ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក ស្រុក​សំពៅ​លូន

​គណៈប្រតិភូ​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​ឯកឧត្តម ងួន​រតនៈ អភិបាល​នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង រួម​ជាមួយ​ក្រុមហ៊ុន​សូ​គី​មិច ដែល​ជា​សម្ព័ន្ធមេត្រីភាព បាន​អញ្ជើញ​ចុះសួរសុខទុក្ខ នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក លេខ 817 ស្រុក​សំពៅ​លូន នៅ​នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក លេខ 819 ស្រុក​កំរៀង កាលពី​ថ្ងៃ​ទី ទី 9 ខែកញ្ញា​នេះ​។​

​ក្នុង​ប្រសាសន៍​សំណេះសំណាល ឯកឧត្តម​ងួន​រតនៈ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្លាំង វីរៈសេនា​តូច ការពារ​ព្រំដែន​គោក ទាំង​ពីរ​វរ ដោយ​បញ្ជាក់​ថា នេះ​ជា​ប្រពៃណី របស់​រដ្ឋបាល​ខេត្ត ជាមួយ​សម្ព័ន្ធមេត្រីភាព ក្រុមហ៊ុន​សូ​គី​មិច ដែល​តែង​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅ​មុន​ពេល​រដូវ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចូលមក​ដល់ ក្នុង​គោលដៅ​លើកទឹកចិត្ត ដល់​កម្លាំង​នគរបាល ការពារ​ព្រំដែន​គោក​ទាំងអស់ ដែល​ខិតខំ​បំពេញភារកិច្ច ចំពោះមុខ ដែល​រាជរដ្ឋាភិបាល​ប្រគល់ឲ្យ ដោយ​ទទួលបាន​លទ្ធផល យ៉ាង​ល្អ ពោល​គឺ​នៅ​តាម​បណ្ដោយ​ព្រំដែន របស់​យើង នឹង​ប្រទេស​ជិតខាង មិន​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​។ ឯកឧត្តម​បាន​បញ្ជាក់ទៀតថា ក្រៅ​ពី​ភារកិច្ច ការពារ​ព្រំដែន​គោក កម្លាំង​នគរបាល​របស់​យើង ក៏​បាន​រួមចំណែក យ៉ាង​សកម្ម​ក្នុង​ការ អនុវត្ត​នូវ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ពិសេស​បាន​ចូលរួម​ក្នុង​ការអភិវឌ្ឍន៍ មូលដ្ឋាន​ភូមិ​ឃុំ ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទៀតផង​។ ជាងនេះទៀត កម្លាំង​ការពារ​ព្រំដែន គោក​របស់​យើង ក៏​បាន​ចូលរួម​យ៉ាង​សកម្ម ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល ក្នុង​កិច្ចការពារ ការរីក​រាលដាល ជំងឺ​កូវិត 19 បាន​យ៉ាង​សកម្ម ពិសេស​ចូលរួម​ពិនិត្យ ដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ទៅតាម​គោលការណ៍ ណែនាំ របស់​ក្រសួង​សុខាភិបាល​ទៀតផង​។ ដូចនេះ​សូម​ឱ្យ​កម្លាំង​នគរបាល ការពារ​ព្រំដែន​គោក​របស់​យើង បន្ត​សកម្មភាព​នេះ​ទៀត ដើម្បី​ជាតិ​និង​ប្រជាពលរដ្ឋ​យើង​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត និង​ក្រុមហ៊ុន​សូ​គី​មិច បាន​ពាំនាំ​នូវ គ្រឿង​បរិភោគ​មួយចំនួន មក​ចែក​ជូន​ដល់ វីរៈសេនា​តូច ទាំងពីរ ដោយ​ក្នុង​មួយ វរ​សេនា​តូច​ទទួលបាន សាច់ជ្រូក 100 គីឡូក្រាម នំ​អន្សម 1 ស្លឹក ព្រមទាំង​មី​ភេសជ្ជៈ​មួយចំនួន និង​ថវិកា 4 លាន​រៀល​ដែល​ជា​របស់​រដ្ឋបាល​ខេត្ត និង 2​លាន​រៀល​ទៀត​របស់​ក្រុមហ៊ុន សូ​គី​មិច​៕
​អត្ថបទ​ម៉ូត​វ៉ោយ​ហូរ ។​