រយៈពេល៩ថ្ងៃខេត្តបាត់ដំបងទទួលបានអ្នកចុះឈ្មោះបោះឆ្នោតថ្មីជិត៨ ០០០នាក់ ក្នុងចំនួនប៉ាន់ស្មានអ្នកដែលអាចមកចុះឈ្មោះបោះឆ្នោតជាង១២ ០០០នាក់


លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងខេត្តបាត់ដំបង មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន៧ ៩៦០នាក់ ស្មើនឹងជាង៧៤ភាគរយ នៃចំនួនប៉ាន់ស្មានអ្នកដែលអាចមកចុះឈ្មោះបោះឆ្នោត១២ ៩៣១នាក់ ខណៈអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៣មានចំនួន៦៧០ ៦៦៣នាក់។
លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបងថ្លែងឱ្យដឹងថា ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ក្នុងរយៈពេល៩ថ្ងៃកន្លងមកនេះប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ មិនមានករណីហិង្សា ឬបាតុភាពមិនប្រក្រតីណាមួយកើតឡើងនោះឡើយ។
លោកថ្លែងនេះខណៈធ្វើសហប្រធានជាមួយលោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ និងប្រជុំចម្រុះស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបងខាងលើក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តសហការដើម្បីឱ្យការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៤ប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ទៅដោយជោគជ័យតាមការគ្រោងទុក។