គួរអោយអាសូរ! យាយអាយុ៨២ឆ្នាំដែលឆ្លងជំងឺកូវីដ១៩ជាមួយនិងតារបស់គាត់ បានទទួល មរណៈភាពហើយក្រោយពីទទួលអំណោយ១០០០ដុល្លារពីតារាកប្លែងពាក់មី

Phy Sok, [22.07.21 11:51]

មន្រ្តីសុខាភិបាលបានអោយដឹងថាលោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាភរិយារបស់លោកតា សាំងម៉ោញ អាយុ៨៧ឆ្នាំដែលឆ្លងជំងឺកូវីដ១៩ទាំងពីរនាក់ បានទទួលអនិច្ចកម្មចោលតាហើយ នាម៉ោង ៤និង១៥នាទី ទៀបភ្លឺ ថ្ងៃទី២២ខែកក្កដា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ការស្លាប់របស់លោកយាយខាងលើនេះដោយគាត់មិនអាចទ្រាំទ្រនិងជំងឺកូវីដ១៩បាន ដោយសារចាស់ជរា និង សុខភាពទ្រុឌទ្រោមផង ។

លោក វេជ្ជបណ្ឌិតវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអោយដឹងថាយាយ ជឹម ជន បានស្លាប់ក្រោយមួយថ្ងៃ បន្ទាប់ពី លោកប្រធានមន្ទីរផ្ទាល់បានយកថវិការចំនួន១០០០ដុល្លារ ដែល ជាជំនួយ សប្បុរសជនតាមរយៈតារាកប្លែងពាក់មី និង ថវិការផ្ទាល់របស់លោកពាក់មីផ្ទាល់ផងដែរ មកជូនលោកយាយនិងតា ពីរនាក់ប្តីប្រពន្ធនេះដល់មន្ទីរពេទ្យនាល្ងាចថ្ងៃទី ២១ខែកក្កដា ។

មន្ទីរសុខាភិបាលខេត្តបានអោយដឹងថា លោកតា លោកយាយ ទាំងពីរនាក់ខាងលើ បានចេញរោគសញ្ញានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានយកវត្ថុវិភាគនៅមន្ទីរពេទ្យបង្អែកឯកភ្នំ នាថ្ងៃទី១២ ខែឆ្នាំដដែល លទ្ធផលគឺវិជ្ជមានកូវីដ១៩ទាំងពីរនាក់តាយាយ ។ដោយសារស្ថានភាពសុខភាពរបស់ពួកគាត់ធ្ងន់ធ្ងរ មន្ទីរពេទ្យបង្អែកឯកភ្នំក៏បានបញ្ជូនពួកគាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

លោកយាយនិងតាខាងលើត្រូវបានដាក់អោយសម្រាកព្យាបាលនៅកន្លែងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយដាក់លោកយាយនឹងតានៅទន្ទឹមគ្នា ហើយរូបថតរបស់គាត់ត្រូវបានបង្ហោះលើ បណ្តាញសង្គម ដោយលោកតា បានកាន់ដៃលោកយាយជាប់ ខណៈដែលលោកយាយកំពុង មានបំពង់ អុកស៊ីសែនជំនួយ ។ រូបថតគួរអោយស្រណោះមួយសន្លឹកនេះបានឆក់យកការអាណិតអាសូរ ពីប្រជាពលរដ្ឋនៅលើបណ្តាញសង្គម នឹង មានតារាកប្លែងពាក់មី ផងដែរ បានយករូបនោះទៅផុសបន្ត និង សុំអោយសប្បុរជនជួយឧបត្ថម្ភលោកតាតាមសន្ធាជ្រះថ្លា ។

តារាកប្លែងនាយ ពាក់មី បានសរសេរលើ គណនីហ្វេសប៊ុករបស់ខ្លួនថា មានបងប្អូនខ្មែរជិត100នាក់ បានផ្ញើរ ថវិកាតាមខ្ញុំចំនួន759$ បូករួមនឹងថវិកាខ្ញុំផ្ទាល់បន្ថែមគ្រប់ 1000$ សម្រាប់ជូនទៅលោកតា សាំងម៉ោញ នឹងលោកយាយ ទឹមជន តាមរយះលោក ឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលលោកតាលោកយាយទាំង2មានវិជ្ជមានកូវីដ-១៩ ហើយកំពុងតែសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ការស្លាប់របស់លោកយាយទឹមជន អាយុ៨២ឆ្នាំ ចោលលោកតាជាស្វាមី ដែលមានវ័យ៨៧ឆ្នាំ អោយនៅកណ្តោចកណ្តែងតែម្នាក់ឯង នេះ ធ្វើអោយបងប្អូនតាមបណ្តាញសង្គមសម្តែងការអាណិតអាសូរ ជាពន់ពេក និង ចូលរួមរំលែកទុក្ខជាមួយលោកតានឹងក្រុមគ្រួសារ ផង និងជូនពរ អោយលោកយាយ បានទៅកាន់សុគតិភពព្រមទាំង បួងសួងអោយលោកតា បន្តប្រឹងប្រែង តស៊ូ ប្រយុទ្ធជាមូយនឹងជំងឺកូវីដ១៩ អោយបានឆាប់ជាសះស្បើយ វិលត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្ននេះ សពលោកយាយ ទឹម ជន ត្រូវបានយកទៅបូជា នៅទីកន្លែងបូជាសព អ្នកស្លាប់ដោយជំងឺ កូវីដ១៩ នៅស្រុករតនមណ្ឌលខេត្តបាត់ដំបង ។

គិតមកត្រឹមព្រឹកថ្ងៃទី ២២ខែកក្កដានេះ នៅខេត្តបាត់ដំបង អ្នកកើតជំងឺកូវីដ១៩ បានស្លាប់បាត់បង់ជីវិត កើនឡើងចំនួន២៤នាក់ហើយ បូករួមទាំងលោកយាយ ទឹមជន ។ គេកត់សម្គាល់ថាក្នុងចំណោម អ្នកស្លាប់ទាំង២៤នាក់នេះ ភាគច្រើនជាអ្នកជំងឺកូវីដ១៩ជាស្រ្តីដែលមានវ័យចំណាស់ ៕ អត្ថបទ លោកភី សុខ