ប្រសិទ្ធភាព ​នៃ​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ​

ច្បាប់​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​អាវុធជាតិផ្ទុះ​ក្លាយជា​កម្មវត្ថុ​នៃ​កម្មសិទ្ធិ ឬ​ការជួញដូរ​ឡើយ លើកលែង​តែមាន​បញ្ញត្តិ​ពិសេស​ចែង​។ ប៉ុន្តែ​ច្បាប់​បានអនុញ្ញាត​ឲ្យ​បុគ្គល​មួយចំនួន អាចមាន​សិទ្ធិ​កាន់កាប់ ឬ​ប្រើប្រាស់​នូវ​អាវុធ​ទាំងនោះ​នៅក្នុង​ទំហំ​ដែន​កំណត់​មួយ​ដែល​បម្រើ​ដល់​ប្រយោជន៍​សង្គម​ទូទៅ​។​ជាទូទៅ​បុគ្គល​ដែលមាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​អាវុធជាតិផ្ទុះ មានដូចជា កងយោធពល​ខេមរៈភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំង​នគរបាលជាតិ កងជីវពល កងសន្តិសុខ​នៃ​ធនាគារជាតិ រួមទាំង​មន្ត្រីរាជការ​ស៊ីវិល​មួយចំនួនទៀត​ដែល​ច្បាប់​បានអនុញ្ញាត​។

បុគ្គល​ទាំងអស់នេះ​អាច​ប្រើប្រាស់​អាវុធជាតិផ្ទុះ​បាន ដោយ​ចាំបាច់​ត្រូវមាន​លិខិតអនុញ្ញាត ឬ​លិខិត​បញ្ជា​បេសកកម្ម​របស់ខ្លួន ដែល​ចេញ​ដោយ​ក្រសួងមហាផ្ទៃ ឬ​ក្រសួងការពារជាតិ ឬ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​ខ្លួន​ស្ថិតនៅក្រោម​ចំណុះ​។ ប្រសិនបើ​ការគ្រប់គ្រង ឬ​ប្រើប្រាស់​អាវុធ​ដោយ​មិន​គោរព តាម​លក្ខខណ្ឌ​ខាងលើនេះ​ទេ នោះ​មានន័យថា ការប្រើប្រាស់​នោះ​មិន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ឡើយ ហើយ​ត្រូវ​ទទួលទោស​តាមច្បាប់​។​

លោក​វរៈ​សេនីយ៍​ទោ មៀន ចាន់​លី នាយការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​មានប្រសាសន៍ថាៈ អាវុធជាតិផ្ទុះ​គឺជា​អាវុធ​ទាំងឡាយណា​ដែល​អាច​សម្លាប់​ជីវិត​មនុស្ស​និង​សត្វ ធ្វើអោយមាន​របួស ឬ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​ជាដើម​។ អាវុធជាតិផ្ទុះ​រួមមានៈ (១) កាំភ្លើង​វែង កាំភ្លើងខ្លី​គ្រប់​ប្រភេទ (២) កាំភ្លើង​ប្រភេទ​ឧស្ម័ន​ហៀរ​ទឹកភ្នែក ឬ​សន្លប់ ឬ​ឧស្ម័ន​ពុល (៣) កាំភ្លើង​ស្វ័យប្រវត្តិ ពាក់កណ្តាល​ស្វ័យប្រវត្តិ​គ្រប់​ប្រភេទ (៤) កាំភ្លើង​ខ្ទប់​សម្លេង ឬ​ឧបករណ៍​ខ្ទប់​សម្លេង (៥) រ៉ុ​ក​កែ​ត​គ្រប់​ប្រភេទ (៦) អាវុធ​គីមី​គ្រប់​ប្រភេទ (៧) អាវុធ​ជីវសាស្ត្រ​គ្រប់​ប្រភេទ (៨) ដំបងឆក់​គ្រប់​ប្រភេទ (៩) គ្រាប់បែក គ្រាប់មីន​គ្រប់​ប្រភេទ (១០) ជាតិ​ផ្ទុះ ឬ​សារធាតុ​ផ្ទុះ​គ្រប់​ប្រភេទ (១១) គ្រាប់កាំភ្លើង​គ្រប់​ប្រភេទ​» ។

​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង ​គ្រាប់រំសេវ ក្នុង​មាត្រា ២០ បាន​បញ្ញត្តិ​ថា ៖ ជន​ណា​ដែល​បំពាក់​ដាក់​តាម​ខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឲ្យ​ខ្ចី ផ្ទេរ ចែកចាយ ជួល កែឆ្នៃ តម្លើង ជួសជុល​នូវ​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ៦ (​ប្រាំមួយ​) ខែ ទៅ ២ (​ពីរ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥០០,០០០ (​ហាសិប​ម៉ឺន​) រៀល ដល់ ២,០០០,០០០ (​ពីរលាន​) រៀល ដោយ​ពុំទាន់​គិតពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។ លោក​បាន​បន្តថា ចំពោះ​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ​របស់​ការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​អោយមាន​ប្រសិទ្ធភាព​គឺ​ទទួលបាន​ការចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​ស្នងការ​ លោកឧ​ត្ត​ម​សេនីយ​ទោ អ៊ុច សុខុន បានដាក់​បទបញ្ជា​តាម​បណ្ដា​អធិការ​ក្រុង​ស្រុក​ព្រមទាំង​ការិយាល័យ​ជំនាញ ព្រមទាំង​ស្ថាប័ន​ស៊ីវិល​ដែលមាន​អាវុធ​ប្រើប្រាស់​នៅក្នុង​ដៃ​ត្រូវតែ​មក​ចុះបញ្ជី​ធ្វើ​ច្បាប់​ប្រើប្រាស់​អាវុធ​នៅក្នុង​អង្គភាព​គ្រប់គ្រង​អាវុធជាតិផ្ទុះ​អោយបាន​ត្រឹមត្រូវ​។

ដោយឡែក​អាវុធ​ដែល​នៅតាម​ទីវាល​ដែល​សមត្ថកិច្ច​មិនបាន​ដឹង​គឺ​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច ឬ​រាយការណ៍​ទៅ​ស៊ីម៉ាក់​យកមក​រក្សាទុក ឬ​កម្ទេចចោល​។ សរុបមក អាវុធជាតិផ្ទុះ​គ្រប់​ប្រភេទ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​តាមច្បាប់ ហើយ​ជាទូទៅ​បុគ្គល​ដែល​បាន​ប្រព្រឹត្តិ​ល្មើ​សនឹង​ច្បាប់​នេះ ត្រូវបាន​ផ្តន្ទាទោស​ជា​បន្តបន្ទាប់​ដោយ​មិន​លើកលែង ។ ការកំណត់​នូវ​សិទ្ធិ​ក្នុងការ​គ្រប់គ្រង ឬ​កាន់កាប់​អាវុធ​នេះ គឺ​អាចជួយ​គ្រប់គ្រង​នូវ​សកម្មភាព​អសកម្ម​របស់​មនុស្ស​មួយចំនួន ក្នុង​គោលបំណង រក្សា​នូវ​សណ្ដាប់ធ្នាប់​សង្គម ក៏ដូចជា​ទប់ស្កាត់​នូវ​រាល់​សកម្ម​ភាពជា​បទល្មើស​ផ្សេងៗ​៕

​អត្ថបទ៖ កញ្ញា រិន ម៉ារីយ៉ាន