ពលរដ្ឋ រងគ្រោះ​២០០០​គ្រួសារ​បន្ថែម​ទៀត​នៅ​ខេត្ត​បាត់ដំបង​ទទួល​អំណោយ​សង្គ្រោះ ក្រោយ​រង​គ្រោះ​ទឹកជំនន់​

ប្រជាពលរដ្ឋ 2 ពាន់​គ្រួសារ ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​បាន​ទទួល​រងគ្រោះ ដោយ​ទឹកជំនន់​កន្លងមក បាន​ទទួល​អំណោយ របស់​សម្ដេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​លោកជំទាវ តាមរយៈ ក្រុម​អ្នក​ម្ដាយ​មនុស្សធម៌ ចូលរួម​រំលែក​ការខ្វះខាត និង​ផ្ដល់​ក្តីស្រលាញ់ ដោយ​មិន​រើសអើង ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ ញ៉ែម​សា​ខន​សខេង នៅ​អតីត​រោងចក្រ​ក្រចៅ កាលពី​ថ្ងៃ​ទី 3 ខែវិច្ឆិកា​។​

ស្រុក​ឯក​ភ្នំ ក៏​ដូចជា​ស្រុក​មួយចំនួន ក្នុង​ខេត្ត​បាត់ដំបង ដែល​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ មាន​ចំនួន 5 ឃុំ​ដីគោក ធ្វើឲ្យ​ប៉ះពាល់​និង​ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ព្រមទាំង​ខូចខាត​ដំណាំ​កសិកម្ម ជាង 1500 ហិកតា និង​ដំណាំ​ផ្សេងៗ​ជាច្រើន​ហិកតា​ទៀត នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជាង 5200​គ្រួសារ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ 62 គ្រួសារ បាន​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​។ ក្រោម​ការយកចិត្តទុកដាក់ ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​របស់​ខេត្ត រួម​ជាមួយ​ក្រុម​ការងា​រ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន ស្រុក​ឯក​ភ្នំ បាន​ជួយ​ដោះស្រាយ​ដោយ ឧបត្ថម្ភ គ្រឿង​បរិភោគ ជា​បន្តបន្ទាប់​ផង​ដែរ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លោក​អភិបាលស្រុក​ឯក​ភ្នំ​។​

ឯកឧត្តម​ស​សុខា រដ្ឋលេខាធិការ​ក្រសួង អប់រំ​យុវជន​និង​កីឡា និង​ជា​តំណាង សម្ដេច​ក្រឡាហោម​សខេង បាន​ចូលរួម​ការសោកស្ដាយ ចំពោះ​ការខូចខាត​បាត់បង់ ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​កោតសរសើរ​ដល់ ការខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្ត ស្រុក រួមជាមួយ ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​ឯក​ភ្នំ បាន​ជួយ​ជម្លៀស និង​ដោះស្រាយ គ្រឿងឧបភោគ​បរិភោគ ជូន​ប្រជាពលរដ្ឋ​យើង ជា​បន្តបន្ទាប់​។​

ឯកឧត្តម​ក៏បាន សំណូមពរ ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ត្រូវ​រក្សា​អនាម័យ ឱ្យបាន​ជា​ប្រចាំ នឹង​ខិតខំ​បង្កបង្កើន​ផល​យើង​ជា​បន្ត​ទៀត ដើម្បី​លើកកម្ពស់​ជីវភាព រស់នៅ​របស់ ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ ហើយ​ពិសេស​ជាង​នេះ​ទៀត​នោះ ត្រូវ​គោរព​តាម ការណែនាំ​របស់​ក្រសួង​សុខាភិបាល ឱ្យបាន​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូវិត 19 ឲ្យបាន​គ្រប់​គ្នា​។​

សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ ទាំង​ពីរ​ពាន់​គ្រួសារ ក្រុង​មួយ​គ្រួសារ​មួយ​គ្រួសារ​ទទួលបាន អង្ករ 20 គីឡូក្រាម មី​មួយ​កេស ទឹកស៊ីអ៊ីវ​ទឹកត្រី និង​សម្ភារៈ​មួយចំនួនទៀត​៕
​អត្ថបទ ម៉ូត​វ៉ោយ​ហូរ​