ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​ការបាត់បង់​សត្វព្រៃ​

សត្វព្រៃ នៅតែ​បន្ត​បាត់បង់​ជា​រៀងរាល់ថ្ងៃ ដោយសារ​មាន​ជនខិលខូច​មួយចំនួន បាន​ល្មើសច្បាប់ ក្នុងការ​កាប់បំផ្លាញ​ព្រៃ និង​ការ​បរបាញ់​សត្វព្រៃ មិន​ថា​ក្នុង​តំបន់​អភិរក្ស​ឬ​មិនមាន​ការអភិរក្ស​នោះឡើយ​។ បើទោះបីជា​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​សហការគ្នា​ក្នុងការ​ការពារ​និង​អភិរក្ស​ក៏ដោយ ។​

ប្រជាពលរដ្ឋ​មាន​វ័យ 60​ឆ្នាំ​ម្នាក់ រស់នៅ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង លោក ពៅ បាន​ប្រាប់ថា​៖ សត្វព្រៃ​មានការ​បាត់បង់​ច្រើន ដោយសារតែ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មាន​ជីវភាព​ខ្វះខាត ហើយ​ត្រូវ​បង្ខំចិត្ត​បរបាញ់​សត្វព្រៃ​យក​ធ្វើជា​អាហារ​និង​លក់ដូរ​ជាដើម​។ បើទោះបី​ជាមាន​ចំណាត់ការ​ពី​អាជ្ញាធរ ហើយ​លោក​មានការ​សោកស្តាយ​ចំពោះ​ការបាត់បង់​នេះ​ដោយសារតែ​ក្មេងជំនាន់ក្រោយ​មិនបាន​ស្តា​ល់​នូវ​ប្រភេទ​សត្វព្រៃ​ដែល​ផុត​ពូជ​ទៅហើយ​។​

ដោយឡែក យុវជន ប៊ុន​ សុ​វណ្ណា​រ័ត្ន ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ឯនោះ​វិញ ប្រាប់​អោយដឹងថា​៖ ការអភិរក្ស​សត្វព្រៃ​ពី​សំណាក់​អាជ្ញាធរ មិនទាន់​ល្អប្រសើ​នោះទេ ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​សំលាប់​សត្វព្រៃ​យកទៅលក់​ជាដើម ហើយ​យុវជន​រូបនេះ​ព្រួយ​បារ​ម្ម​ពី​ការវិនាស​ផុត​ពូជ​សត្វព្រៃ​ទាំងអស់នោះ ។​

ជុំវិញ​និង​ការលើកឡើង​នេះ ក៏មាន​ក៏មាន​ការឆ្លើយតប​ពី​ លោក ឆាយ ណា​រ៉េត នាយ​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​សំឡូត ប្រាប់ថា​៖ សព្វថ្ងៃ​នៅក្នុង​ស្រុក​សំឡូត​មាន​តំបន់​អភិរក្ស​សត្វព្រៃ​នៅ​ភ្នំ​សំ​កុស ហើយ​លោក​ក៏បាន​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​ដើម្បី​គ្រប់​គ្រង់​និង​ថែរក្សា​ផងដែរ ។ លោក​បន្ថែមថា​សូមអោយ​មានការ​ចូលរួម​ទាំង​ប្រជាពលរដ្ឋ​និង​មន្ត្រី ទើប សត្វព្រៃ​មិន​បាត់បង់​។​

សត្វព្រៃមានដូចជា៖ ឆ្លូស ប្រើស ជ្រូកព្រៃ និង ​សត្វព្រៃ​ជាច្រើន ត្រូវបាន​គេ​មើលឃើញថា មានការ​បាត់បង់ ពីមួយ​ឆ្នាំៗ ។ ពលរដ្ឋ​អះអាងថា ប្រសិនបើ​មិនមាន​ការទប់ស្កាត់ អោយបាន​តឹងរឹង និង​ប្រសិទ្ធភាព អាច​នឹង​បាត់បង់​គ្មាន​សល់ ហើយ​កូនចៅ​ជំនាន់​ក្រោយ មិនបាន​ស្គាល់​នោះឡើយ​។​​

អត្ថបទ៖ កញ្ញា ឌិន មករា