ឯកឧត្តម អ៊ុត ក្លឹង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋាករទឹកបាត់ដំបងប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តន៍បន្តសម្រាប់ឆ្នាំ២០២៥

បាត់ដំបង៖ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋាករទឹកបាត់ដំបងប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារអនុវត្តន៍បន្តសម្រាប់ឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅរដ្ឋាករទឹកបាត់ដំបង។

ឯកឧត្តម អ៊ុត ក្លឹង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីក្ដាប់សភាពការណ៍ និងវាយតម្លៃលើលទ្ធផលការងារដែលរដ្ឋាករទឹកបាត់ដំបងសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍បន្តនៅឆ្នាំ២០២៥ដោយផ្តោតលើការបម្រើសេវាជូនពលរដ្ឋ ការពង្រីកបណ្ដាញ និងការផ្គត់ផ្គង់ទឹកដែលមានគុណភាពដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្អប្រសើរ។

ឯកឧត្តម អ៊ុត ក្លឹង ថ្លែងបន្ថែមថា ជាទិសដៅបន្តរដ្ឋាករទឹកបាត់ដំបងនឹងពង្រីកបណ្តាញមេ-មេរងបន្ថែមក្នុងតំបន់សេវាកម្ម ពង្រឹងលើការងារថែទាំ ជួសជុលប្រព័ន្ធផលិតកម្ម បង្កើនការបំពាក់ក្បាលវ៉ានបាញ់ទឹកសម្រាប់ពន្លត់ភ្លើងបន្ថែមទៀតនៅតាមតំបន់ទីប្រជុំជន និងថែទាំវ៉ានអគ្គិភ័យដែលមានស្រាប់ ដើម្បីធានាបាននៅពេលអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាក្នុងករណីកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។

ឯកឧត្តម អ៊ុត ក្លឹង សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមជួយរក្សាអនាម័យបរិស្ថានជុំវិញប្រភពទឹក ជាពិសេសទឹកស្ទឹងសង្កែដែលជាប្រភពទឹកដ៏សំខាន់ក្នុងការផលិតទឹកស្អាតផ្គត់ផ្គត់ជូនអតិថិជន។

សំឡេងឯកឧត្តម អ៊ុត ក្លឹង……………………………………………………………………………….។

ឯកឧត្តម អ៊ុត ក្លឹង ថ្លែងឱ្យដឹងទៀតថា បច្ចុប្បន្នេះក្រុមការងារកំពុងពន្លឿនការសាងសង់ស្ថានីយបូមទឹកឆៅ១កន្លែង និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតមានសមត្ថភាពផលិត៥០០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ដែលមានទីតាំងនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង និងការងារពង្រីកបំពង់មេទឹកស្អាតប្រវែង ៩៤គីឡូម៉ែត្រ។

ឯកឧត្តមអគ្គនាយករដ្ឋាករទឹកបាត់ដំបង បញ្ជាក់បន្ថែមថា សមត្ថភាពរោងចក្រផលិតទឹកស្អាតថ្មីមួយនេះ បូករួមនឹងរោងចក្រផលិតទឹកស្អាតដែលបាននិងកំពុងដំណើរការបច្ចុបន្នចំនួន២ទីតាំងនឹងធ្វើឱ្យរដ្ឋាករទឹកបាត់ដំបងមានសមត្ថភាពផលិតកើនដល់ទៅ ៨ ៣៥២០ម៉ែត្រគូប ក្នុង១ថ្ងៃ និងបំពង់បណ្តាញទឹកស្អាតមានប្រវែងសរុប ៩២២គីឡូម៉ែត្រ ដែលមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ ក្នុងការផ្គត់ផ្គង់ទឹកស្អាត មិនត្រឹមតែអាចគ្របដណ្តប់ក្នុងដែនសេវាកម្មអាជ្ញាប័ណ្ណ រដ្ឋាករទឹកបាត់ដំបងផ្ទាល់នោះទេ គឺអាចមានលទ្ធភាពចែកចាយនៅតំបន់ខាងក្រៅផ្សេងៗទៀតដែលស្ថិតនៅជុំវិញនោះទៀតផង។

ឯកឧត្តមអគ្គនាយក សង្កត់ធ្ងន់ថា ការអភិវឌ្ឍរោងចក្រផលិតទឹកស្អាតខ្នាតធំនេះ គឺដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ និងតម្រូវការទឹកស្អាត ព្រមទាំងការអភិវឌ្ឍន៍ក្រុង និងទីប្រជុំជននានា ក្នុងការលើកសុខភាពសាធារណៈ និងជីវភាពរបស់ប្រជាជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