាព គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម និងស៊ីណូវ៉ាក់ បានចំនួនជិត ៣០ម៉ឺននាក់ លើផែនការត្រូវចាក់ពលរដ្ឋចំនួនប្រមាណជា ៧០ម៉ឺននាក់ ៕ ភី សុខ