សម្ដេចក្រឡាហោមសខេង បានមានប្រសាសន៍ថា ឆ្នាំនេះយើង មិនបានធ្វើបុណ្យអុំទូក ដូចឆ្នាំមុនៗទេ

នៅក្នុងពិធី ប្រកាសចូលកាន់ មុខតំណែង អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១១ ខែតុលានេះ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឥឡូវនេះយើង ចូលដល់ខែតុលា គឺខែ ១0 ហើយ តាមការសិក្សា របស់រាជរដ្ឋាភិបាល គឺឆ្នាំនេះយើង មិនបានធ្វើបុណ្យ អ៊ុទូក អកអំបុក សំពះព្រះខែ ដូចបណ្ដាឆ្នាំមុនៗទេ ដោយសារបញ្ហា ជំងឺកូវិត ១៩ នេះឯង។

ប៉ុន្តែនៅឆ្នាំ ២០២២ ដែលនឹងឈានមកដល់នោះ យើងមានព្រឹត្តិការណ៍ធំៗ ទីមួយទាក់ទង និងការបោះឆ្នោត ជ្រើសរើសឃុំសង្កាត់ នេះជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់មួយរបស់ ប្រទេសជាតិយើង ដែលមិនអាចរំលងបាន ក្នុងគោលបំណង ដើម្បីពង្រឹងគ្រឹះ លទ្ធិប្រជាធិបតេយ្យផង ហើយក៏ដើម្បី ជំរុញកំណែទម្រង់ តាមបែបវិមជ្ឈការ វិសហមជ្ឈការ ដើម្បីដាក់រដ្ឋបាល ឱ្យនៅកៀកជិត និងប្រជាពលរដ្ឋ ហើយរួមគ្នា ដើម្បីកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ រួមគ្នាពង្រឹង ភាពធ្វើជាម្ចាស់ របស់រដ្ឋបាលមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋ ក្នុងការការពារ សន្តិសុខ ក្នុងការដោះស្រាយ នៅសំណើ សំណូមពរ បញ្ហានានា ជាមួយប្រជាពលរដ្ឋ។ ក្រៅពីនេះព្រឹត្តិការណ៍ នៃការទទួល ធ្វើជាប្រធានប្តូរវេន នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលយើងហៅថា អាស៊ាន អញ្ចឹង និងមានការប្រជុំ ជាច្រើនទាក់ទង និងតួនាទីរបស់យើង ជាប្រធាននេះ។

ហើយក្រសួងមហាផ្ទៃ និងក្រសួងមួយចំនួនទៀត បានទទួលយក នៅតំណែង ជាប្រធានប្តូរវេន រួចមកហើយ តាមសមត្ថកិច្ច របស់ខ្លួននីមួយៗ។ ហើយក៏អាចមានការប្រជុំ អាស៊ីអឺរ៉ុប ដែលបានលើកកន្លងមក ដោយសារគំនិត ១៩ ហើយក៏នៅមាន មតិ២ នៅឡើយ ទីមួយ គឺឲ្យមានការប្រជុំ ទល់មុខ និងទី ២ ចង់ឲ្យមានការប្រជុំ តាម Zoom តែនៅមិនទាន់ជាក់លាក់ ព្រោះអាចមានបញ្ហា ថាបើប្រជុំ ទល់មុខ អាចថាអ្នកខ្លះ សម្រេចចិត្តមិនចូលរួម ដោយសារជំងឺកូវិត ១៩ ឬបញ្ហាដទៃទៀត នៅក្នុងតំបន់អាស៊ាន ដែលកំពុងមានបញ្ហា សព្វថ្ងៃនេះ តែទោះជាយ៉ាងណា យើងត្រូវតែត្រៀមលក្ខណៈ។ ហើយបន្ទាប់ពីនោះ ឆ្នាំ ២០២៣ យើងដឹងហើយ ការបោះឆ្នោតជាតិ តាមច្បាប់កំណត់ ដែលយើងមិនអាច ខកខានបានទេ ហើយក៏មានការប្រកួត កីឡាស៊ីហ្គេមផង ទាំងនេះជាកិច្ចការធំៗ ដែលយើងទាំងអស់គ្នា ត្រូវតែ ក្តាប់ឲ្យបានជាប់ ហើយត្រូវតែចូលរួម គាំទ្រ ជាការលើកមុខមាត់ កិត្យានុភាព របស់ព្រះរាជាណាចក្រកម្ពុជាយើង៕ អត្ថបទ ម៉ូតវ៉ោយហូរ