សត្វ​ខ្ទីង​មួយ​ក្បាល​ទៀត ត្រូវពាន​ព្រៃ​សម្លាប់​

(​ពោធិ៍សាត់​)៖ សត្វ​ខ្ទីង​ដែល​ជា​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា​មួយ​ក្បាល​ទៀតហើយ ត្រូវបាន​ព្រានព្រៃ​ចិត្ត​អប្រិយ​ដាក់​អន្ទាក់ និង​សម្លាប់​។ គំន​រសាច់ និង​សពសត្វ​ខ្ទីង​ដែល​ព្រានព្រៃ​ប្រមូល​យក​ទៅ​មិនទាន់​អស់​នោះ ត្រូវបាន​មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ប្រទះឃើញ​នៅ​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ​២០២០​នេះ ពេល​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ខេត្ត​ពោធិ៍សាត់​។​

​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ និង​ថ្កោលទោស​ចំពោះ​ក្រុម​ជនល្មើស​ដែល​តែង​តែង​លួច​ប្រព្រឹត្ត​បទល្មើស​ដាក់​អន្ទាក់​សត្វ និង​បរបាញ់​សត្វ​កម្រ បើ​ទោះបីជា​ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការការពារ​អភិរក្ស បង្កើន​ការផ្សព្វផ្សាយ អប់រំ កុំឱ្យ​បរបាញ់​សត្វព្រៃ​យ៉ាងណាក៏ដោយ​។​

​លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ដឹង ឬ​ស្គាល់​ពី​អត្ត​សញ្ញា​នៃ​ជនល្មើស​ជួយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​

​លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ក្រុម​ជនល្មើស​បាន​រត់គេចខ្លួន​បាត់​នៅ​ពេល​ដែល​ដឹងថា ក្រុមមន្ត្រី​ឧទ្យានុ​រក្ស​ដើរល្បាត​នៅក្នុង​តំបន់​នោះ ដោយ​បន្សល់ទុក​នូវ​សាច់សត្វ​ខ្ទីង​ដែល​បាន​ពន្លះ​ជា​ដុំៗ​បម្រុង​នឹង​ដឹក​ចេញ​។​

​តាម​ការបញ្ជាក់​របស់​លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន សត្វ​ខ្ទីង​ដែល​ត្រូវបាន​សម្លាប់ នេះ​មាន​ជើង​ជាប់អន្ទាក់ ហើយ​ស្នែង​របស់​វា​ត្រូវបាន​គេ​កាត់​យក​ទៅ​បាត់​បន្សល់ទុក​ក្បាល និង​សាច់​ជាច្រើន​គីឡូក្រាម​។​

«​នេះ​គឺជា​សត្វ​ខ្ទីង​ទី​២ ហើយ​ដែល​ត្រូវបាន​ដឹង​ថា បាន​ស្លាប់​នៅក្នុង​រយៈពេល ២​ខែ​ចុងក្រោយ​នេះ​។ ខ្ទីង​ពេញវ័យ​មួយ​ក្បាល​អាយុ​ប្រហែល ៥​ឆ្នាំ ត្រូវបាន​ដឹង​ថា ត្រូវបាន​ព្រាន​បាញ់សម្លាប់ ដោយ​បន្សល់​ទុក​តែ​ក្បាល​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរ​កា​នៅក្នុង​ខេត្តព្រះវិហារ​កាលពី​ខែ​ឧសភា​កន្លង​ទៅ​»​។ នេះ​គឺជា​ការ​ឱ្យដឹង​របស់​លោក នេត្រ ភ​ក្ត្រា​។​

​លោក នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា អន្ទាក់​និង​កាំភ្លើង​កែច្នៃ គឺ​ជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​នៅ​កម្ពុជា ជា​រៀងរាល់​ដែល​ចាំបាច់​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​កុំឱ្យ​មាន​ការ​យក​ចូលក្នុង​តំបន់ការពារធម្មជាតិ​។ លោក​ថ្លែងថា អន្ទាក់​ជាង​មួយ​ម៉ឺន​ត្រូវបាន​ដោះ​ចេញ​ពី​តំបន់ការពារធម្មជាតិ និង​កាំភ្លើង​រួម​នឹង​កាំភ្លើង​កែច្នៃ​ជាង ៣០០​ដើម​ត្រូវ​បាន​រឹបអូស​នៅក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ ២០២០​នេះ​។​

