​ក្រសួង​សុខាភិបាល ស្នើ​អភិបាលខេត្ត​ជាប់​ព្រំដែន​វៀតណាម បង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩ និង​ស្នើ​ពលរដ្ឋ​កុំ​ឱ្យ​ទៅ​ប្រទេស​វៀតណាម​

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ បាន​ស្នើ​ទៅ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ជា​ពិ​សេខ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​បង្ការ​ការឆ្លង និង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ពី​ប្រទេស​វៀតណាម​។ លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម បើ​មិន​មាន​ការចាំបាច់​ទេនោះ​។​

​ក្នុង​លិខិត​ជម្រាប​ជូន​ទៅ​អភិបាល​រាជធានី ខេត្ត​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​ធ្វើ​ការកត់សម្គាល់​ថា នៅ​ពេល​ថ្មីៗ​នេះ ប្រទេស​វៀតណាម កំពុង​កើតមាន​ជំងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍​ដោយ​ផ្តើមចេញពី​ក្រុង​ដា​ណា​ង និង​បាន​រាលដាល​ដល់​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ​។ ជាមួយគ្នា​នោះ​ស្ថានភាព​នៃ​ការចម្លង​នៅលើ​ពិភពលោក និង​ក្នុង​តំបន់​ក៏ មិនទាន់​មាន​ការ​ធូរស្បើយ ដោយសារ​នៅ​តែ​មាន​កំណើន​នៃ​ការចម្លង​វីរុស​កូវី​ដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ​នៅឡើយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់​ជាពិសេស​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ដូចជា​ខេត្ត កំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនៈគិរី ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ។​