ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អនុញ្ញាតិ​អោយ​បើក​ក្លឹប​កំសាន្ត kTV នៅ​រាជធានី និង​តាម​បណ្តា​ខេត្ត ឡើងវិញ​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាតិ​អោយ​អាជីវកម្ម ក្លឹប​កំសាន្ត KTV នៅតាម​រាជធានី និង តាម​បណ្តា​ខេត្ត ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​និង​ផ្តល់​ការងារ​ឡើងវិញ ប៉ុន្តែ​ត្រូវគោរព​អោយបាន​ម៉ឺងម៉ាត់ នៅ​វិធានការ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​

​ប្រជាពលរដ្ឋ​មួយរូប​បានលើកឡើង ការបើក​ក្លឹប​កំសាន្ត និង​ខារ៉ាអូខេ ឡើងវិញ​ក៏​ជាការ​ល្អ​ដែរ ព្រោះ​ការបិទ​មួយរយៈ​កន្លងទៅនេះ​បណ្ដាលឱ្យ​ពួកគាត់​អត់​មាន​ការងារ​ធ្វើ ធ្វើឱ្យ​បាត់បង់​ប្រាក់ចំណូល​។​ “……..​បើក​KTV​ឡើងវិញ​ក៏​ជាការ​ល្អ ព្រោះ​អី​អ្នក​ដែល​ធ្វើការ​នៅក្នុង KTV ឬក៏​ក្លឹប​កំសាន្ត អត់​មាន​ការងារ​ធ្វើ អត់​មាន​ប្រាក់ចំណូល​នៅក្នុង​គ្រួសារ​ដែរ មួយរយៈ​ដែល​គេ​បិទ​ហ្នឹង​អត់​មានការ​ងារ​ធ្វើ​ទេ ហើយ​នៅពេលដែល​យើង​បើក​ក្លឹប​កំសាន្ត​ឬក៏ KTV ហ្នឹង​យើង​អាច​ផ្ដល់​ប្រាក់ចំណូល​មួយចំនួន​សំរាប់​ពួកគេ​ឡើងវិញ​……”

ប្រជាពលរដ្ឋ​មួយរូប​ទៀត​បាន​លើកឡើងថា ការបើក​ឡើងវិញ​ក៏​ល្អ​ម្យ៉ាងដែរ ការបិទ​ក្លឹប​កំសាន្ត និង​ខា​រា​អូ​ខេ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នកធ្វើការងា​រ​ក្នុង​ហាង​តែប៉ុណ្ណោះ​ទេ ថែមទាំង​ប៉ះពាល់​ដល់​សេដ្ឋ​កិ​ច​ម្ចាស់​ហាង​ផ្ទាល់​ផងដែរ រកលុយ​ដោះស្រាយ​ជីវ​ភាពមិន​ចង់បាន ហើយ​ក្នុងអំឡុង​រដូវ​កូ​វីដ​នេះ ទំនិញ​ក៏​ឡើងថ្លៃ​ទៀត តែ​ក៏​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​។​ “……… បើក​ទៅ​វា​ល្អ​ម្យ៉ាងដែរ ព្រោះ​គ្នា​ដែល​រកស៊ី​ខាង​ក្លឹប​កំសាន្ត រកលុយ​ដោះស្រាយ​ជីវភាព​មិន​ចង់​បានទេ ឥលូវ​នេះ​អ្វីៗ​ក៏​ថ្លៃ​ដែរ ព្រោះថា​កូ​វីដ​កុំ​ថា​របស់របរ​ហ្នឹង​ថោក​នោះ ឧទាហរណ៍​គ្រាន់តែ​ត្រី​ផ្ទក់​មួយ​ប្រាំ​ពាន់​បាត់ទៅហើយ ចុះ​នៅ​បន្លែ​បន្លុក​សព្វបែបសព្វយ៉ាង​ទៀត ដល់ពេល​ចឹ​ង​ទៅ​គ្នា​អត់​មានអី ពឹង​តែ​ទៅ​ស្រែ អត់​មាន​ស្រែ​ធ្វើ ចឹ​ង​ម្លោះ​ហើយ​អត់​មានអី​ហូប ម្លោះ​ហើយ​បើក​ក៏​ល្អ​ម្យ៉ាងដែរ ប៉ុន្តែ​គ្រាន់តែ​មានគុណ​វិបត្តិ​យើង​ប្រយ័ត្នប្រយែង​តែ​ប៉ុណ្ណឹង​ឯង សាកល​មើលទៅ តើ​មាន​ផល​លំបាក​យ៉ាងម៉េច​តទៅទៀត​………”