​យោង​តាម​ជីវសាស្ត្រ សត្វ​ខ្ទីង​អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប​រហូតដល់​រយៈ​កម្ពស់​ខ្ពស់​រហូតដល់​កម្ពស់​ជាង ២០០០​ម៉ែត្រ ហើយ​សត្វ​ខ្ទីង​រស់នៅក្នុង​តំបន់​មួយចំនួន​ដូចជា​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្ត​កោះកុង ពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ក្នុង​ខេត្ត​កំពង់ស្ពឺ​ជាដើម​។​

​សត្វ​ប្រភេទ​នេះ​ចូលចិត្ត​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ និង​វាលស្មៅ ហើយ​សត្វ​ខ្ទីង​តែងតែ​ចេញ​រកស៊ី​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច​។ សត្វ​ខ្ទីង​ចូលចិត្ត​រស់នៅ​ជា​ហ្វូង ហើយ​អាហារ​របស់​វា គឺ​ល្បះ​ខ្ចី ទំពាំង ស្មៅ និង​វល្លិ៍​ជាដើម​។ សត្វ​ខ្ទីង​ញី​អាច​បង្កើត​កូន​បាន​១ បន្ទាប់​ពី​ពពោះ​រយៈពេល ៩​ខែ​។​

​លោក នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា សត្វ​ខ្ទីង​ជា​ប្រភេទ​សត្វ​កម្រ ដែល​ងាយ​ទទួលរង​ការគំរាមកំហែង​យ៉ាងខ្លាំង ហើយ​ចំនួន​សត្វ​ខ្ទីង​ត្រូវបាន​គេ​ដឹងថា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វព្រៃ​ងាយ​រងគ្រោះថ្នាក់​ជា​សកល​នៅ​ឆ្នាំ​១៩៨៦ ហើយ​នៅ​ឆ្នាំ​២០១៦​។​

​សត្វ​ខ្ទីង​នៅលើ​ពិភពលោក​មាន​ចំនួន​ប្រមាណ ២១,០០០ ក្បាល​ដែល​រស់នៅ​ក្នុង​ប្រទេស ឥណ្ឌា​និង​តំបន់​អាស៊ីអាគ្នេយ៍​។ សត្វ​ខ្ទីង​ញី​អាចមាន​ទម្ងន់​រហូត​ដល់​ជិត​១​តោន ខណៈ​ខ្ទីង​ឈ្មោល​អាច​មាន​ទម្ងន់​ដល់​១​តោន​កន្លះ​។ ចំនួន​សត្វ​ខ្ទីង​មាន​ការថយចុះ​គួរឱ្យកត់សម្គាល់​ដោយសារតែ​ការបាត់បង់​ទីជម្រក ជាពិសេស​គឺ​ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង​និង​ការជួញដូរ​ផ្សេងទៀត​។ សត្វ​ខ្ទីង​ស្ថិតនៅ​ក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស​។​

​ដើម្បី​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ​ជាពិសេស​សត្វព្រៃ​កម្រៗ​នៅលើ​ពិភពលោក​ដែល​មាន​វត្ត មាន​នៅ​កម្ពុជា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការបរិភោគ សាច់​សត្វព្រៃ និង​កុំ​ជឿ​ថា​បរិភោគ​សាច់​សត្វព្រៃ​ផ្តល់​នូវ​សុខភាព​ល្អ​។ ជាមួយគ្នានេះ សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ជនល្មើស​សម្លាប់សត្វ​ដោយ​មិន​លើកលែង​ឡើយ​។​

​លោក នេត្រ ភ​ក្ត្រា ក៏​បាន​ស្នើសុំ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ និង​សូម​និយាយថា ទេ​ចំពោះ​ការជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ ព្រមទាំង​ចូលរួម​រាយការណ៍​ប្រាប់​សមត្ថកិច្ច ប្រសិនបើ​ឃើញ​មានការ​បរបាញ់​សត្វ ការ​ដាក់​អន្ទាក់​ចាប់​សត្វ និង​ចូលរួម​បណ្តុះ​ស្មារតី​ក្មេងៗ​ជំនាន់​ក្រោយ​ស្រឡាញ់​ធនធានធម្មជាតិ និង​សត្វព្រៃ​ដើម្បី​ផលប្រយោជន៍ សម្រាប់​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ បង្កើន​ចំណូល​ប្រជា​សហគមន៍​មូលដ្ឋាន កាត់បន្ថយ​និង​លុបបំបាត់​របរ ចូល​ព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វ ឬ​ដាក់​អន្ទាក់​ចាប់​សត្វ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ប្រកប​របរ​ដែល​ប្រឈម​នឹង​មុខ​ច្បាប់​នេះ​៕

​ប្រភព Fresh News​