ពលរដ្ឋ​ដែល​មក​លេង​តាម​សួន​នានា​ក្នុង​ក្រុង​បាត់ដំបង​នឹង​ទទួលបាន​ការលេង​វ៉ា​យ​ហ្វាយ​ព្រី​

​អជ្ញាធរ​ខេត្តបាត់ដំបង​បាន​អនុញាតិ​អោយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយ លើក​ផ្ទាំង​វ៉ា​យ​ហ្វាយ ចំនួន​១៥ នៅតាម​បណ្តោយ​សួន​មាត់​ស្ទឹង​សង្កែរ ចាប់​ពី​គល់​ស្ពាន​ថ្ម​ថ្មី​រហូតដល់​ស្ពាន​សម្តេច​ក្រឡាហោម​សខេង ចំនួន​១៥​ផ្ទាំង ដើម្បីអោយ អ្នក​ហាត់ប្រាណ អ្នក​ដើរលេង​កំសាន្ត បាន​ប្រើប្រាស់​វ៉ា​យ​ហ្វាយ​ដោយ​ឥតគិតថ្លៃ ។​

​លោក សុង សឿន ប្រធានការិយាល័យ​សាធារណៈការ​និង​ដឹកជញ្ជូន អនាម័យ​បរិស្ថាន សណ្តាប់ធ្នាប់​សាធារណៈ នៃ​សាលាក្រុង​បាត់ដំបង អោយដឹងថា ក្រុមហ៊ុន​នេះ​ទើបតែ​លើកជើង​នឹងដាក់​សូ​ឡា ហើយ​នឹង​ដំណើរការ​អោយ​ប្រើប្រាស់​នា​ពេលខាងមុខ ។​

​លោក ថា​ការ​ដាក់​បង្គោល​វ៉ា​យ​ហ្វាយ​ទាំង​១៥​នេះ ទី​មួយ​អោយ​អោយ​ប្រើប្រាស់​វ៉ា​យ​ហ្វាយ​ព្រី​, ជួយ​បំភ្លឺ​និង​សោភ័ណ​សាធារណៈ ព្រមទាំង​អាច​បំពាក់​សារ​អប់រំ​ផង​ដែរ ។ លោក សុង សឿន បញ្ជាក់ថា ក្រុមហ៊ុន​ខាងលើ​បាន​សុំ​អនុញ្ញាតិ​ច្បាប់​ពី​ខេត្ត​ត្រឹមត្រូវ​និង​មាន​ការ​កុងត្រា​២​ឆ្នាំ ។​

​លោក សេង ចាន់បុន ប្រធាន​មន្ទីរ​ប្រី​យ​នី​យ​និង​ទូរគមនាគមន៍​ខេត្ត​បាត់ដំបង បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា​ចំការចេក​អោយដឹង​ថា​ការបំពាក់​ឧបករណ៍​ព្រីវ៉ាយ​ហ្វាយ​ខាងលើ​លោក​មិនដឹងច្បា​ស់​ដែរ តែ​ដឹង​ថា​ជា​ក្រុមហ៊ុន​សែ​ល​ខាត ។​

​ទោះបី​យ៉ាងណា​លោក​បញ្ជាក់ថា ក្រសួង​ប្រី​យ​នី​យ៍​និង​ទូរគមនាគមន៍ ក៏​មាន​គម្រោង​បំពាក់​ឧបករណ៍​ព្រីវ៉ាយ​ហ្វាយ​នេះ​ចំនួន​៥​ទីតាំង​ធំៗ​តាម​សួនច្បារ​នានា​ក្នុង​ក្រុង​បាត់ដំបង​ដែរ គឺ​មាន​ដាក់​នៅ​ទីតាំង សួន​នាគ​បាញ់​ទឹក ,​សួន​នាគ​សន្តិភាព ,​សួន​ផ្សារ​រាត្រី​ផ្សារណាត់ ,​សួន​ព្រែក​មហាទេព និង តាម​បណ្តោយ​សួន​សម្តេច​ក្រឡាហោម ។​
​លោក​បញ្ជាក់ថា​តាម​គម្រោង​ការបំពាក់​ឧបករណ៍​នេះ​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​នេះ តែ​បច្ចុប្បន្ន​កំពុងតែ​សិក្សារ​លើ​បញ្ហា​ភ្លើង​នៅឡើយ ថា​តើ​ដាក់​សូ​ឡា រឺ ភ្លើង​អគ្គីសនី ។​

​បើ​តាម​លោក កាន ប៊ុន​ថុល ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​និង​សហការ​អន្តរជាតិ នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​បានអោយដឹងថា គម្រោង​ដាក់​ឧបករណ៍​ព្រីវ៉ាយ​ហ្វាយ​របស់​មន្ទីរ​ប្រីយ​នី​យ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទីក្រុង​ឆ្លាត​ដែរ ដែល​ត្រូវ​រៀបចំ​អោយ​ដាក់​សាកល្បង​តាម​សួនច្បារ​សាធារណៈ​នានា នៅ​ខេត្ត​បាត់ដំបង​, សៀមរាប និង រាជធានី​ភ្នំពេញ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច​តេជោ​ហ៊ុន​សែន​នា​ពេលកន្លងមក ៕

​អត្ថបទ ៖ ភី សុខ​