យោធា​ភូមា ចុះ​កំទេច​ទីតាំង​ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​៣​កន្លែង នៅ​តំបន់ត្រីកោណមាស​

​ថ្នាំញៀន​ប្រមាណ​៤៣​លាន​គ្រាប់ ប្រភេទ ហេ​រ៉ូ​អ៊ី​ន យ៉ាម៉ា និង ម៉ា​ទឹកកក គិត​ជាត​ម្លៃ​ជាង ​៩៧​ លាន​ដុល្លារ​សហរដ្ឋ​អា​រិ​ក រឺ ស្មើ ៣០០០ លាន​បាត ត្រូវបាន​មន្ត្រី​យោធា ភូមា រឹបអូស​បាន​នៅ​តំបន់ត្រីកោណមាស ដែលជា​យុទ្ធនា​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់មាន​។​

​យោងតាម​សារព័ត៌មាន ​AFP បានអោយដឹងថា លទ្ធផល​ខាងលើនេះ​បន្ទាប់ពី​ក្រុម​យោធា បានធ្វើ​យុទ្ធនាការ បុក​ទំលាយ​ទីតាំង​ផលិត​គ្រឿងញៀន​ធំៗ​ចំនួន​ ៣​កន្លែង​ នៅ​ចំណុច​រ៉ា​ត​ឆាន « ត្រីកោណមាស » ដែល​ស្ថិតនៅ​ខាងកើត​នៃ​ប្រទេស​ភូមា ជាប់​ខាងជើង​ប្រទេស​ថៃ កាលពី​ ថ្ងៃទី​ ៧​មីនា កន្លងទៅ​។

​លោក ទុន ទុន យី មេដឹកនាំ​យោធា​ដែល​ដឹកនាំ​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​ប្រចាំ​ឆ្នាំនេះ បាន​លើកឡើងថា​ក្រុម​យោធា ចុះ​កាត់​ព្រៃភ្នំ​ដ៏​សែន​ជ្រៅ ដែល​ក្រុមប៉ូលិស មិនអាច​ទៅដល់​។ ហើយ​សម្រាប់​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា គឺមាន​អ្នកប្រើប្រាស់​ច្រើន​នៅក្នុង​តំបន់​អាស៊ី​ភាគ​ខាងកើត ឈៀង​ខាងត្បូង ដោយមាន​តម្លៃ គុណ​នឹង​៣ ខណៈដែល​គេ​នាំ​ឆ្លង​ព្រំដែន ចូល​ទៅដល់​ប្រទេស​ថៃ និង ប្រទេស​ម៉ាឡេស៊ី​។​

​ចំណែក​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ប្រសិនបើ​ក្រុម​ជន​ទុច្ចរិត នាំចូល​ទៅដល់​ប្រទេស​អូស្ត្រាលី គឺ​ក្នុង ១ គីឡូក្រាម អាចមាន​តម្លៃ​រហូតដល់ ១៥០ ០០០ ដុល្លារ​អាមេរិក ស្មើនឹង ​៤,៧​លាន​បាត​។​

​បច្ចុប្បន្ន​ថ្នាំញៀន​ទាំងនេះ ត្រូវបាន​គេ​ដឹក​យកទៅ​តម្រៀប​នៅលើ​ទីលាន​បាល់ទាត់​១​កន្លែង នៅក្នុង​ប្រទេស​ភូមា ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​។​

​អត្ថបទ ៖ ភី សុខ​