បញ្ចុះ​បឋមសិលា​សាងសង់​ច្រាំង​ស្ទឹង​សង្កែ​

ឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ ចូលរួម​ជា​គណ​អ​ធីបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា សាងសង់​ជ្រាំង​ស្ទឹង​សង្កែ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ឆ្នាំ​២០១៨ នៅ​ម្តុំ​ចំណត​អូរ​ប័រ ខេត្ត​បាត់ដំបង​។​

​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់ឲ្យ​ឃើញ ពី​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​ក្នុងការ​​ជម្រុញ ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត ឲ្យ​កាន់តែ​មាន​ភាព​វិវឌ្ឍន៍ រីកចំរើន​មួយ​កម្រិត​ថែម​។​ ជាងនេះទៀត​បញ្ជាក់​ឲ្យឃើញ​ពី​សមិទ្ធិផល​ថ្មី ដែល​បាន​និង​ កំពុង​រីកចំរើន​ជា​បន្តបន្ទាប់​។​

​ច្រាំង​ស្ទឹង​សង្កែ ដែល​បញ្ចុះបឋមសិលា សាងសង់​នាពេលនេះ​គឺ មាន​ប្រវែង​ជាង ១៨០​ម ចាប់​ពី​គល់​ស្ពាន​ថ្ម​ថ្មី ឆ្ពោះ​ទៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត គឺ​ពេទ្យ​ធំ​, ព្រោះ​ចំណុច​នេះ​ជា​ចំនុច​ច្រាំង​តែងតែ​បាក់​ជា​រៀងរាល់ឆ្នាំ ពេល​រដូវ​ទឹកធំ​ឡើង​មកដល់​។

 

នេះ​មិន​ត្រឹមតែ​ជា​ការទប់ស្កាត់​ការបាក់​ច្រាំង​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការកែលម្អ សោភ័ណភាព​ទីក្រុង​បាត់ដំបង ឲ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង មួយ​កំរិត​ថែមទៀត​ស្រប​តាម​កេរ្តិ៍ឈ្មោះ ល្បី​រន្ទឺ​ថា​ជា​ទីក្រុង​ស្អាត​ទូទាំង​ប្រទេស ហើយក៏​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ អន្តរជាតិ​ឲ្យមក​កំសាន្ត​ទឹកដី​ខេត្ត​បាត់ដំប​ង ឲ្យ​កាន់តែ​មាន​កំណើន​មួយ​កម្រិត​ថែមទៀត ព្រោះ​នៅ​ទីនេះ ជា​ចំណត​អូរ​ប័រ និង កា​រណូត ដឹក​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ទៅ​កំសាន្ត​នៅ​បន្ទាយ​សត្វ​ស្លាប ស្ថិត​នៅ​កោះ​ជី​វាំង ក្នុងស្រុក​ឯក​ភ្នំ​ផងដែរ​។​

​អត្ថបទ ៖ ម៉ូត វ៉ោយ​ហូរ​