ជនជាតិថៃ៥នាក់បម្រុងលបឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់ ស្វែថរកការងារធ្វើត្រូវឃាត់ខ្លួន

Phy Sok, [19.09.21 12:54]

ជនជាតិថៃចំនួន ៥ នាក់ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ ៣ សហការជាមួយកម្លាំងអធិការស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច បានណងយ៉ាកែវ ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ។

ក្រោយពេលឃាត់ខ្លួន ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺពួកគេមានបំណងចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ។

 

ជនជាតិថៃទាំង៥នាក់ ដែលក្នុងនោះមានប្រុស៣ ស្រី២ បានបន្តថា ពួកគេជិះឡានក្រុងមកពីខេត្តភិចិត្រ ២ នាក់ មកពីខេត្តឈៀងម៉ៃ ១ នាក់ និងមកពីខេត្តស្រះកែវ ២ នាក់ ។

ប្រភពបញ្ជាក់ថាពួកគេបានណាត់មកជួបគ្នានៅស្រុកអារញ្ញប្រាថេត ហើយក៏មានរថយន្ត តូយូតា វីហ្គូ ព៌ណខ្មៅមកដឹកទៅទំលាក់នៅចំណុច ផ្លូវលូករុាំង ទើបមានមេខ្យល់ខ្មែរម្នាក់មកទទួល ដោយនាំដើរកាត់ស្រែចំការដើម្បីឆ្ពោះទៅខ្សែបន្ទាត់ព្រំដែន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាបើ ៕ ភី សុខ