រដ្ឋមន្ត្រីក្រសួងកសិកម្ម វិស័យកសិកម្ម ជួបបញ្ហាប្រឈមជាច្រើន ទោះបីមានសន្ទុះ កើតឡើងក្តី

ទោះបីមានសន្ទុះកើនឡើងក្តី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលថា វិស័យកសិកម្ម បានជួបបញ្ហាប្រឈម ជាច្រើននៅពេល ដែលទទួលផលហើយ មានការប្រកួតប្រជែង ទីផ្សារទៀត។

ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការផ្គត់ផ្គង់ទឹក កសិកម្មពុំទាន់គ្រប់គ្រាន់ តាមតម្រូវការ របស់កសិករ ពិសេសនៅពេល កសិករជួបប្រទះ គ្រោះរាំងស្ងួត នៅពេលដែល វិស័យនេះ បានជួបបញ្ហាច្រើន។ នេះបើយោងតាម គេហទំព័រ facebook របស់ក្រសួងកសិកម្ម។

កិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្តីព្រាងចុងក្រោយ គោលនយោបាយ អភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ ២០២១ ២០៣០ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ឯកឧត្តម វេងសាខុន បានឲ្យដឹងថា រាជរដ្ឋាភិបាល មានចក្ខុវិស័យ វែងឆ្ងាយក្នុងការ ធ្វើទំនើបកម្ម វិស័យកសិកម្ម ដូចជា ការអនុវត្ត ការដាំដុះ ក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធ ស្រោចស្រព សន្សំសំចៃទឹក ការព្រោះស្រូវ ដោយឧបករណ៍ទំនើប ដោយការប្រើ កម្លាំងពលកម្មតិច បំផុត និងការប្រើរ ដ្រូន បាចជីកសិកម្មជាដើម។ ឯកឧត្តមបានបន្តទៀតថា ទោះបីជាមានឆន្ទៈ នៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្ម នៅជួបបញ្ហាប្រឈម ជាច្រើនដូចជា៖ ផលិតភាពកសិកម្ម នៅមានកម្រិតទាប កួបផ្សំនិងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវិត ១៩ ក៏មានការព្រួយបារម្ភ អំពីស្ថានភាព សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ នៅក្នុងប្រទេស ក៏ដូចជាការ ប្រកួតប្រជែងទីផ្សារ នៃផលិតផលកសិកម្ម ផងដែរ។« ម្យ៉ាងទៀត ការផ្ទេរ បច្ចេកទេសកសិកម្ម ទំនើបដល់កសិករ នៅមិនទាន់បានគ្រប់គ្រាន់ ស្របតាមសេចក្តីត្រូវការ ជាក់ស្ដែងក្នុង បរិបទ នៃការប្រែប្រួល បច្ចេកវិទ្យាទំនើប។ ការផ្គត់ផ្គង់ទឹក កសិកម្ម នៅមិនទាន់គ្រប់គ្រាន់ តាមតម្រូវការប្រើប្រាស់ របស់កសិករនៅលើ ពិសេសនៅពេលដែល កសិករជួបប្រទះ គ្រោះរាំងស្ងួត។ ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រកសិកម្ម ដទៃទៀត ដូចជា៖ ផ្លូវកសិដ្ឋាន ដើម្បីសម្រួលដល់ការដឹកជញ្ជូន ផលិតផល របស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបាន គ្រប់គ្រាន់សម្រាប់ ការធ្វើកសិ- ពាណិជ្ជកម្ម អោយមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យ ការនាំចេញ ផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃ អគ្គីសនីផងដែរ។ លើសពីនេះទៀត ឯកឧត្តម បានលើកឡើងដែរថា កត្តាប្រែប្រួល អាកាសធាតុ គ្រោះរាំងស្ងួត បានវាយលុកមកលើ ផល្លិតកម្ម ដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ ដីព្រៃឈើ ព្រៃលិចទឹក នៅតំបន់មួយចំនួន នៅតែកើតមាន ដែលត្រូវតែចាត់វិធានការ ដោះស្រាយ ឲ្យបានខ្លាំងក្លាថែមទៀត។

សូមរំលឹកថា ឆ្នាំ២០២១ តម្លៃផលិតផល កសិកម្មសរុប មានទំហំ ១៨ ពាន់លានដុល្លា កើនប្រមាណជាង ៤៣% ធៀបទៅនឹងតម្លៃ ផលិតផលកសិកម្ម សរុបក្នុងឆ្នាំ ២០២០។ ដោយឡែកតម្លៃ នៃការនាំចេញ ផលិតផលកសិកម្ម សរុបសម្រាប់ ឆ្នាំ ២០២១ មានទំហំ ជាង ៥ ពាន់លានដុល្លារ គឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ ២០២០៕ ប្រភព AKP