លោក​បានលើកឡើង​បន្ថែមថាៈ បើ​យើង​មិន​បើក​ទេ សេដ្ឋកិច្ច​កាន់តែ​ដុនដាប​ឡើងៗ​ហើយ ប៉ុន្តែ​ពេល​បើក​ឡើងវិញ​លោក​សូមអោយ​អជ្ញាធរ​ជួយ​តាមដាន​បន្ថែម​ផង កុំអោយ​មានការ​ធ្វេសប្រហែស​អោយសោះ​។​ “………​បើ​យើង​មិន​បើក​ទេ សេដ្ឋកិច្ចកាន់ តែ​ដុនដាប​ឡើងៗ​ហើយ អត់​មាន​ការងារ​ធ្វើ​ម្លោះ​ហើយ​យើង​សង្ឃឹម​អី អ្នកខ្លះ​ជាពិសេស​មកពី​ជនបទ ដែល​មក​បម្រើការ​នៅតាម​ក្លឹប​កំសាន្ត ក្លឹប​អី សូមឱ្យ​រដ្ឋាភិបាល អជ្ញាធរ​ជួយ​តាមដាន​មើល​ផង កុំអោយ​មានការ​ធ្វេសប្រហែស​ក្នុងពេលដែល​បើក​ក្លឹប​កំសាន្ត​ទាល់តែ​អជ្ញាធរ​ទៅតាម​ដាន​មើល​ផង​…………”

តប​តាម​ការលើកឡើង​របស់​ប្រជាពលរដ្ឋ លោក ហម អរុណ ប្រធានការិយាល័យ​គ្រប់គ្រង​ឧស្សាហកម្ម ទេសចរណ៍ នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា អាជីវកម្ម​ក្លឹប​កំសាន្ត ខារ៉ាអូខេ​នេះ មិនមែន​បិទ​រហូត​ទេ តែ​នៅក្នុង​រដូវ​កាល​កូ​វីដ​មិនទាន់​ធូរស្រាល​គឺ​ម្ចាស់​អាជីវកម្ម​ក្លឹប​កំសាន្ត ខារ៉ាអូខេ ត្រូវ​ប្រែក្លាយ​ឱ្យទៅជា​ភោជនីយដ្ឋាន​ដែលមាន​បរិ​កាស​ល្អ មាន​ខ្យល​ចេញចូល ធ្វើយ៉ាងណា​ឱ្យ​កម្រិត​នៃ​ការឆ្លង​ទាប​បំផុត ដើម្បី​ចូលរួម​ទប់ស្កាត់​កូ​វីដ​១៩​។

