ជាង១០ថ្ងៃនៃយុទ្ធនាការចុះប្រមូលទិញផ្លែមៀនពីកសិករក្នុងខេត្តបាត់ដំបងសម្រេចបានជិត២ពាន់តោន

Phy Sok, [31.08.21 12:29]

បាត់ដំបង៖ ក្នុងរយៈពេលជាង១០ថ្ងៃកន្លងមកនេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តបាត់ដំបងចុះប្រមូលទិញផ្លែមៀនពីកសិករក្រីក្រ និងម្ចាស់ចំការផ្ទាល់ បានជិត២ពាន់តោន។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការប្រមូលទិញផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូប នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដឹកដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នៅទីលានបាល់ទាត់វាលបែកចានក្រុងបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា យុទ្ធនាការក្នុងការប្រមូលទិញផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូប ១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារប្រមូលទិញផ្លែមៀនពីប្រជាកសិករ បានចំនួន សរុប ១ ៧៧៨តោន ដោយការប្រមូលទិញនៅទីស្នាក់ការទីលានបាល់ទាត់វាលបែកចាន បានចំនួន ៧៧៨តោន និងក្រុមការងារចុះទៅទិញដោយផ្ទាល់ដល់ចំការរបស់ប្រជាកសិករបានចំនួន ១ ០០០តោន ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្ថែមថា ការប្រមូលទិញផ្លែមៀនពីប្រជាកសិករ គឺធ្វើឡើងដោយមិនមានការរើសអើងអ្វីឡើយ ទោះច្រើន ឬក៏តិច គឺក្រុមការងារប្រមូលទិញទាំងអស់ ហើយផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូបទាំងនេះ គឺទិញយកទៅចែកជូនដល់ មន្ត្រីរាជការ កងកម្លាំង ក្រុមគ្រូពេទ្យ អ្នកជំងឺ អ្នកកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័ក ។

ឯកឧត្តម ងួន រតនៈ បានថ្លែងឲ្យដឹងបន្តថាក្រោយពីក្រុមការងារចុះប្រមូលទិញ បច្ចុប្បន្ននេះនៅតាមចំការរបស់ប្រជាកសិករ គឺសឹងតែគ្មានសល់់ផ្លែមៀនទុំស្អុយ ជ្រុះចោលទៀតទេ ធ្វើឲ្យកសិករមានការសប្បាយចិត្តយ៉ាងខ្លាំងដែលក្រុមការងារបានចុះជួយទិញទាន់ពេលវេលា។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ប្រាប់អភិបាលខេត្តបាត់ដំបងថា ដោយសារពេលនេះស្ថានភាពផ្លែមៀននៅតាមចំការរបស់ប្រជាកសិករមានភាពធូរស្បើយហើយ ដូច្នេះឯកឧត្តម នឹងដកកម្លាំងត្រឡប់ទៅវិញសិន ប្រសិនបងប្អូនប្រជាកសិករមានផ្លែមៀនលក់បន្តទៀត ហើយអាជ្ញាធរខេត្តខ្វះកម្លាំងក្នុងការចុះប្រមូលទិញ និងដឹកជញ្ជូន ឯកឧត្តមរីករាយនឹងបញ្ជូនកងកម្លាំង ព្រមទាំងរថយន្តយោធាឲ្យមកជួយគ្រប់ពេលវេលា។

សូមរំលឹកថា ដើម្បីសម្រាលទុក្ខលំបាក និងការខាតបង់ធ្ងន់ធ្ងររបស់ប្រជាកសិករ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់តាំង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឲ្យចុះប្រមូលទិញផ្លែមៀន ឬតាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

ជាពិសេស សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងប្រមូលទិញផ្លែមៀនពីប្រជាកសិករក្រីក្រដែលដាំមៀនដោយផ្ទាល់ហើយមិនអាចរកទីផ្សារលក់បានតែប៉ុណ្ណោះ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង៕