ខឹងអតីតប្តី ប្រើអំពើហឹង្សាលើកូនស្រី រត់ទៅប្តឹងប៉ូលីស បែករឿងចាប់រំលោភ

ស្រ្តីម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ចស្រុកកំរៀងខេត្តបាត់ដំបង ក្រោយពីអតីតប្តីរបស់ខ្លួនបានវាយធ្វើ ទារុណកម្ម លើកូនស្រីរបស់ខ្លួន ដោយគ្រាន់តែមិនដាំបាយ បែជាបែករឿង ចាប់រំលោភមួយករណីទៀត ។

 

ក្រោយពីបែករឿងចាប់រំលោភសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាឱពុកភ្លាមៗ នៅផ្ទះរបស់ខ្លួនកាលពីម៉ោងជាង៧យប់ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុច ភូមិថ្មី ឃុំត្រាង ស្រុកកំរៀងខេត្តបាត់ដំបង។

អ្នកស្រី កែវ ស្រីអូន អាយុ ៣១ឆ្នាំ បានអោយដឹងថាគាត់បានលែងលះប្តីរបស់គាត់ឈ្មោះ ស៊ឹម ស៊ី ដោយប្រគល់កូនទាំងពីររបស់គាត់អោយរស់នៅជាមួយប្តី នៅភូមិថ្មី ឃុំត្រាងស្រុកកំរៀង ដែលកូនស្រីឈ្មោះ ស ស ល(ជនរងគ្រោះ)អាយុ១៤ឆ្នាំ និង កូនប្រុសអាយុ៨ឆ្នាំ ។

អ្នកស្រីបានអោយដឹងថាស្រាប់តែថ្ងៃទី២៨ខែកញ្ញា កូនស្រីបានប្រាប់គាត់ថា ឱពុកបានវាយទារុណកម្ម លើនាងស្នាមពេញខ្លួន ដោយគ្រាន់តែមិនដាំបាយ ដោយលឺដូច្នេះគាត់បានរត់ទៅប្តឹង សមត្ថកិច្ច ស្រុកកំរៀង នាព្រឹកថ្ងៃទី២៨ពីបទប្រើប្រាស់អំពើហឹង្សាលើកូន ។ អ្នកស្រីបានអោយដឹងថាស្រាប់តែល្ងាចថ្ងៃទី២៩ខែកញ្ញាដដែល កូនស្រីរបស់ខ្លួនបានរត់មកប្រាប់គាត់ថា មិនហ៊ានដេកជាមួយឪពុកនៅផ្ទះទៀតទេ ខ្លាចគាត់ចាប់រំលោភ គ្រាន់តែលឺដូច្នេះគាត់បានសួរដេញដោលកូនស្រី ដោយកូនរៀបរាប់ប្រាប់ថា ក្នុងអំឡុងខែកញ្ញាឆ្នាំ២០២១នេះ ដោយខ្លាចខ្មោច កូនស្រីបាននាំប្អូន ប្រុសទៅដេក ជាមួយឪពុកនៅកញ្ចុះក្បែរផ្ទះ ដោយយប់នោះឱពុកនាងបានខ្ទប់មាត់បម្រុងរំលោភនាងតែមិនបានសម្រេច ។ថ្ងៃក្រោយមកទៀតឪពុកចាប់ដដែល រហូតដល់បី លើក ទើបរំលោភសម្រេចម្តង។

អ្នកស្រីជាម្តាយបានអោយដឹងថា ក្រោយពីសាកសួរកូនស្រីហើយ គាត់បានរាយការណ៍ទៅសមត្ថកិច្ច អធិការនគបាលស្រុកកំរៀង បន្ថែម ក្រោយមកសមត្ថកិច្ចបានមកឃាត់ខ្លួនឳពុកដែលជាអតីតប្តីរបស់ខ្លួន ទៅកាន់អធិការនគបាលស្រុកកំរៀងតែម្តង។

លោក ង៉ែត វណ្ណា អធិការរងទទួលបន្ទុកព្រហ្មទ័ណ្ឌ នៃអធិការស្រុកកំរៀងបានអោយដឹងថា មកទល់ព្រឹកថ្ងៃទី ៣០ខែកញ្ញា នេះ កម្លាំងលោកកំពុងនាំឳពុកដែលជាជនសង្ស័យ ទៅធ្វើសំណាកសិន និងបន្ត ធ្វើការសាកសួរ ដើម្បីកសាងសំណុំ រឿងចាត់ ការ តាមផ្លូវច្បាប់ ៕ ភី សុខ