​ហើយ​លោក​បានលើកឡើង​បន្ថែមថា មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង កំពុង​រៀបចំ​កំណត់​ថ្ងៃ​ដើម្បី​បើក​សិក្ខាសាលា​ដើម្បីឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កំសាន្ត ខារ៉ាអូខេ​ទាំងអស់​នៅក្នុង​ខេត្ត បាន​ចូលរួម និង​ណែនាំ​ពន្យល់​ពួកគាត់​ពី​ការ​ប្រែ​ឱ្យ​ក្លាយទៅជា​ភោជនីយដ្ឋាន​ត្រូវ​ឈរលើ​គោល​ការ​អ្វីខ្លះ​? ហើយ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ក៏​កំពុង​រង់ចាំ​ការសម្រេច​និង​សេចក្ដីណែនាំ​បន្ថែម​ពី​ក្រសួងទេសចរណ៍ និង​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​ “………..​ចំពោះ​ការបើក​ក្លឹប​កំសាន្ត និង​ខារ៉ាអូខេ នេះ​គឺ​មិនមែន​មានន័យថា​យើង​បិទ​រហូត​ទេ ប៉ុន្តែ​ក្នុងដំណាក់កាល​ដែល​ជម្ងឺ​កូ​វីដ​មិនទាន់បាន​ធូរស្រាល គឺ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ​ក្លឹប​កំសាន្ត​ហ្នឹង​គាត់​ត្រូវ​រៀបចំ អោយមាន​លក្ខណៈ​ជា​ភោជនីយដ្ឋាន កែសម្រួល​ម៉េច​ឱ្យមាន​ខ្យល់​ចេញចូល ធ្វើ​ម៉េច ឱ្យ​កម្រិត​នៃ​ការឆ្លង​ហ្នឹង​វា​ទាប​បំផុត​ដើម្បី​ទប់ស្កាត់ ព្រោះ​បើ​ក្នុងករណី​វា​មានការ​ផ្ទុះ​ឡើងវិញ​រល​ក​ទី​ពីរ​នោះ​គឺជា​បញ្ហា​ធំ​ដែល​ធ្ងន់ធ្ងរ​មែនទែន ព្រោះ​បច្ចុប្បន្ននេះ​យើង​ត្រឹមតែ​ប៉ុណ្ណេះ​យើង​ជួប​ការលំបាក​ហើយ​ចុះ​ទម្រាំ​តែ​រលក​ទី​ពីរ​ផ្ទុះ​ទៀត​អាហ្នឹង​មិនដឹងថា​ឈានដល់​កម្រិតណា ហើយ​បន្ថែម​មួយទៀត ខាង​មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​សុខាភិបាល កំពុងតែ​ត្រៀម​កំណត់​ថ្ងៃ​ដើម្បី​យើង​បើក​ទៅជា​សិក្ខាសាលា​សម្រាប់​ផ្សព្វផ្សាយ​ជូន​ដល់​ម្ចាស់​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត​ទាំងអស់​នៅក្នុង​ខេត្ត​យើង អោយ​គាត់​បាន​ស្វែងយល់ បន្ថែមថា​តើ​ការរៀប​ឱ្យទៅជា​ភោជនីយ៍ដ្ឋាន​ត្រូវ​ឈរលើ​គោលការណ៍​អ្វីខ្លះ​? បន្ថែមទៀត​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏​រង់ចាំ​នូវ​ការសម្រេច ឬក៏​សេចក្ដីណែនាំ​បន្ថែម​ពី ក្រសួងទេសចរណ៍ ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ​។​………”

បច្ចុប្បន្ននេះ​យើង​សង្កេតឃើញថា​ក្នុង​ខេត្តបាត់ដំបង មាន​ម្ចាស់​អា​ជី​កម្ម​ក្លឹប​កំសាន្ត​ក៏ដូចជា​ខារ៉ាអូខេ​បាន​ត្រៀមលក្ខណៈ​បើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​វិញ​ជា​បណ្ដើរៗ​ហើយ​។​

​បន្ថែម​ពី​នោះ​រាជរដ្ឋាភិបាល​ក៏​អនុញ្ញាតិ​អោយ​បើក​កាស៊ីណូ ឡើងវិញ​ផងដែរ តែ​ម្ចាស់​កាស៊ីណូ​ត្រូវ​ចុះ​អនុសារណៈ​រឺ​កិច្ចព្រមព្រាង​ជាមួយ​ក្រសួងសុខាភិបាល​(​មន្ទីរ​សុខាភិបាល​)​លើ​វិធាន​ការការពារ​ជំងឺ​កូ​វីដ​១៩​ផងដែរ​៕

អត្ថបទ៖ កញ្ញា​ រិន ម៉ារីយ៉ាន