​ប្រជាពលរដ្ឋ​ច្រើន​កុះករ បានមក​កំសាន្ត​សប្បាយ ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ឆ្នាំ​២០១៩ ខេត្តបាត់ដំបង

​ប្រជាពលរដ្ឋ តាម​បណ្តា​ស្រុក និង ​ខេត្ត​ផ្សេងៗ បានមក​ចូលរួម ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ក្នុង​ខេត្តបាត់ដំបង យ៉ាងច្រើន​កុះករ ។ ពួកគាត់​បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ ក្នុងការ​ទស្សនា ការប្រណាំង​ទូក និង​តាំង​ពិ​ពណ៌​ផលិតផល ហើយ​ពេលនា​ត្រី​ទស្សនា​ទិដ្ឋភាព​បាញ់​កាំ​ជ្រូច ជាដើម ។

កំពុង​ទស្សនា ការប្រណាំង​ទូក កញ្ញា ស្រី​រត្ន មកពី​ស្រុក​កំរៀង បានបង្ហាញ​អារម្មណ៍​រីករាយ ដែល​បានមក ទស្សនា​ទិដ្ឋភាព ពី​ធី​បុណ្យអុំទូក ដែលមាន​មនុស្ស​យ៉ាងច្រើន តាម​ដងស្ទឹង ។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត កំពុង​ពរ​កូនតូច មកពី​ខេត្តបន្ទាយមានជ័យ​ប្រាប់ថា ការចូលរួម​របស់​ព​ល​រដ្ឋ ក្នុង ពិធីបុណ្យ​អុំទូក​ច្រើន ។ ពលរដ្ឋ​រូបនេះ​បញ្ជាក់ថា ការប្រណាំង​ទូក​នេះ ជា​សាមគ្គីភាព​យ៉ាងរឹងមាំ របស់​ពលរដ្ឋ​ខ្មែរ ។

គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​អុំទូក​ខេត្តបាត់ដំបង បានរៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ដែលមាន​រយៈពេល ២ ថ្ងៃ ចាប់ពី ​ថ្ងៃទី​១២ ដល់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ។​
​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​ខេត្តបាត់ដំបង ឆ្នាំ ២០១៩​នេះ មាន​កីឡាករ កីឡា​កា​នី ចំនួន ១០៦៥ នាក់ និង​ទូក​ចូលរួម​ប្រកួត​ចំនួន ២៦ ទូក ក្នុង​ទូកខ្លី​ចំនួន ២០ ទូក ទូកវែង ចំនួន ៦​ទូក ដោយ មិនមាន​ទូក​មកពី​ខេត្ត​ផ្សេង​ចូលរួម​ប្រកួត​នោះទេ​។​

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ថ្លែង​ក្នុង​ពិធី​បិត​បញ្ចប់​នៃ​ការ​ប្រណាំងទូក​ឆ្នាំ ២០១៩​នេះ​ថា ការ​ប្រារព្ធ​ពី​ធី​ប្រណាំងទូក​នេះ​ឡើង គឺ​ផ្សាភ្ជាប់ ទំ​លាម​ទម្លាប់​ប្រពៃណី​ខេត្តបាត់ដំបង និង​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​កាន់តែច្រើន​។ ឯកឧត្តម ក៏បាន​ប្រកាស ទូក​ទទួលបាន ចំណាប់​ថ្នាក់​លេខ​១ ,​លេខ​២ និង លេខ​៣ ផងដែរ ។​

«​ចំណាប់​ថ្នាក់​លេខ​១ ទូក នរិន្ទ​រង្សី​ស្រី​ស​ពិជ័យ ចិត្រ​បុត្រ ,​លេខ​២​បាន​ទៅលើ​ទូក មោង​ឬ​ស្សី​បារមី​ដំបង​ដែក​, លេខ​៣ សុវណ្ណ​ភេត្រា​បាត់ដំបង ស​ជ័យ ទូក​របស់​ក្រុង​បាត់ដំបង ។

​ឱកាស​នោះដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បិត​បញ្ចប់​ការ​ប្រណាំងទូក​ខេត្តបាត់ដំបង មានប្រសាសន៍ថា ការរៀបចំ​ ពី​ធី​អុំទូក​ខេត្តបាត់ដំបង ដើម្បី​ត្រៀម អប់អរសាទ ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​និង​ឈាន មកដល់​ខាងមុខនេះ ។​

​សូមបញ្ជាក់ថា៖ នៅពេល​រាត្រី​ពិសេស​យប់​ចុងបញ្ចប់​នៃ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប នា​ព្រះ​ច័ន្ទ​ពេញ​បូរ​មី ទិដ្ឋភាព​តាម​ដងស្ទឹង​សង្កែ មាន​ការបាញ់​កាំជ្រួច បណ្តែតប្រទីប បង្ហោះគោម និង​មានការ​ប្រគុំ​តន្ត្រី ដែលមាន​មនុស្ស​ចូលរួម ដើរ​កំសាន្ត សប្បាយរីករាយ យ៉ាងណា​ច្រើន​កុះករ ។

អត្ត​បទ​៖ ញ៉ែម ចាន់​