WHO ព្រមាន​ថា ពិភពលោក​ប្រឈម​នឹង COVID-19 បន្ត​អូសបន្លាយ​ពេល​យូរ​ទៀត​

សារព័ត៌មាន​CNA​បាន​រាយការណ៍​ថ្ងៃនេះ​ថា អង្គការ​សុខភាព​ពិភពលោក​(WHO )​បាន​ព្រមាន​ថា​វិបត្តិ​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​Covid-19 មិន​អាច​បញ្ចប់​ក្នុង​ពេល​ឆាប់​នោះទេ ព្រោះ​ប្រទេស​ខ្លះ​ទើបតែ ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ប៉ុណ្ណោះ​។​
​ជំងឺ​នេះ​បាន​ធ្វើអោយ​វិស័យ​សុខាភិបាល ក្នុង​លោក ជួប​គ្រោះអាសន្ន ចរន្ត​សេដ្ឋកិច្ច​ទាំងមូល កំពុង​រងគ្រោះ វិស័យ​ពាណិជ្ជកម្ម​កំពុង​ស៊ូ​ដើម្បី​រស់ មនុស្ស​រាប់លាន​នាក់​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​និង​រាប់លាន​នាក់ ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​។​

​អង្គការ​សុខភាព​ពិភពលោក បាន​អំពាវនាវ​ឲ្យ​ប្រជាជាតិ​ទាំងអស់ ប្រឹងប្រែង​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា (COVID-19) នេះ​បន្ត​ទៅមុខ​ទៀត ព្រោះ​ជំងឺ​នេះ​វា​ស្ថិត​នៅ​ជាមួយ​យើង​យូរអង្វែង​បន្តទៀត សូម​កុំ​ទ្វេ​ស​ប្រហេស និង សាង​កំហុស ។​

​ជំងឺ​រាតត្បាត​សកល​មួយ​នេះ បាន​ផ្តាច់​ជីវិត​មនុស្ស​កើន​ដល់​ជាង ១៨០,០០០​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ជាង ២.៦​លាន​នាក់ នៅក្នុង​ប្រទេស និង​ដែន​ដី​សរុប ២១០ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ៕
​ភី សុខ​