វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ស្ដីពី​កម្មវិធី អភិវឌ្ឍន៍​មូលដ្ឋាន និង​ការផ្ដល់​សេវា​រដ្ឋបាល​

​អង្ក​វេទិកា បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ ពី​ការគិតគូរ​ខិតខំ ប្រឹងប្រែង​របស់ រដ្ឋបាល​ក្រុង ការិយាល័យ​ជំនាញ​វិស័យ ថ្នាក់​សង្កាត់ ក្នុង​ក្រុង​បាត់ដំបង ក្នុង​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​គោលការណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ ជាតិ​សម្រាប់​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ហៅថា គជ អ​ប ក្នុងការ​ធ្វើ​កំណែទម្រង់ ស៊ីជម្រៅ និង​យូរអង្វែង ផ្នែក​រដ្ឋបាល ការអនុវត្ត​គោលនយោបាយ របស់​ថ្នាក់​ជាតិ ដោយ​ប្រើប្រាស់​នូវ​យន្តការ ក្រុមប្រឹក្សា​ខេត្ត​ក្រុង​សង្កាត់ ដែល​កើតឡើង​ពី​ការបោះឆ្នោត ដោយ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ជា​តំណាង​ផ្ទាល់ របស់​ប្រជាពលរដ្ឋ​។ នេះ​ជា​ប្រសាសន៍​លោក​ឌឿ​ន​ហឿន អភិបាលរងក្រុង​បាត់ដំបង ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុង​បាត់ដំបង ជាមួយ​ប្រជាពលរដ្ឋ ស្ដីពី​កម្មវិធី អភិវឌ្ឍន៍​មូលដ្ឋាន និង​ការផ្ដល់​សេវា​រដ្ឋបាល កាលពី​ថ្ងៃ​ទី 8 ខែ​កញ្ញា នៅ​សាលាក្រុង​បាត់ដំបង​។ លោក​បាន​បន្តទៀតថា ជា​គោលបំណង គឺ​ធានា រាល់​បញ្ហា​អាទិភាព របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច ត្រូវបាន​ដោះស្រាយ នឹង​ឆ្លើយតប បង្កលក្ខណៈ ដល់​គ្រប់​បណ្ដា​ផ្នែក ដែល​ពាក់ព័ន្ធ​ក្នុង ​មូលដ្ឋាន ត្រូវ​បាន​រាប់បញ្ចូល ក្នុង​ដំណើរការ អភិវឌ្ឍ​តាមបែប ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ​។​

​អង្ក​វេទី​ការ ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុង​បាត់ដំបង បាន​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន និង​បាន​ផ្ដល់ឱកាស ដល់​បងប្អូន​ប្រជាពលរដ្ឋ បាន​បញ្ចេញមតិ ដោយ​លើកឡើង​ជា​សំណួរ សេចក្តីត្រូវការ អ្វី​ជា​កង្វល់ បាន​បញ្ចេញមតិ ដើម្បី​ស្ថាបនា ថ្នាក់​មូលដ្ឋាន​ក្រុង សង្កាត់​ប្រកបដោយ ខ្លឹមសារ​ល្អប្រសើរ ។ ជា​លទ្ធផល ទទួលបាន​មាន សំណួរ​ដោយ​ផ្ទាល់មាត់​មាន​ចំនួន 7 សំណួរ តាមរយៈ​ក្រដាស​សំនួរ មាន 9 សំណួរ និង​សំណូមពរ​ផ្សេងៗ មាន​ចំនួន 16 សំណួរ សំណួរ​ទាំងអស់នោះ​រួមមាន ដូចជា​បញ្ហា ផ្លូវ​ប្រឡាយទឹក បង្គោល​ភ្លើង និង​បញ្ហា​ប្រជាពលរដ្ឋ ចាក់ដី​លុប​ប្រឡាយ​ជាដើម​។​

​ក្នុងនាម​ក្រុមប្រឹក្សា រដ្ឋបាល​ក្រុង ក៏ដូចជា​វាគ្មិន បាន​ឆ្លើយបំភ្លឺ និង​បាន​ធ្វើ​ការបកស្រាយ ជូន​ម្ចាស់​សំណួរ​បាន​មួយ​ចំនួន​។ ដោយឡែក​សំណួរ​ដែល​នៅ​សេសសល់ មួយចំនួនទៀត ដែល​ជា​តម្រូវការ ឲ្យ​ក្រុមការងារ ធ្វើការ​ពិនិត្យ ស្វែង​យល់​រក​ដំណោះស្រាយ សមស្រប​ទៅតាម​គោលការណ៍ ដឹកនាំ​របស់ រដ្ឋបាល​ក្រុង​បាត់ដំបង បំភ្លឺ​ឆ្លើយ តប​តាម​រយៈ ក្រុមប្រឹក្សា​ក្រុង ឬ​តាម​យន្តការ នៃ​ក្រុមការងារ ជំនាញ​វិស័យ ផ្ដល់ព័ត៌មាន តាម​ដំណាក់កាល ពេលវេលា​សមស្រប​៕

​អត្ថបទ ម៉ុត​វ៉ោយ​ហូរ​។​