អាជ្ញាធរ​ខេត្ត​បាត់ដំបង អន្តាគ​មន៍ បញ្ហា​កង្ខះ ខាត​ទឹក ប្រើប្រាស់ របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​ព្រះ​

អភិបាលខេត្ត​បាត់ដំបង បាន​ចាត់​អោយ អភិបាលរង​ខេត្ត​មួយរូប​ធ្វើ​ការដឹកនាំ​ក្រុមការងារ​ចុះ​អន្តារគមន៍ នាំ​ទឹក​ចុះ​ពី​ទំនប់ កង្ហត ដាក់ តាម​ប្រឡាយ ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពុង​ព្រះ ស្រុក​សង្កែ ដែល​កំពុង​ខ្វះ ខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ។​

​ការចាត់​មន្ត្រី​អន្តារគមន៍​ភ្លាមៗ​នេះ​ខណៈ​ឯកឧត្តម ងួន​រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ស្ថានភាព ទឹក​តាម ប្រឡាយ ក្នុង​ភូមិសាស្ត្រ​ស្រុក​សង្កែ ពិសេស​ឃុំ​កំពង់ព្រះ​ដែល​កំពុង​ប្រឈម​កង្ខះខាត​ទឹក​ប្រើប្រាស់ នា​ថ្ងៃ​អង្គារ៍ ដើម សប្តាហ៍​នេះ ។​

​លោក សុខ ហឿន អភិបាល​ស្រុក​សង្កែ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាល​អោយ​ឃុំ​កំពង់ព្រះ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដោយសារ​ទីតាំង​ភូមិសាស្ត្រ​ឃុំ​នេះ​ស្ថិតនៅ​កណ្តាល​គេ ប្រភពទឹក​អាច​នាំ​បានតែ​ទំនប់​កង្ហត​មួយ​ប៉ុណ្ណោះ មិន​អាច​នាំ​ពី​ស្ទឹង​សង្កែ​បាន​នោះ​ទេ ។​

​លោក​អភិបាលស្រុក​បញ្ជាក់ថា​ការនាំ​ទឹក​មក​អោយ​ពលរដ្ឋ​ប្រើប្រាស់​នេះ​គឺ​ត្រូវ​ប្រើពេល​យូរថ្ងៃ​ទើប​ធ្លាក់​ដល់​ប្រឡាយ​តាម​ភូមិ ព្រោះថា​មាន​ឧស​គ្គ​មួយ​ចំនួន​ដូចជា ប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្សេង​ស្ថិត​នៅ​ប៉ែក​ខាងលើ មិន​ត្រឹមតែ​បូម​ដាក់​ស្រះ​នោះទេ អ្នកភូមិ​ខ្លះ​បាន​បូម​ដាក់​ស្រែ​ទៀត ដែល​ជា​បញ្ហា​ធ្វើ​អោយ​កម្លាំង​ទឹក​ហូរ​មក​យឺត អាច​មិន​គ្រប់គ្រាន់​សម្រាប់​អ្នក​ខាងក្រោម​។​

​ទាក់ទង​បញ្ហា​នេះ ឯកឧត្តម ងួន​រតនៈ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ប៉ែក​ខាងលើ រស់​នៅ​ជាប់​នឹង​ប្រឡាយ ដែល​កំពុង​នាំ ទឹក​មក​ពេល​នេះ កុំ​នាំគ្នា​បូមទឹក​ធ្វើស្រែ​ឲ្យសោះ ព្រោះ​ទុក​ឲ្យ​ទឹក​ធ្លាក់​ទៅ​ដល់​ឃុំ​កំពង់​ព្រះ ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ទីនោះ បាន​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង និង​មិន​ត្រូវ​នាំ​បំបែក​តាម​ប្រឡាយ​ផ្សេងៗ ទៅកាន់​កន្លែង​ណា​នោះទេ​៕

​អត្ថ​បទៈ ភី សុខ​
​រូបភាពៈ​រដ្ឋបាលខេត្ត​