រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ៖ រាល់​អ្នកដំណើរ​ទាំងអស់​ត្រឡប់​មក​កម្ពុជា​តាម​ជើងយន្តហោះ ត្រូវ តែ​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ និង​ធ្វើតេស្ត កូវី​ដ​១៩

​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានអោយដឹងថា នៅ​យប់​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៥​ខែ​ឧសភា​នេះ មាន​ជើងហោះហើរ​ចំនួន​ពីរ​ជើង ពី​សាធារណរដ្ឋ​កូរ៉េ សរុប​មាន​អ្នកដំណើរ​១០០​នាក់ មាន​ជា​ជនជាតិខ្មែរ កូរ៉េ បារាំង អាមេរិក អ៉ីរ៉ាក់ ក្នុងនោះ មន្ដ្រី មិន​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​ទាំងអស់​នោះ​ត្រលប់​ទៅ​ផ្ទះ​នោះទេ គឺ​ត្រូវ​យក​រថយន្ដ​ដឹក​ពួកគាត់ ទៅ​ដាក់​មណ្ឌល​ត្រួតពិនិត្យ​សុខភាព ស្ថិតនៅក្នុង​ទីតាំង​ទ័ពអាកាស កងយោធពល​ខេមរភូមិន្ទ និង​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ដើម្បី​យក​សំណាក​ធ្វើតេស្ដរ​កកូ​វីដ​១៩ ទាំងយប់​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​ថ្លែងបន្ដ​ថា មិន​ថា​សម្រាប់​តែ​ជើងហោះហើរ​ពី​កូរ៉េ​នោះ​ទេ គឺ​រាល់​អ្នកដំណើរ​ទាំងអស់​ត្រលប់​មក​កម្ពុជា គឺ​ត្រូវតែ​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ និង​ធ្វើតេស្ត​កូវី​ដ​១៩ ដើម្បី​ចៀសផុត​ពី​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ចូលមក​កម្ពុជា​យើង​។ ទោះ​លទ្ធផល ចេញ​មក​អវិជ្ជមាន​ក៏ដោយ ក៏​តម្រូវ​ឱ្យ​អ្នកដំណើរ​នោះ បន្ដ​ទៅ​ធ្វើ​ចត្ដា​ឡីស័​កដោយខ្លួន​ឯង​នៅ​ផ្ទះ​ចំនួន​១៤​ថ្ងៃ​ទៀត​បន្ថែម​ផងដែរ​។​

​ការ​ថ្លែង​បែបនេះ ខណៈ​ដែល​ឯកឧត្តម​បាន ចុះ​ពិនិត្យ​ការងារ និង​សុខភាព​អ្នកដំណើរ​ត្រឡប់​មក​កម្ពុជា តាម​ជើងហោះហើរ​នៅ​យប់​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​២៥​ខែ​ឧសភា នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នេះ​បើ​តាម​ការ​ស្រង់​សម្តី​របស់​គេហទំព័រ​ល្បី​ក្នុងស្រុក ។​

​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ត្រូវបាន​ដកស្រង់​សម្តី​បន្ថែមថា «​ដោយ​កន្លងមក​យើង​សង្កេតឃើញ​ហើយ​ថា រាល់​អ្នកជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា សុទ្ធសឹង​ជា​ករណី​នាំចូល ដូច្នេះ​យើង​មិន​បន្ធូរដៃ​ឡើយ នៅតែ​បន្ដ​រឹង​បន្ដឹង​វិធានការ​ការងារ ដល់​មន្ដ្រី​របស់​យើង​គ្រប់​លំដាប់ថ្នាក់ បន្ដ​យកចិត្ដទុកដាក់​ខ្ពស់​ក្នុង​សកម្មភាព​បង្ការ​ជំងឺ​កូ​វីដ​១៩​នេះ​»​។​

​ក្នុងឱកាស​នោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​ការពារ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ទៅ​តាម​ការ​វិធានការ​ការពារ របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន ទោះ​ក្នុង​កាលៈ ទេសៈ ណាក៏ដោយ​៕

​អត្ថបទ ៖ ភី សុខ​
​រូបភាព Fresh News​