ការលើកលែងបង់ប្រាក់ លើតម្លៃទិដ្ឋាការ ចេញ ចូល(Re-Entry) តាមច្រកព្រំដែន កម្ពុជាថៃ ក្នុងអំឡុងពេល បុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ ទទួលបានការអបអរសាទរ យ៉ាងខ្លាំងពីសំណាក់ពលករ ខ្មែរដែលកំពុងរស់នៅ ធ្វើការក្នុងប្រទេសថៃ។
លោកសុខហុីម និងកញ្ញា ហៃសុជាតា ជាពលករខ្មែរ ដែលកំពុងរស់នៅធ្វើការ ក្នុងប្រទេសថៃ បានបង្ហាញការសប្បាយចិត្ត កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ យ៉ាងខ្លាំង នៅពេលទទួលបានព័ត៌មានថា រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃ សេវាលើការធ្វើដំណើរ ទៅវិញទៅមក(Re-Entry) ក្នុងអំឡុងពេល បុណ្យចូលឆ្នាំខ្មែរ សម្រាប់ពលករខ្មែរ ដែលកំពុងរស់នៅធ្វើការ ក្នុងប្រទេសថៃទាំងអស់។ ទន្ទឹមនឹងនេះ លោកនឹងកញ្ញា ក៏បាន ថ្លែងអំណរគុណ យ៉ាងខ្លាំង ដល់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត ចំពោះការអនុគ្រោះនាពេលនេះ។
ទន្ទឹមនឹងនោះ ពលរដ្ឋខ្មែររស់នៅធ្វើការ ក្នុងប្រទេសថៃបានលើកឡើងថា ការចរចា ដោយជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា និងថៃ ចំពោះការមិត្តយកថ្លៃ ទិដ្ឋាការ ចេញចូល (Re-Entry) របស់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលចូលឆ្នាំ នេះគឺជាសមិទ្ធផលមួយថ្មីទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់ ដល់សុខទុក្ខពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅ ប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៨ ខែ កុម្ភៈឆ្នាំ២០២៤ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេច មិនយកថ្លៃ ទិដ្ឋាការ ចេញចូលប្រទេសថៃ(Re-Entry) ដើម្បីកាត់បន្ថយការចំណាយ ពលករខ្មែរ ដែលធ្វើដំណើរត្រឡប់ មកកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។ កន្លងមករាជរដ្ឋាភិបាល កម្ពុជាធ្លាប់បានស្នើសុំ បញ្ចុះតម្លៃទិដ្ឋាការចេញចូល ប្រទេសថៃពី ១៩០០បាត មកត្រឹម៥០០ បាត។ ប៉ុន្តែពេលនេះ តម្លៃទិដ្ឋាការនេះ ត្រូវបានសម្រេច មិនយកឡើយ ចាប់ពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤៕ ប្រភព APP